FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កងពលតូចដឹកជញ្ជូនលេខ៩៩ ចុះហ្វឹកហ្វឺនបើកបរអូប័រនៅខេត្តតាកែវ ត្រៀមអន្តរាគមន៍ជួយប្រជាពលរដ្ឋពេលមានគ្រោះមហន្តរាយ

30-09-2026 14:11

(តាកែវ)៖ នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ បានដឹកនាំផ្ទាល់កម្លាំងយោធិនចំនួន ១២៥នាក់ ចុះហ្វឹកហ្វឺនបើកបរអូប័រជាក់ស្តែង នៅទំនប់ខ្ពបត្របែក ស្ថិតនៅភូមិស្ទឹង ឃុំអូរសារ៉ាយ ស្រុកត្រាំកក់ ខេត្តតាកែវ។

ការហ្វឹកហ្វឺននេះធ្វើឡើងក្នុងស្មារតីពង្រឹងសមត្ថភាព និងត្រៀមលក្ខណៈជាក់ស្តែងរបស់កម្លាំង ដើម្បីឆ្លើយតបនឹងបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងអគ្គនាយកដ្ឋានភស្តុភារ-ហិរញ្ញវត្ថុ ក្រសួងការពារជាតិ ក្នុងការត្រៀមកម្លាំង និងមធ្យោបាយសម្រាប់អន្តរាគមន៍ជួយប្រជាពលរដ្ឋ ក្នុងករណីមានគ្រោះទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗ។

ក្នុងឱកាសដឹកនាំការហ្វឹកហ្វឺន លោកមេបញ្ជាការ ហ៊ុល សំអុន បានណែនាំដល់សិក្ខាកាមទាំងអស់ឱ្យយកចិត្តទុកដាក់រៀនសូត្រ ហ្វឹកហ្វឺនឱ្យបានជាក់ស្តែង គោរពវិន័យ និងបទបញ្ជា ព្រមទាំងយកចិត្ត ទុកដាក់ខ្ពស់ចំពោះសុវត្ថិភាព។

លោកបានសង្កត់ធ្ងន់ថា ការហ្វឹកហ្វឺននៅថ្ងៃនេះ គឺដើម្បីឱ្យសិក្ខាកាមមានសមត្ថភាពពិតប្រាកដ អាចប្រើប្រាស់អូប័រ និងមធ្យោបាយសង្គ្រោះបានដោយមានទំនុកចិត្ត រហ័ស និងមានប្រសិទ្ធភាព នៅពេលទទួលបទបញ្ជា។ លោកបានបន្ថែមថា ការត្រៀមខ្លួនមិនមែនចាប់ផ្តើមនៅពេលគ្រោះមហន្តរាយកើតឡើងនោះទេ តែចាប់ផ្តើមពីការហ្វឹកហ្វឺន និងវិន័យរាល់ថ្ងៃ។

ជាមួយគ្នានេះ លោកមេបញ្ជាការ ក៏បានណែនាំឱ្យកម្លាំងបន្តតាមដានសភាពការណ៍អាកាសធាតុ និងត្រៀមលក្ខណៈជាប្រចាំ ទាំងកម្លាំង មធ្យោបាយ យានយន្ត អូប័រ និងសម្ភារៈសង្គ្រោះ ដើម្បីធានាថា នៅពេលទទួលបទបញ្ជា អាចចល័ត និងចុះអនុវត្តភារកិច្ចបានទាន់ពេលវេលា។

សម្រាប់កងពលតូចដឹកជញ្ជូនលេខ៩៩ ការហ្វឹកហ្វឺនគឺជាការបង្កើតសមត្ថភាព ការគោរពបទបញ្ជាគឺជាកាតព្វកិច្ច ហើយការត្រៀមខ្លួនជានិច្ច គឺដើម្បីឱ្យកម្លាំងអាចចេញអន្តរាគមន៍ជួយប្រជាពលរដ្ឋបានភ្លាមៗ នៅពេលមានតម្រូវការ។ កងពលតូចដឹកជញ្ជូនលេខ៩៩ ប្តេជ្ញាត្រៀមកម្លាំង ត្រៀមមធ្យោបាយ ត្រៀមសមត្ថភាព និងត្រៀមបំពេញភារកិច្ច ២៤ម៉ោង លើ២៤ម៉ោង ដើម្បីប្រជាពលរដ្ឋ៕