FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

«ACU បំបែកល្បិច Online Scam៖ ប្រើស្នេហាបង្កើតទំនុកចិត្ត មុនទាញជនរងគ្រោះឱ្យវិនិយោគ Crypto»

30-09-2026 13:01

(ភ្នំពេញ)៖ ចាប់ផ្តើមពីការរាប់អាន និងបង្កើតទំនុកចិត្តតាមអនឡាញ មុននឹងនាំមុខសញ្ញាឱ្យចាប់អារម្មណ៍លើការវិនិយោគ Crypto គឺជាវិធីឆបោកមួយ ដែលអង្គភាពប្រឆាំងអំពើពុករលួយ (ACU) អះអាងថា បានរកឃើញជំហានដំបូង តាមរយៈការធ្វើកោសលវិច័យក្នុងសំណុំរឿង Online Scams មួយ។

តាមរបាយការណ៍របស់លោក ឱម យ៉ិនទៀង ប្រធាន ACU ដែលបង្ហាញក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ ការពិនិត្យភស្តុតាងបានរកឃើញសារមួយចំនួនសរសេរជាភាសាវៀតណាម និងបកប្រែជាភាសាអង់គ្លេស ដែលមានលក្ខណៈពាក់ព័ន្ធនឹងការឆបោកតាមមនោសញ្ចេតនា ឬស្នេហា។

ការស៊ើបអង្កេតនេះពាក់ព័ន្ធនឹងជនត្រូវចោទ ២២នាក់ ដែលសមត្ថកិច្ចបានបង្ក្រាបនៅអូរបែកក្អម កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦។
ជំហានដំបូង គឺបង្កើតទំនុកចិត្ត។

តាមការរកឃើញបឋម ក្រុមឆបោកមានអនុក្រុមស្វែងរកមុខសញ្ញាតាម Facebook និង Google មុននឹងមានអ្នកទាក់ទង និងលួងលោមមុខសញ្ញា។ ពួកគេក៏មានអត្ថបទណែនាំសម្រាប់ការសន្ទនា ដែលត្រូវបានបកប្រែទៅជាភាសាផ្សេងៗ ដើម្បីប្រើទាក់ទងជាមួយមុខសញ្ញា។

ក្រុមនេះក៏ប្រើ Account ក្លែងក្លាយ ដែលបង្ហាញរូបភាពជីវិតមានទ្រព្យសម្បត្តិ ខណៈ Account ផ្សេងទៀតអាចចូល Comment បន្ទរ ដើម្បីធ្វើឱ្យមុខសញ្ញាកាន់តែជឿទុកចិត្ត។
បន្ទាប់ពីទំនុកចិត្ត គឺការនាំចូលទៅ Crypto។

នៅពេលមុខសញ្ញាចាប់ផ្តើមជឿ ក្រុមឆបោកណែនាំឱ្យសាកល្បងវិនិយោគលើ Crypto ដែលតាមរបាយការណ៍ ACU ជាប្រព័ន្ធក្លែងក្លាយស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមឆបោក។

ដំបូង ជនរងគ្រោះអាចត្រូវបានផ្តល់ប្រាក់ប្រមាណ $500 សម្រាប់សាកល្បងវិនិយោគ ហើយត្រូវបានបង្ហាញថា ការវិនិយោគនោះទទួលបានប្រាក់ចំណេញ។

នៅពេលទំនុកចិត្តកាន់តែខ្លាំង ជនរងគ្រោះត្រូវបានជំរុញឱ្យប្រើប្រាក់ផ្ទាល់ខ្លួន និងបង្កើនទំហំវិនិយោគជាបន្តបន្ទាប់។ តាមរបាយការណ៍ អ្នកខ្លះបានដាក់ប្រាក់រហូតដល់ជាង $200,000។

ដំណាក់កាលចុងក្រោយ គឺការយកប្រាក់។

នៅពេលជនរងគ្រោះចង់ដកប្រាក់ និងប្រាក់ចំណេញ ក្រុមឆបោកអាចទាមទារប្រាក់បន្ថែម ដោយអះអាងថាជា «ពន្ធ»។ បន្ទាប់ពីនោះ ជនរងគ្រោះអាចត្រូវបាន Block ហើយបាត់បង់ទាំងប្រាក់វិនិយោគ និងប្រាក់ដែលបានបង់បន្ថែម។

ការរកឃើញបឋមនេះបង្ហាញថា ក្នុងការឆបោកប្រភេទនេះ មនោសញ្ចេតនាមិនមែនជាគោលដៅចុងក្រោយទេ ប៉ុន្តែអាចត្រូវបានប្រើជាមធ្យោបាយកសាងទំនុកចិត្ត ដើម្បីនាំមុខសញ្ញាពីការរាប់អានតាមអនឡាញ ទៅរកការវិនិយោគ និងការផ្ទេរប្រាក់។

ACU កំពុងបន្តស្រាវជ្រាវរកភស្តុតាងបន្ថែម ដើម្បីកំណត់អត្តសញ្ញាណជនរងគ្រោះ ទំនាក់ទំនងរវាងភាគីពាក់ព័ន្ធ និងលំហូរប្រាក់ក្នុងសំណុំរឿងនេះ៕