ACU បំបែកល្បិច Pig Butchering៖ ពី Friend ទៅ Killer ក្រុម Online Scam វាយតម្លៃជនរងគ្រោះមុនកាប់យកប្រាក់
30-09-2026 12:51
(ភ្នំពេញ)៖ មិនមែនមនុស្សគ្រប់គ្នាដែលក្រុម Online Scam ទាក់ទង សុទ្ធតែត្រូវបានពួកគេតាមបោករហូតដល់ទីបញ្ចប់នោះទេ។ ក្រុមឆបោកមានវិធីសាស្ត្រវាយតម្លៃមុខសញ្ញាតាមដំណាក់កាល ដើម្បីរកអ្នកដែលងាយជឿ និងអាចទាញយកប្រាក់បាន មុននឹងបញ្ជូនទៅដំណាក់កាល ដែលក្រុមនេះហៅថា “Killer”។
នេះជាការរកឃើញបឋមរបស់អង្គភាពប្រឆាំងអំពើពុករលួយ (ACU) តាមរយៈការធ្វើកោសលវិច័យឧបករណ៍ពាក់ព័ន្ធនឹងសំណុំរឿង Online Scams ដែលមានជនត្រូវចោទ ២២នាក់ ត្រូវបានសមត្ថកិច្ចបង្ក្រាបនៅអូរបែកក្អម កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦។
តាមរបាយការណ៍របស់លោក ឱម យ៉ិនទៀង ប្រធាន ACU ដែលបង្ហាញក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ នៅថ្ងៃទី២៩ ខែកញ្ញា ក្រុមឆបោកមានការបែងចែកការងារជាដំណាក់កាល ចាប់ពីស្វែងរកមុខសញ្ញា បង្កើតទំនុកចិត្ត រហូតដល់ទាញជនរងគ្រោះឱ្យដាក់ប្រាក់។
ដំណាក់កាលដំបូង៖ ពីមនុស្សមិនស្គាល់គ្នា ទៅជា “Friend”
ក្រុមមួយស្វែងរកមុខសញ្ញា ដែលអាចឆបោកបានតាម Facebook និង Google។ បន្ទាប់មក ក្រុមផ្សេងទៀតចាប់ផ្តើមទាក់ទង និងលួងលោម ដើម្បីបង្កើតទំនុកចិត្ត។
ក្រុមនេះក៏ប្រើ Account ក្លែងក្លាយ ដែលបង្ហាញរូបភាពជីវិតអ្នកមាន និងមាន Account ផ្សេងទៀតចូល Comment បន្ទរ ដើម្បីធ្វើឱ្យមុខសញ្ញាជឿថា ការវិនិយោគដែលពួកគេណែនាំអាចរកប្រាក់ចំណេញបាន។
ដំណាក់កាលទីពីរ៖ វាយតម្លៃថា អ្នកណាគួរតាមបន្ត
តាម ACU ក្រុម Online Scam មានវិធីពិនិត្យ និងវាយតម្លៃមុខសញ្ញាតាមដំណាក់កាល។ ប្រសិនបើមុខសញ្ញាម្នាក់ត្រូវបានវាយតម្លៃថា ងាយជឿ និងអាចទាញយកប្រាក់បាន ក្រុមនេះនឹងបន្តទំនាក់ទំនងយ៉ាងជាប់លាប់។
ប៉ុន្តែបើពួកគេយល់ថា មុខសញ្ញាមិនងាយជឿ ឬមិនអាចទាញយកប្រាក់បាន ក្រុមនេះអាចឈប់ចំណាយពេលលើមុខសញ្ញានោះ។
ដំណាក់កាលទីបី៖ បញ្ជូនទៅក្រុម “Killer”
នៅពេលមុខសញ្ញាមានទំនុកចិត្តហើយ ពួកគេត្រូវបានទាញចូលទៅដំណាក់កាលវិនិយោគ ដែលរបាយការណ៍ ACU ពិពណ៌នាថា ស្ថិតក្នុងក្រុមដែលហៅថា “Killer”។
ជនរងគ្រោះត្រូវបានណែនាំឱ្យវិនិយោគលើ Crypto ដែលតាមការរកឃើញរបស់ ACU ជាប្រព័ន្ធក្លែងក្លាយស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមឆបោក។ ដំបូង ពួកគេអាចផ្តល់ប្រាក់ប្រមាណ $500 ឱ្យសាកល្បងវិនិយោគ និងបង្ហាញថា ការវិនិយោគនោះទទួលបានប្រាក់ចំណេញ។ នៅពេលជនរងគ្រោះកាន់តែជឿ ពួកគេត្រូវបានជំរុញឱ្យប្រើប្រាក់ផ្ទាល់ខ្លួន និងបង្កើនទំហំវិនិយោគជាបន្តបន្ទាប់។
ដំណាក់កាលចុងក្រោយ៖ «កាប់» យកប្រាក់តាមរបាយការណ៍ នៅពេលក្រុមឆបោកវាយតម្លៃថា ជនរងគ្រោះបានដាក់ប្រាក់ច្រើនគ្រប់គ្រាន់ ពួកគេចាត់ទុកថា ដល់ពេលបញ្ចប់ការឆបោក។
ក្រុមនេះអាចទាមទារប្រាក់បន្ថែមដោយអះអាងថា ជា «ពន្ធ» ដែលត្រូវបង់មុនអាចដកប្រាក់វិនិយោគ និងប្រាក់ចំណេញ។ ប្រសិនបើជនរងគ្រោះបង់ប្រាក់បន្ថែម គណនីអាចត្រូវបាន Block ហើយប្រាក់ទាំងនោះត្រូវបានយក។ បើមិនព្រមបង់ ក៏អាចត្រូវបាន Block និងបាត់ប្រាក់ដែលបានដាក់រួច។
ការរកឃើញបឋមនេះបង្ហាញថា អ្វីដែលគេហៅថា “Pig Butchering” មិនមែនជាការបោកយកប្រាក់ភ្លាមៗទេ ប៉ុន្តែជាដំណើរការកសាងទំនុកចិត្ត វាយតម្លៃជនរងគ្រោះ និងទាញឱ្យដាក់ប្រាក់កាន់តែច្រើន មុនឈានដល់ដំណាក់កាលចុងក្រោយនៃការយកប្រាក់៕
