FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងរៀបចំដែនដី ដោះស្រាយបញ្ចប់វិវាទដីធ្លី ៣ទីតាំងនៅខេត្តព្រះសីហនុ តាមគោលការណ៍ឈ្នះ-ឈ្នះ

30-09-2026 08:28

(ភ្នំពេញ)៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) គណៈកម្មការសុរិយោដីថ្នាក់ជាតិ និងអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី បានបើកិច្ចប្រជុំពិភាក្សាផ្លូវការមួយ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ នាទីស្តីការក្រសួង ដើម្បីសម្រុះសម្រួលដោះស្រាយបញ្ចប់ករណីវិវាទដីធ្លីចំនួន ៣ទីតាំង រវាងឈ្មោះ រតនៈ សម្បត្តិ និងប្រជាពលរដ្ឋក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។

កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមការចូលរួមពីថ្នាក់ដឹកនាំក្រសួង មន្ត្រីជំនាញពាក់ព័ន្ធ តំណាងរដ្ឋបាលខេត្តព្រះសីហនុ មន្ទីរ ដ.ន.ស.ស. ខេត្តព្រះសីហនុ ភាគីមេធាវីតំណាងឱ្យឈ្មោះ រតនៈ សម្បត្តិ និងបងប្អូនប្រជាពលរដ្ឋពាក់ព័ន្ធផ្ទាល់។

ករណីវិវាទទាំង ៣ទីតាំង ដែលអង្គប្រជុំបានយកមកពិនិត្យ និងពិភាក្សារួមាន៖
១. វិវាទដីធ្លីក្នុងប្លុកទីតាំងដីទំហំ ៥៧,៥១ ហិកតា ស្ថិតក្នុងភូមិគគីរ សង្កាត់បិតត្រាំង ក្រុងកំពង់សោម ខេត្តព្រះសីហនុ។
២. វិវាទដីធ្លីលើដីមានបណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លីចំនួន ៤៧បណ្ណ មានទំហំ ១៧៦,៩ ហិកតា ស្ថិតក្នុងភូមិគីរីវន្ត និងភូមិស្ទឹងឆាយ ឃុំស្ទឹងឆាយ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។
៣. វិវាទដីធ្លីក្នុងប្លុកដីទំហំប្រមាណ ១.១៣៧,៦៣ ហិកតា ស្ថិតនៅភូមិពូធឿង និងភូមិចំណោតរាម សង្កាត់បិតត្រាំង ក្រុងកំពង់សោម ដែលពាក់ព័ន្ធនឹងបណ្តឹងជំទាស់របស់ឈ្មោះ រតនៈ សម្បត្តិ លើផ្ទៃដីសរុប ៦៣០,១៩ ហិកតា។

សេចក្តីប្រកាស របស់ក្រសួងរៀបចំដែនដី បានឲ្យដឹងថា ជាលទ្ធផល ក្រោមស្មារតីផ្សះផ្សារ បង្រួបបង្រួម និងស្វែងរកដំណោះស្រាយជូនប្រជាពលរដ្ឋតាមរយៈវប្បធម៌សន្ទនា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងនាមគណៈកម្មការសុរិយោដីថ្នាក់ជាតិ និងអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី បានសម្រេចសម្របសម្រួលដោះស្រាយបញ្ចប់សំណុំរឿងទាំងនោះតាម គោលការណ៍ឈ្នះ-ឈ្នះ។ ដំណោះស្រាយនេះតម្រូវឱ្យគ្រប់ភាគីចូលរួមសហការ ប្តូរទីតាំង បន្ថយទំហំ និងរួមគ្នារៀបចំប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធតាមបែបនគរូបនីយកម្មទំនើប។

តាមរយៈកិច្ចខិតខំប្រឹងប្រែងនេះ គ្រប់ភាគីពាក់ព័ន្ធនឹងទទួលបានបណ្ណកម្មសិទ្ធិស្របច្បាប់ ដោយទិសដៅចុងក្រោយគឺការប្រែក្លាយទីតាំងដីមានទំនាស់ទាំងនោះ ឱ្យទៅជាតំបន់ដែលមានសក្តានុពលសេដ្ឋកិច្ច ភូមិឋានក្សេមក្សាន្ត មានសណ្តាប់ធ្នាប់ និងសោភណភាពល្អប្រសើរ បង្កលក្ខណៈងាយស្រួលដល់ការរស់នៅ និងប្រកបរបរចិញ្ចឹមជីវិតរបស់ប្រជាពលរដ្ឋ ដែលជាទ្រនំសុភមង្គល និងជាកេរ្តិ៍មរតកនៃក្តីសង្ឃឹមសម្រាប់កូនចៅតជំនាន់រៀងៗខ្លួន៕