FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្ពុជាប្រកាសបើកសប្តាហ៍គាំពារសង្គម ឆ្នាំ២០២៦ និងដាក់ឱ្យអនុវត្តជាផ្លូវការផែនការប្រតិបត្តិ ស្តីពីក្របខណ្ឌកិច្ចគាំពារសង្គម ឆ្លើយតបនឹងគ្រោះអាសន្នឆ្នាំ២០២៦-២០៣០

30-09-2026 14:30

(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម​ បានអញ្ជើញជាអធិបតីភាពប្រកាសបើក «សប្តាហ៍គាំពារសង្គម ឆ្នាំ២០២៦» និងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ «ផែនការប្រតិបត្តិសម្រាប់អនុវត្តគោលការណ៍ណែនាំ ស្តីពីក្របខណ្ឌកិច្ចគាំពារសង្គម ឆ្លើយតបនឹងគ្រោះអាសន្ន ឆ្នាំ២០២៦-២០៣០»។

ពិធីនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ នៅសណ្ឋាគារ រ៉េស៊ីដង់សុខាភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីសំណាក់សមាជិក សមាជិកា នៃរាជរដ្ឋាភិបាលកម្ពុជា, លោក Derek Yip, ឯកអគ្គរដ្ឋទូតអូស្ដ្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា, លោកស្រី Vladanka Andreeva, អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ ប្រចាំកម្ពុជា ថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន, តំណាងអង្គទូត និងតំណាងដៃគូអភិវឌ្ឍន៍ជាច្រើនរូប។

«សប្តាហ៍គាំពារសង្គមកម្ពុជា ឆ្នាំ២០២៦» បានធ្វើឡើងក្រោមមូលបទ «គាំពារសង្គមក្នុងអំឡុងពហុវិបត្តិ ក្នុងបរិបទកម្ពុជា និងតំបន់៖ នវានុវត្តន៍, កិច្ចសហប្រតិបត្តិការ, ភាពធន់ និងចីរភាព»។

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានរម្លឹកថា ក្រុមប្រឹក្សាជាតិគាំពារសង្គម បានរៀបចំ «សប្តាហ៍គាំពារសង្គមកម្ពុជា» លើកទី១ កាលពីឆ្នាំ២០២២ ពោលគឺ ចំពេលដែលពិភពលោក ក៏ដូចជាកម្ពុជា នៅជួបប្រឈមនឹងវិបត្តិនៃជំងឺកូវីដ១៩ ជាសកលនៅឡើយ។ បន្ទាប់ពីនោះមកសភាពការណ៍ក្នុងតំបន់ និងលើសកលលោក មានការប្រែប្រួលយ៉ាងរហ័សជាបន្តបន្ទាប់។ បច្ចុប្បន្ន កម្ពុជា នៅតែបន្តជួបប្រឈមនឹងអន្តរកាលនៃពហុវិបត្តិ ក្នុងន័យថា៖ ខណៈដែលការប្រែប្រួលរបបពាណិជ្ជកម្មសកល ពោលគឺសង្គ្រាមពន្ធគយជាសកលកំពុងតែនៅបន្តមួយវិញទៀត យុទ្ធនាការបោសសម្អាត និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធ អនឡាញក្នុងប្រទេស ក៏នៅតែបន្តប្រព្រឹត្តទៅយ៉ាងសកម្ម តែមិនទាន់ដល់ទីបញ្ចប់នៅឡើយ​ហើយបន្ថែមលើនេះបញ្ហាព្រំដែនកម្ពុជា-ថៃ ក៏នៅមិនទាន់មានភាពច្បាស់លាស់ នៅឡើយដែរទោះវិបត្តិនៅតំបន់មជ្ឈិមបូព៌ា ក៏បានផ្ទុះឡើងទៀត។

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច បានបន្តថា សភាពការណ៍ចុងក្រោយនេះ បានដាក់សម្ពាធបន្ថែម និងបាននាំមកនូវភាពមិនប្រាកដប្រជាកាន់តែខ្ពស់ និងពិបាកប៉ាន់ស្មាន ព្រមទាំងបានបង្កនូវកម្មវិបាកជាអវិជ្ជមានផ្ទួនថែមទៀត មកលើទស្សនវិស័យ ម៉ាក្រូសេដ្ឋកិច្ច និងក្របខណ្ឌហិរញ្ញវត្ថុសាធារណៈរបស់កម្ពុជា​ទាំងក្នុងរយៈពេលខ្លី និងមធ្យមខាងមុខ ដោយសារការកើនថ្លៃប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈ។​ ទោះជាយ៉ាងនេះក្តីក៏ក្រុមប្រឹក្សាជាតិគាំពារសង្គម នៅតែបន្តរៀបចំ «សប្តាហ៍គាំពារសង្គមកម្ពុជា» ជារៀងរាល់ឆ្នាំស្របតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពិធីបើក «សប្តាហ៍គាំពារសង្គមកម្ពុជា ឆ្នាំ២០២៥» និងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ «ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០២៤-២០៣៥» កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ កន្លងទៅ ជាពិសេសពាក់ព័ន្ធនឹងលទ្ធភាពនៃការពង្រីកការចូលរួមរហូតដល់កម្រិតតំបន់។

ក្នុងស្មារតីនេះហើយ ទើបក្រុមប្រឹក្សាជាតិគាំពារសង្គម បានរៀបចំ «សប្តាហ៍គាំពារសង្គមកម្ពុជា ឆ្នាំ២០២៦» ក្នុងទម្រង់មួយដែលមានលក្ខណៈចម្រុះជាងមុន ដោយមានការចូលរួមពីសំណាក់តំណាងក្រសួង-ស្ថាប័ន​​​​ នៃបណ្ដាប្រទេសមួយចំនួនក្នុងតំបន់ ដើម្បីចូលរួមចែករំលែកនូវបទពិសោធ មេរៀន និងឧត្តមានុវត្តន៍ ពាក់ព័ន្ធនឹងការអនុវត្តកម្មវិធីជាតិជំនួយសង្គម និងរបបសន្តិសុខសង្គមក្នុងគ្រាពហុវិបត្តិ។

