FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

និយ័តករមូលបត្រកម្ពុជា ប្រគល់លិខិតថ្លែងអំណរគុណជូនបណ្ដាញព័ត៌មាន Fresh News ដែលបានគាំទ្រ និងចូលរួមយ៉ាងសកម្មក្នុងការផ្សព្វផ្សាយជំរុញការអភិវឌ្ឍវិស័យមូលបត្រ

30-09-2026 10:06

(ភ្នំពេញ)៖ និយ័តករមូលបត្រកម្ពុជា (SERC) បានប្រគល់លិខិតថ្លែងអំណរគុណ ជូនបណ្ដាញព័ត៌មាន FRESH NEWS ដែលបានចូលរួមគាំទ្រយ៉ាងសកម្ម ក្នុងការផ្សព្វផ្សាយព័ត៌មាន និងលើកកម្ពស់ចំណេះដឹងពាក់ព័ន្ធនឹងវិស័យមូលបត្រ ដែលជាកត្តាដ៏សំខាន់ក្នុងការលើកកម្ពស់ការយល់ដឹងជាសាធារណៈ និងជំរុញការអភិវឌ្ឍវិស័យមូលបត្រ។

ការប្រគល់លិខិតថ្លែងអំណរគុណនេះ ធ្វើឡើងនៅក្នុងសន្និសីទមូលបត្រប្រចាំឆ្នាំ២០២៦ នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦។

បណ្ដាញសារព័ត៌មាន FRESH NEWS បានសហការក្នុងការផ្សព្វផ្សាយព័ត៌មាន និងចំណេះដឹងពាក់ព័ន្ធនឹងវិស័យមូលបត្រ ដែលជាកត្តាដ៏សំខាន់ក្នុងការលើកកម្ពស់ការយល់ដឹងជាសាធារណៈ។ តាមរយៈការផ្សព្វផ្សាយប្រកបដោយវិជ្ជាជីវៈនេះ បានរួមចំណែកយ៉ាងធំធេងក្នុងការជំរុញការអភិវឌ្ឍវិស័យមូលបត្រនៅកម្ពុជា ឲ្យកាន់តែរីកចម្រើន និងមានភាពរឹងមាំ។

លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) បានគូសបញ្ជាក់ថា ភាពរីកចម្រើននៃវិស័យមូលបត្រនៅកម្ពុជា មិនអាចកាត់ផ្ដាច់បានឡើយពីការចូលរួមគាំទ្រពីបណ្ដាស្ថាប័នដៃគូ ជាពិសេសអង្គភាពសារព័ត៌មាននានា ដែលបានជួយផ្សព្វផ្សាយព័ត៌មានទៅដល់មហាជនយ៉ាងទូលំទូលាយ។

និយ័តករមូលបត្រកម្ពុជារំពឹងថា កិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងស្ថាប័នរដ្ឋ និងអង្គភាពសារព័ត៌មាន នឹងបន្តរីកចម្រើនទៅមុខទៀត ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋតាមរយៈការយល់ដឹងកាន់តែស៊ីជម្រៅអំពីវិស័យមូលបត្រ៕