សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ រៀបចំយុទ្ធនាការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក
30-09-2026 14:50
(កំពង់ធំ)៖ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ សហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានរៀបចំយុទ្ធនាការអប់រំផ្សព្វផ្សាយស្តីពីការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងបរិយាប័ន្ននៅកម្ពុជា។ យុទ្ធនាការនេះបានប្រព្រឹត្តទៅនៅផ្លូវជាតិលេខ៦ ច្រកចូលផ្សារស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីសាខា អនុសាខា មន្ត្រីសាធារណការ និងដឹកជញ្ជូនខេត្ត រួមទាំងកងកម្លាំងនគរបាលចរាចរណ៍ស្រុកស្ទោង សរុបចំនួន ៤១នាក់។
លោកស្រី លំ គន្ធារី អនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានបញ្ជាក់ថា យុទ្ធនាការនេះមានគោលបំណងដាស់ស្មារតីដល់បងប្អូនប្រជាពលរដ្ឋឱ្យចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន និងអ្នកដទៃ។ ក្នុងសកម្មភាពនេះ ក៏មានការរៀបចំសំណួរ-ចម្លើយ និងផ្តល់រង្វាន់ជាមួកសុវត្ថិភាពដល់អ្នកចូលរួមចំនួន ២៨៣នាក់ផងដែរ។
លោកស្រីបានបន្តថា កាកបាទក្រហមកម្ពុជាតែងតែធ្វើយុទ្ធនាការលើកកម្ពស់សុវត្ថិភាពចរាចរណ៍នេះជារៀងរាល់ឆ្នាំ ក្នុងនាមជាសមាជិកថ្នាក់ជាតិនៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងដើម្បីឆ្លើយតបទៅនឹងផែនការជាតិទសវត្សរ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ២០២១-២០៣០ ព្រមទាំងការអំពាវនាវរបស់រាជរដ្ឋាភិបាលកម្ពុជា។
លោកស្រីក៏បានអំពាវនាវដល់ស្ថាប័នពាក់ព័ន្ធ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមសហការកាត់បន្ថយអត្រាស្លាប់ របួសធ្ងន់ និងពិការដោយសារគ្រោះថ្នាក់ចរាចរណ៍ ដែលជាបញ្ហាប្រឈមចម្បង និងជាឃាតករលាក់មុខសម្លាប់ប្រជាពលរដ្ឋខ្មែររាប់ពាន់នាក់ក្នុងមួយឆ្នាំៗ។
លោកស្រីបានស្នើឱ្យប្រជាពលរដ្ឋគោរពច្បាប់ចរាចរណ៍ កុំប្រើប្រាស់គ្រឿងស្រវឹងនៅពេលបើកបរ និងបើកបរដោយយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក ដើម្បីរួមចំណែកកសាងសង្គមមួយដែលមានសុវត្ថិភាព។ ក្នុងយុទ្ធនាការនេះ ក្រុមការងារក៏បានចែកជូនឯកសារពាក់ព័ន្ធនឹងសុវត្ថិភាពចរាចរណ៍ផ្លូវគោកជាច្រើនផងដែរ៕




















