ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បន្តកិច្ចប្រជុំពិភាក្សាជាលើកចុងក្រោយ ដើម្បីពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៧ ជូនបងប្អូនកម្មករនិយោជិត
30-09-2026 08:50
(ភ្នំពេញ)៖ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា នៅព្រឹកថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២៦នេះ បានបន្តកិច្ចប្រជុំពិភាក្សាជាលើកចុងក្រោយ ដើម្បីពិភាក្សា និងពិនិត្យលើការកំណត់ប្រាក់ឈ្នួលអប្បបរមា សម្រាប់កម្មករ និយោជិត ក្នុងវិស័យពាក់ព័ន្ធ សម្រាប់ឆ្នាំ២០២៧។
កិច្ចប្រជុំនេះ បានធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ព្រមទាំងភាគីរដ្ឋាភិបាល ភាគីកម្មករ និងភាគីនិយោជក ដើម្បីពិភាក្សា និងស្វែងរកចំណុចឯកភាព មុនឈានទៅរកការសម្រេចលើតួលេខប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៧។
សូមបញ្ជាក់ដែរថា គិតត្រឹមថ្ងៃនេះ ជាកិច្ចប្រជុំលើកទី៤ ដោយបានពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមា សរុបមានចំនួន ១៤លើក រួមមាន៖ កិច្ចប្រជុំត្រីភាគី ចំនួន ៤លើក, កិច្ចប្រជុំទ្វេភាគីរវាងតំណាងភាគីកម្មករនិយោជិតនិងភាគីនិយោជក ចំនួន ២លើក, កិច្ចប្រជុំទ្វេភាគីរវាង តំណាងភាគីនិយោជក និងភាគីរាជរដ្ឋាភិបាល ចំនួន ១លើក, ប្រជុំទ្វេភាគីរវាងតំណាងភាគីកម្មករនិយោជិត និយោជិត និងភាគីរាជរដ្ឋាភិបាល ចំនួន ១លើក, កិច្ចប្រជុំផ្ទៃក្នុងរបស់តំណាងភាគីកម្មករនិយោជិត ចំនួន ៤លើក កិច្ចប្រជុំផ្ទៃក្នុងរបស់តំណាង ភាគីនិយោជក ចំនួន ១លើក និងកិច្ចប្រជុំផ្ទៃក្នុងរបស់តំណាងភាគីរាជរដ្ឋាភិបាល ចំនួន ១លើក៕











