FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តបន្ទាយមានជ័យ បន្តនាំយកស្បៀងសង្គ្រោះបន្ទាន់ជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់

30-09-2026 14:42

(បន្ទាយមានជ័យ)៖ នៅល្ងាចថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញនាំយកស្បៀងសង្គ្រោះបន្ទាន់ ផ្តល់ជូនបងប្អូនប្រជាពលរដ្ឋនៅតាមទីទួលសុវត្ថិភាព ដែលត្រូវបានជម្លៀស ចេញពីលំនៅឋាន ដោយសារតែទឹកជំនន់នៅក្នុងសង្កាត់ទឹកថ្លា ភូមិសាស្ត្រក្រុងសិរីសោភ័ណ។

ក្នុងឱកាសនោះ លោកអភិបាលខេត្ត អមដំណើរដោយលោក ហ៊ឹល រ៉ាយ៉ា អភិបាលរងខេត្ត លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ និងលោក អ៊ុង ស៊ីផាន ប្រធានពន្ធនាគារខេត្ត និងជាប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ទឹកថ្លា។

ជាមួយគ្នានោះ លោក អ៊ុំ រាត្រី ក៏បានបន្តធ្វើការណែនាំដល់បងប្អូនប្រជាពលរដ្ឋក្នុងដំណាក់កាលនៃការរងគ្រោះដោយសារតែទឹកជំនន់នេះ សូមចូលរួមថែរក្សាសុខភាពបានល្អតាមរយៈការធ្វើអនាម័យជាប់ជាប្រចាំ តាមរយៈហូបស្អាត ផឹកស្អាត និងរស់នៅស្អាត។

មួយវិញទៀត លោកបានណែនាំបន្ថែមឱ្យបងប្អូនពលរដ្ឋបង្កើនការប្រយ័ត្នប្រយែងឱ្យបានខ្ពស់ចំពោះកូនចៅតូចៗ មិនត្រូវបណ្ដែតបណ្ដោយឱ្យមានការលេងទឹកឡើយ ក្រែងកើតមានករណីលង់ទឹកជាយថាហេតុណាមួយកើតឡើង។ លោកអភិបាលខេត្តបានបញ្ជាក់ថា ទឹកជំនន់ដែលបានជន់លិចផ្ទះសម្បែងបងប្អូន គឺដោយសារតែទឹកបានស្រុងមកពីប៉ែកខាងលើនៃក្រុងប៉ោយប៉ែត ទើបបណ្ដាលឱ្យទឹកស្ទឹងសិរីសោភ័ណ គួបផ្សំជាមួយទឹកភ្លៀងធ្លាក់ប៉ុន្មានថ្ងៃជាប់ៗគ្នាផង ទើបទឹកមានការកើនឡើងប៉ះពាល់ដល់ផ្ទះសម្បែងបងប្អូនពលរដ្ឋតាមដងស្ទឹង ក៏ដូចជាតំបន់ទំនាបមួយចំនួន។

ជាចុងក្រោយ លោកក៏បានណែនាំដល់អាជ្ញាធរត្រូវមានការដាក់កម្លាំងយាមកាមការពារសុខសុវត្ថិភាពរបស់បងប្អូនប្រជាពលរដ្ឋឱ្យបានល្អ ពិសេសក្រុមគ្រូពេទ្យត្រូវប្រចាំការ ២៤ម៉ោងលើ ២៤ម៉ោង ដើម្បីពិនិត្យព្យាបាលជំងឺ ដល់បងប្អូនប្រជាពលរដ្ឋ។ ការយកចិត្តទុកដាក់នេះបង្ហាញពីការប្ដេជ្ញាចិត្តរបស់អាជ្ញាធរខេត្ត ក្នុងការជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះធម្មជាតិ៕