ជំនន់ទឹកភ្លៀងបណ្តាលឲ្យកំណាត់ផ្លូវមួយចំនួននៅខេត្តព្រះវិហាររងការខូចខាត, ក្រុមការងារបច្ចេកទេសមន្ទីរសាធារណការខេត្ត បន្តបេសកកម្មជួសជុល និងថែទាំផ្លូវភ្លាមៗ ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ
30-09-2026 14:46
(ព្រះវិហារ)៖ បន្ទាប់ពីស្ថានភាពអាកាសធាតុមានភាពអំណោយផល និងជំនន់ទឹកភ្លៀងបានស្រកផុត ថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេស នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បន្តបេសកកម្មជួសជុល និងថែទាំហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅតាមបណ្តាខ្សែផ្លូវសំខាន់ៗ ដើម្បីស្តារគុណភាពផ្លូវ និងសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនរបស់ប្រជាពលរដ្ឋ។
លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានថ្លែងឱ្យដឹងនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ ដោយបង្ហាញពីសកម្មភាពការងារ និងលទ្ធផល ដែលថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេស នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ចុះអនុវត្តការងារតាមទិសដៅសំខាន់ៗ បន្ទាប់ពីភ្លៀងចាប់ផ្តើមរាំង ដោយផ្តោតលើការស្ថាបនាលូ ពង្រីកផ្លូវ សម្អាតសងខាងផ្លូវ ជួសជុលកម្រាលកៅស៊ូ និងថែទាំផ្លូវដីល្បាយថ្ម នៅតាមតំបន់ដែលត្រូវការជួសជុល និងកែលម្អ។
លោកបញ្ជាក់ថា ជាក់ស្តែង នៅលើផ្លូវខេត្តលេខ២៦២៦ ក្រុមការងារបានអនុវត្តការស្ថាបនាលូអ៊ុយសងខាងផ្លូវ សរុបប្រវែង ១.២៨៤ម៉ែត្រ និងពង្រីកទទឹងផ្លូវប្រវែង ៦៤២ម៉ែត្រ ចាប់ពី PK35+850 ដល់ PK36+492 ស្ថិតក្នុងស្រុកជាំក្សាន្ត។
ចំណែក ផ្លូវជាតិលេខ៩ ក្រុមការងារបានបន្តកាប់ឆ្ការ និងសម្អាតរុក្ខជាតិសងខាងផ្លូវ ចាប់ពី PK595+000 ដល់ PK598+690 ស្ថិតក្នុងក្រុងព្រះវិហារ ក្នុងគោលបំណងបង្កើនកម្រិតមើលឃើញរបស់អ្នកបើកបរ និងចូលរួមពង្រឹងសុវត្ថិភាពចរាចរណ៍។
នៅលើ ផ្លូវជាតិលេខ៦២ ក្រុមការងារបានបន្តស្រោចកៅស៊ូ ជួសជុលសំបុកមាន់ និងភ្ជិតស្នាមប្រេះ ចាប់ពី PK177+400 ដល់ PK196+000 ស្ថិតក្នុងស្រុកជាំក្សាន្ត ដើម្បីទប់ស្កាត់ការខូចខាតកម្រាលផ្លូវកុំឱ្យរីករាលដាល និងធ្ងន់ធ្ងរបន្ថែមទៀត។
ដោយឡែក នៅលើ ផ្លូវជាតិលេខ៩៤ ក្រុមការងារចំនួន២ក្រុម បានបន្តកៀសសម្រួល និងបន្ថែមដីល្បាយថ្ម ចន្លោះ PK15+000 ដល់ PK26+000 ស្ថិតក្នុងស្រុកឆែប ខណៈនៅលើ ផ្លូវខេត្តលេខ២PVH4 ក្រុមការងារបានបន្តកៀសសម្រួល និងបន្ថែមដីល្បាយថ្ម ចាប់ពី PK00+000 ដល់ PK32+000 ស្ថិតក្នុងស្រុកជាំក្សាន្ត។
លោក សំ លាងទ្រី បានថ្លែងឱ្យដឹងថា៖ដោយអនុវត្តន៍តាមការណែនាំពីលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ មន្ទីរតែងយកចិត្តទុកដាក់ជួសជុល ថែទាំផ្លូវដែលគ្រប់គ្រងដោយមន្ទីរ ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋបានធ្វើដំណើរ និងដឹកជញ្ជូនមានភាពងាយស្រួល។
ដោយឡែកពាក់ព័ន្ធនិងសកម្មភាពខាងលើ នេះគឺជាការបន្តបេសកកម្មរបស់ថ្នាក់ដឹកនាំ មន្ត្រីជំនាញ និងក្រុមការងារបច្ចេកទេស ក្នុងការថែទាំ និងស្តារហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ បន្ទាប់ពីរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង។ ការងារទាំងនេះមានគោលដៅធានាឱ្យផ្លូវថ្នល់អាចប្រើប្រាស់បានល្អប្រសើរ និងសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូន ក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។
លោកបានបន្តថា ការចុះជួសជុល និងថែទាំផ្លូវជាបន្តបន្ទាប់ ក៏ជាផ្នែកមួយនៃការថែរក្សាគុណភាពហេដ្ឋារចនាសម្ព័ន្ធ និងការកែលម្អស្ថានភាពផ្លូវនៅតាមតំបន់ដែលមានការខូចខាត ដើម្បីឱ្យប្រជាពលរដ្ឋអាចធ្វើដំណើរ និងដឹកជញ្ជូនកសិផលបានកាន់តែងាយស្រួល និងមានសុវត្ថិភាព។
ជាមួយគ្នានេះ លោក សំ លាងទ្រី ក៏បានជូនពរប្រជាពលរដ្ឋទាំងអស់ឱ្យទទួលបានការធ្វើដំណើរប្រកបដោយសុវត្ថិភាព សុខសុភមង្គល ពិសេសក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ និងបានអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ ឱ្យចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក បើកបរដោយប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់លើសុវត្ថិភាពផ្ទាល់ខ្លួន គ្រួសារ និងអ្នកដទៃ៕





























