ស្រុកសង្កែទទួលផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់, អភិបាលខេត្តបាត់ដំបង អញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយផ្ដល់ជូនប្រជាពលរដ្ឋរងគ្រោះ
30-09-2026 14:44
(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ រួមទាំងសម្ភារប្រើប្រាស់ចាំបាច់មួយចំនួន ផ្ដល់ជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ដែលត្រូវបានជម្លៀសមកកាន់ទីទួលសុវត្ថិភាព ក្នុងមូលដ្ឋានឃុំវត្តតាមិម និងឃុំអូរដំបង១ ស្រុកសង្កែ។
ក្នុងឱកាសនោះ លោក សុខ លូ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ក្ដីនឹករលឹក និងការសោកស្ដាយយ៉ាងជ្រាលជ្រៅពីសំណាក់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានរងផលប៉ះពាល់ ដោយសារគ្រោះធម្មជាតិជំនន់ទឹកភ្លៀង។
លោកក៏បានណែនាំប្រជាពលរដ្ឋឱ្យយកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អ ជាពិសេសមើលថែទាំមនុស្សចាស់ជរា និងកុមារតូចៗ ព្រមទាំងប្រកាន់ខ្ជាប់នូវអនាម័យក្នុងការរស់នៅ ដោយហូបស្អាត ផឹកទឹកឆ្អិន ឬទឹកស្អាត និងបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះសត្វអសិរពិស និងគ្រោះថ្នាក់នៃការលង់ទឹកដោយយថាហេតុ។
ជាមួយគ្នានេះ លោកអភិបាលខេត្ត ក៏បានផ្ដល់កម្លាំងចិត្តដល់បងប្អូនប្រជាពលរដ្ឋឱ្យខិតខំប្រឹងប្រែងស្ដារជីវភាពគ្រួសារឡើងវិញ តាមរយៈការបង្កបង្កើនផល និងប្រកបមុខរបរផ្សេងៗ បន្ទាប់ពីទឹកស្រកទៅវិញ។
ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ដែលត្រូវបានជម្លៀសមកកាន់ទីទួលសុវត្ថិភាព បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំខេត្ត ដែលបានផ្ដល់ជាសម្ភារប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគ សម្រាប់ដោះស្រាយការលំបាករហូតទម្រាំទឹកស្រកបានវិលត្រឡប់ទៅកាន់លំនៅឋានវិញ៕
















