សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ចុះចែកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋងាយរងគ្រោះ ១៦០គ្រួសារ នៅស្រុកព្រៃនប់
30-09-2026 14:58
(ព្រះសីហនុ)៖ សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ដឹកនាំដោយលោក ម៉ាង ស៊ីណេត អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាខេត្ត នៅរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅចែកជូនប្រជាពលរដ្ឋទីទាល់ក្រ និងងាយរងគ្រោះ ចំនួនសរុប១៦០គ្រួសារ មកពីឃុំព្រៃនប់ និងឃុំទួលទទឹង ស្ថិតក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ សកម្មភាពនេះធ្វើឡើងក្នុងគោលបំណងជួយសម្រាលទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសនារដូវវស្សាដែលមានភ្លៀងធ្លាក់ញឹកញាប់។
ក្នុងឱកាសនោះ លោក ម៉ាង ស៊ីណេត បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក និងការសោកស្តាយយ៉ាងជ្រាលជ្រៅពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានរងផលប៉ះពាល់ដោយសារគ្រោះធម្មជាតិ។
លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យយកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អ ជាពិសេសមនុស្សចាស់ជរា និងកុមារតូចៗ ព្រមទាំងប្រកាន់ខ្ជាប់នូវអនាម័យក្នុងការរស់នៅ និងបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះថ្នាក់នានាដែលបណ្តាលមកពីភ្លៀងជោគជាំ។
លោកប្រធានសាខាក៏បានផ្តល់កម្លាំងចិត្តដល់បងប្អូនប្រជាពលរដ្ឋឱ្យខិតខំប្រឹងប្រែងស្តារជីវភាពឡើងវិញ តាមរយៈការបង្កបង្កើនផល និងប្រកបមុខរបរផ្សេងៗ។ លោកបានបញ្ជាក់ថា សកម្មភាពមនុស្សធម៌នេះគឺជាកាយវិការ និងការយកចិត្តទុកដាក់ខ្ពស់ពីអាជ្ញាធរដែនដី សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ និងបងប្អូនសប្បុរសជនជាច្រើនរូប ដែលតែងតែជួយឧបត្ថម្ភជាថវិកា និងគ្រឿងឧបភោគបរិភោគ ដើម្បីជួយសម្រាលទុក្ខលំបាក។
អំណោយមនុស្សធម៌ដែលបានផ្តល់ជូនដល់គ្រួសាររងគ្រោះទាំង១៦០គ្រួសារ ក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ ២៥គីឡូក្រាម មី ១កេស ទឹកត្រី ១យួរ ត្រីខ ១យួរ ទឹកបរិសុទ្ធ ១យួរ កន្ទេល១ ឃីត១កញ្ចប់ (មុង១ ភួយ១ សារុង១ កន្សែង១) នំសណ្តែកដី ១កញ្ចប់ និងថវិកា ៥ម៉ឺនរៀល៕
































