ការជួញដូរមនុស្សជាអំពើខុសច្បាប់! អន្តរក្រសួង បើកកិច្ចប្រជុំជំរុញល្បឿនទប់ស្កាត់អំពើជួញដូរមនុស្សគ្រប់ទម្រង់ ជាពិសេសកុមារ និងយុវជននៅកម្ពុជា
30-09-2026 11:53
(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ.) និងអង្គការសកម្មភាពដើម្បីកុមារ (APLE) នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦នេះ បានបើកកិច្ចប្រជុំអន្តរក្រសួងក្រុមការងារបង្ការទប់ស្កាត់អំពើជួញដូរមនុស្សនៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ.) ស្តីពីការផ្សព្វផ្សាយវឌ្ឍនភាពការងារ និងទិសដៅបន្ត ដើម្បីពង្រឹងការសម្របសម្រួលជាតិ និងជំរុញល្បឿនននៃការខិតខំប្រឹងប្រែងទប់ស្កាត់អំពើជួញដូរមនុស្សគ្រប់ទម្រង់ ជាពិសេសកុមារ និងយុវជននៅទូទាំងព្រះរាជាណាចក្រកម្ពុជា។
កិច្ចប្រជុំនេះធ្វើឡើងក្រោមវត្តមានលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងប្រធានក្រុមការងារបង្ការទប់ស្កាត់អំពើជួញដូរមនុស្សនៃ (គ.ជ.ប.ជ.) ដោយមានការចូលរួមពីក្រសួង ស្ថាប័នសំខាន់ៗជាសមាជិកដូចជា៖ ក្រសួងមហាផ្ទៃ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងកិច្ចការនារី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួង យុត្តិធម៌ ក្រសួងព័ត៌មាន ក្រសួងសុខាភិបាល ក្រសួងធម្មការ និងសាសនា ក្រសួងទេសចរណ៍ អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្រសួងពាណិជ្ជកម្ម ក្រសួងឧស្សាហកម្ម សិប្បកម្ម និងនវានុវត្តន៍ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រសួងអភិវឌ្ឍន៍ជនបទ និងដៃគូអភិវឌ្ឍន៍ ដូចជា អង្គការ APLE, IOM, UNODC, Save the Children, Plan International Cambodia, UNICEF និង World Vision ។
ថ្លែងនាឱកាសនោះលោកបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន បានចាត់ទុកគ្រប់ទម្រង់នៃអំពើជួញដូរមនុស្ស គឺជាការរំលោភសិទ្ធិ មនុស្ស សិទ្ធិកុមារយ៉ាងធ្ងន់ធ្ងរ និងជាឧបសគ្គដែលបង្កហានិភ័យខ្ពស់ដល់ដំណើរអភិវឌ្ឍន៍ជាតិដែលមិនអាចអនុគ្រោះបាន ជាពិសេសតាមរយៈចំណាកស្រុកដោយប្រថុយប្រថាន គ្មានសុវត្ថិភាព ការបង្ខំឱ្យធ្វើការងារ ការជួញដូរផ្លូវភេទ និងការរំលោភបំពានតាមប្រព័ន្ធឌីជីថលដែលផ្តោតលើកុមារ និងយុវជន។
ឧបនាយករដ្ឋមន្រ្តី ហង់ជួន ណារ៉ុន ក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការកែលម្អកិច្ចការពារនៅតាមសាលារៀន តាមរយៈការអភិវឌ្ឍសាលារៀនមួយជាតំបន់សុខសាន្តមួយ ពង្រីកការអប់រំជំនាញបំណិនជីវិត កែលម្អនិងពង្រឹងប្រព័ន្ធសិក្សា ស្វែងយល់ និងរាយ ការណ៍ និងផ្តល់អំណាចដល់យុវជនក្នុងការទទួលស្គាល់ និងចៀសវាងហានិភ័យនៃអំពើជួញដូរមនុស្ស។
លោករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តដល់គ្រប់ក្រសួង ស្ថាប័នទាំងអស់ សូមផ្តល់កិច្ចពិភាក្សាដោយបើកចំហអំពីវឌ្ឍនភាព បញ្ហាប្រឈម និងចំណុច ខ្វះខាត ព្រមទាំងស្នើឡើងនូវដំណោះស្រាយជាក់ស្តែង ដើម្បីពង្រឹងការឆ្លើយតបរបស់ជាតិយើងបានទាន់ពេលវេលា ដូចជា ថាតើយើងត្រូវធ្វើការរួមគ្នាធ្វើដូចម្តេចបន្តទៅមុខ ដើម្បីលើកកម្ពស់ការចែករំលែកទិន្នន័យព័ត៌មាន និងការសម្របសម្រួលឱ្យកាន់តែមានប្រសិទ្ធភាព, ពង្រឹងការអនុវត្តច្បាប់ និងយន្តការយុត្តិធម៌ដែលផ្តល់ភាពកក់ក្តៅដល់ប្រជាជន និងជនរងគ្រោះ, ដោះស្រាយឫសគល់នៃបញ្ហា ដូចជាភាពក្រីក្រ ការធ្វើចំណាកស្រុក និងកង្វះឱកាស, ពង្រឹងប្រព័ន្ធការពាររឹងមាំដែលមានមូលដ្ឋាននៅក្នុងសហគមន៍ និង ធានាថា កុមារ យុវជន និងប្រជាពលរដ្ឋគ្រប់រូប ត្រូវបានការពារពីការកេងប្រវ័ញ្ចរំលោភបំពាន។
លោក សំលៀង សីលា នាយកប្រតិបត្តិអង្គការសកម្មភាពដើម្បីកុមារ (APLE) បានបញ្ជាក់ដែរថា វិស័យអប់រំ គឺជាកម្លាំងចាំបាច់ដែលបម្លែងគោលនយោបាយការពារកុមារ ទៅជាចំណេះដឹង ទំនុកចិត្ត និងសកម្មភាពបង្ការទប់ស្កាត់នៅក្នុងថ្នាក់រៀនរៀងរាល់ថ្ងៃ។ ដូច្នេះ យើងត្រូវពន្លឿនការពង្រីកការងារបង្ការទប់ស្កាត់ ដោយរក្សាគុណភាព សុវត្ថិភាព និងប្រព័ន្ធបញ្ជូនករណីឱ្យបានច្បាស់លាស់។
លោក សំលៀង សីលា ក៏បានស្នើសុំការគាំទ្របន្តលើចំណុចសំខាន់បី៖ (១) បញ្ចប់ និងដាក់ឱ្យប្រើសៀវភៅណែនាំស្តីពីការបង្រៀនប្រធានបទសុវត្ថិភាពកុមារលើប្រព័ន្ធអនឡាញ សម្រាប់កម្រិតបឋមសិក្សា និងមធ្យមសិក្សាបឋមភូមិ។ (២) បញ្ចូលខ្លឹមសារបង្ការទប់ស្កាត់ការកេងប្រវ័ញ្ច និងរំលោភបំពានផ្លូវភេទកុមារតាមប្រព័ន្ធអនឡាញទៅក្នុងការបណ្តុះបណ្តាលមុនចូលបំរើការងារវិជ្ជាជីវៈ និងក្នុងពេលបំពេញការងារជាគ្រូបង្រៀន។ (៣) បង្កើតយន្តការបញ្ជូន និងរាយការណ៍ដែលគ្រូ និងសិស្សអាចយល់ និងប្រើបានដោយសុវត្ថិភាព។
សូមបញ្ជាក់ដែរថា កិច្ចប្រជុំនេះបានពិនិត្យវឌ្ឍនភាពការងារ និងពិភាក្សាផ្លាស់ប្តូរយោលបល់ ស្វែងរកគន្លឹះប្រសិទ្ធភាពនៃ សកម្មភាពអាទិភាពសម្រាប់ឆ្នាំ ២០២៦–២០២៨ មានដូចជា៖ កែលម្អ និងពង្រឹងការងារសម្របសម្រួល និងការទទួលខុសត្រូវរវាងក្រសួងស្ថាប័នជាសមាជិក, បង្កើនប្រសិទ្ធភាពនៃប្រព័ន្ធចែករំលែកទិន្នន័យ និងបញ្ជូនព័ត៌មាន, ដោះស្រាយមូលហេតុពាក់ព័ន្ធប្រភពធ្លាក់ក្នុងអន្លុងអូសទាញ ដូចជា ភាពក្រីក្រ ការមិនទទួលបានព័ត៌មាន ការផ្លាស់ទី ហិង្សាគ្រួសារ ការរើសអើង និងការបោះបង់ការសិក្សា, ពង្រីកការអប់រំសុវត្ថិភាពឌីជីថល និងលើកកម្ពស់ការយល់ដឹងរបស់សហគមន៍ និងពង្រឹងការឆ្លើយតបនៃការអនុវត្តច្បាប់ និងយុត្តិធម៌ផងដែរ៕





