បើយោងតាមរបាយការណ៍សង្ខេបរបស់លោកស្រី ប៉ែន សុបភា​​​ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការប្រតិបត្តិនៃក្រុមប្រឹក្សាជាតិគាំពារសង្គម បានឱ្យដឹងថា ក្រុមប្រឹក្សាជាតិគាំពារសង្គម ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល សម្រេចបានសមិទ្ធផលជាច្រើន តាមរយៈការអនុវត្ត និងអភិវឌ្ឍប្រព័ន្ធគាំពារសង្គម ដើម្បីផ្តល់កិច្ចគាំពារដល់ពលរដ្ឋដោយបានពង្រីកវិសាលភាពនៃកម្មវិធីជាតិជំនួយសង្គម និងរបបសន្តិសុខសង្គម ដែលមានស្រាប់ និងការដាក់ចេញនូវកម្មវិធីជាតិជំនួយសង្គម និងរបបសន្តិសុខសង្គមថ្មីៗ ជាបន្តបន្ទាប់ក្នុងទិដ្ឋភាពសំខាន់ៗចំនួន២ គឺទិដ្ឋភាពជំនួយសង្គម និងទិដ្ឋភាពសន្តិសុខសង្គម។

លោកស្រី ប៉ែន សុបភា​​ បានបន្តថា​ សម្រាប់ទិដ្ឋភាពជំនួយសង្គម គិតត្រឹមដំណាច់ខែសីហា ឆ្នាំ២០២៦ កម្មវិធីជាតិជំនួយសង្គមចំនួន១០ ដែលមានវិសាលភាពគ្របដណ្តប់ពលរដ្ឋប្រមាណ ៤,៨លាននាក់ (ឬស្មើនឹងប្រមាណ ២៨% នៃពលរដ្ឋសរុប) ដោយក្នុងឆ្នាំ២០២៦នេះ រាជរដ្ឋាភិបាលបានវិភាជថវិការដ្ឋប្រមាណ ១ ១៣០,១ប៊ីលានរៀល ឬស្មើនឹង ២៨២លានដុល្លារអាម៉េរិក។

លោកស្រី ប៉ែន សុបភា​ បានបន្ថែមថា ក្រុមប្រឹក្សាជាតិគាំពារសង្គម បានពង្រីកវិសាលភាពនៃកម្មវិធីជាតិជំនួយសង្គមដែលមានស្រាប់ រួមទាំងមូលនិធិសមធម៌សុខាភិបាល ដល់ក្រុមគោលដៅនានា ក៏ដូចជាបានដាក់ឱ្យអនុវត្តកម្មវិធី និងអន្តរាគមន៍ថ្មីៗដើម្បីបន្តជួយគាំទ្រជីវភាពពលរដ្ឋគោលដៅ និងផ្តល់ឱកាសឱ្យពួកគេអាចស្ថិតលើគន្លងចាកចេញពីភាពក្រីក្រ ដោយឈរលើស្មារតី «មិនបោះបង់ពលរដ្ឋណាម្នាក់»។

ដោយឡែកសម្រាប់ទិដ្ឋភាពសន្តិសុខសង្គម គិតត្រឹមដំណាច់ខែសីហា ឆ្នាំ២០២៦ របបសន្តិសុខសង្គមបានគ្របដណ្តប់ពលរដ្ឋប្រមាណ ៣,៧លាននាក់ (ស្មើនឹងប្រមាណ ២២% នៃពលរដ្ឋសរុប) ដោយក្នុងឆ្នាំ២០២៦ រាជរដ្ឋាភិបាលបានវិភាជថវិការដ្ឋចំនួនប្រមាណ ១ ៩០០ប៊ីលានរៀល (ស្មើនឹងប្រមាណ ៤៨៧លានដុល្លារអាម៉េរិក) បន្ថែមលើថវិកាភាគទានដែលប្រមូលបានពីសមាជិក ប.ស.ស. ដើម្បីអនុវត្តរបបសន្តិសុខសង្គមចំនួន ៣ធំៗរួមមាន៖ ១)​​ រ​បបសន្តិសុខសង្គមផ្នែកថែទាំសុខភាពសម្រាប់កម្មករនិយោជិត, មន្ត្រីសាធារណៈ, អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន, បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស., ២)​ របបសន្តិសុខសង្គមផ្នែកហានិភ័យការងារសម្រាប់កម្មករនិយោជិត និងមន្ត្រីសាធារណៈ, ៣) របបសន្តិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់កម្មករនិយោជិត, អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន។

លោកស្រី ប៉ែន សុបភា​ បានបញ្ជាក់ថា វិសាលភាពនៃប្រព័ន្ធគាំពារសង្គមកម្ពុជា ឆ្នាំ២០២៦ បានកើនឡើង ២,៥ដង បើធៀបនឹង ឆ្នាំ២០១៧ ពោលគឺអ្នកទទួលផលពីប្រព័ន្ធគាំពារសង្គមបានកើនឡើងពីចំនួនត្រឹមតែ ៣,៣លាននាក់ កាលពីឆ្នាំ២០១៧ ដល់ចំនួនប្រមាណ ៨,៥លាននាក់ គិតត្រឹមដំណាច់ខែសីហា ឆ្នាំ២០២៦នេះ៕