FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ACU បំបែកល្បិច Online Scam៖ ឱ្យសាកវិនិយោគ Crypto $500 មុនទាញឱ្យដាក់ប្រាក់ធំ (Video inside)

30-09-2026 12:46

(ភ្នំពេញ)៖ ការលួងលោមឱ្យជឿទុកចិត្ត រួចឱ្យសាកល្បងវិនិយោគលើ Crypto ត្រឹមតែ $500 និងបង្ហាញថា ទទួលបានប្រាក់ចំណេញ គឺជាល្បិចមួយរបស់ក្រុម Online Scam ដែលអាជ្ញាធរបានរកឃើញនិងលាតត្រដាងនៅថ្ងៃនេះ។

បន្ទាប់ពីជនរងគ្រោះចាប់ផ្តើមជឿ ក្រុមនេះ នឹងទាញឱ្យដាក់ប្រាក់ផ្ទាល់ខ្លួនកាន់តែច្រើន រហូតអ្នកខ្លះដាក់ប្រាក់ជាង $200,000។ នៅដំណាក់កាលចុងក្រោយ ពួកគេទាមទារ «ពន្ធ» បន្ថែម មុននឹង Block ជនរងគ្រោះ និងយកប្រាក់។
នេះជាវិធីឆបោកមួយដែលអង្គភាពប្រឆាំងអំពើពុករលួយ (ACU) អះអាងថា បានរកឃើញជំហានដំបូង តាមរយៈការធ្វើកោសលវិច័យឧបករណ៍ដែលពាក់ព័ន្ធនឹងសំណុំរឿង Online Scams ដែលមានជនត្រូវចោទ ២២នាក់ ត្រូវបានសមត្ថកិច្ចបង្ក្រាបនៅអូរបែកក្អម កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦។

តាមរបាយការណ៍របស់លោក ឱម យ៉ិនទៀង ប្រធាន ACU ដែលបង្ហាញក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ នៅថ្ងៃទី២៩ ខែកញ្ញា ក្រុមឆបោកបានប្រើវិធីសាស្ត្រជាដំណាក់កាល ដើម្បីបង្កើតទំនុកចិត្ត មុននឹងទាញយកប្រាក់ពីជនរងគ្រោះ។

ដំណាក់កាលទី១៖ លួងលោម និងបង្កើតទំនុកចិត្ត
ក្រុមឆបោកស្វែងរកមុខសញ្ញាតាម Facebook និង Google ហើយប្រើ Account ក្លែងក្លាយ ដែលបង្ហាញរូបភាពជីវិតអ្នកមាន។ Account ផ្សេងទៀតចូល Comment ជួយបន្ទរ ដើម្បីធ្វើឱ្យមុខសញ្ញាជឿថា ការវិនិយោគអាចនាំឱ្យរកប្រាក់ចំណេញបាន។

ដំណាក់កាលទី២៖ ឱ្យសាកល្បងជាមួយ $500 នៅពេលមុខសញ្ញាចាប់ផ្តើមជឿ ក្រុមឆបោកណែនាំឱ្យចូលទៅក្នុងការវិនិយោគ Crypto ដែលតាម ACU ជាប្រព័ន្ធក្លែងក្លាយស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមឆបោក។
ជនរងគ្រោះអាចត្រូវបានផ្តល់ប្រាក់ប្រមាណ $500 សម្រាប់សាកល្បងវិនិយោគ ហើយប្រព័ន្ធបង្ហាញថា ការវិនិយោគនោះទទួលបានប្រាក់ចំណេញ។

ដំណាក់កាលទី៣៖ ទាញឱ្យដាក់ប្រាក់ខ្លួនឯង
បន្ទាប់ពីបង្កើតទំនុកចិត្ត ក្រុមនេះណែនាំជនរងគ្រោះថា ពេលណាគួរដាក់ប្រាក់ និងពេលណាគួរឈប់ ដោយលទ្ធផលដែលបង្ហាញលើប្រព័ន្ធធ្វើឱ្យជនរងគ្រោះមើលឃើញថា ការណែនាំទាំងនោះនាំឱ្យចំណេញ។ តាមរបាយការណ៍ ACU ជនរងគ្រោះខ្លះបានបន្តដាក់ប្រាក់របស់ខ្លួនរហូតដល់ជាង $200,000។

ដំណាក់កាលចុងក្រោយ៖ ទាមទារ «ពន្ធ» ហើយ Block នៅពេលជនរងគ្រោះដាក់ប្រាក់ច្រើន ក្រុមឆបោកអាចប្រាប់ថា ត្រូវបង់ «ពន្ធ» មុននឹងអាចដកប្រាក់ និងប្រាក់ចំណេញចេញបាន។

របាយការណ៍លើកឧទាហរណ៍ថា បើជនរងគ្រោះបានវិនិយោគប្រមាណ $200,000 ក្រុមឆបោកអាចទាមទារ «ពន្ធ» ប្រមាណ $20,000 បន្ថែមទៀត។ បើជនរងគ្រោះបង់ ក្រុមនេះអាច Block ហើយយកទាំងប្រាក់វិនិយោគ និងប្រាក់ដែលហៅថាពន្ធ។ បើមិនបង់ ក៏អាចត្រូវ Block និងបាត់ប្រាក់ដែលបានដាក់រួចដែរ។

ការរកឃើញបឋមរបស់ ACU បង្ហាញថា វិធីឆបោកនេះមិនពឹងតែលើការសន្យាថានឹងបានប្រាក់ចំណេញខ្ពស់នោះទេ ប៉ុន្តែប្រើការបង្កើត ទំនុកចិត្តជាបន្តបន្ទាប់ ដើម្បីនាំជនរងគ្រោះពីការសាកល្បងដោយប្រាក់តិច ទៅរកការដាក់ប្រាក់ផ្ទាល់ខ្លួនកាន់តែច្រើន មុនពេលក្រុមឆបោកយកប្រាក់នៅដំណាក់កាលចុងក្រោយ៕