អភិសន្តិបណ្ឌិត ស សុខា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ ដល់ទីក្រុងហាណូយ ដើម្បីចូលរួមសន្និសីទជាន់ខ្ពស់អនុវត្តច្បាប់អាស៊ាន
30-09-2026 08:00
(ភ្នំពេញ)៖ នាយប់ថ្ងៃអង្គារ ទី២៩ ខែកញ្ញា ឆ្នាំ២០២៦នេះ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា ធ្វើដំណើរដល់ទីក្រុងហាណូយ ប្រទេសវៀតណាម ប្រកបដោយសុវត្ថិភាព ដើម្បីចូលរួមសន្និសីទជាន់ខ្ពស់អនុវត្តច្បាប់អាស៊ានស្តីពី «កិច្ចសហប្រតិបត្តិការក្នុងការបង្ក្រាបជនល្មើសរត់គេចខ្លួន»។
ការអញ្ជើញទៅប្រទេសវៀតណាមរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា បានធ្វើឡើងតបតាមការអញ្ជើញរបស់លោកឧត្តមសេនីយ៍ឯក លឿង តាមក្វាង សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្ត្រីក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងដោយទទួលបានការអនុញ្ញាតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
សន្និសីទជាន់ខ្ពស់អនុវត្តច្បាប់អាស៊ាន ស្ដីពីកិច្ចសហប្រតិបត្តិការក្នុងការបង្ក្រាបជនល្មើសរត់គេចខ្លួន ត្រូវរៀបចំដោយក្រសួងនគរបាលវៀតណាម ចាប់ពីថ្ងៃទី២៩ ខែកញ្ញា ដល់ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ នៅរដ្ឋធានីហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
សន្និសីទនេះត្រូវបានរៀបចំឡើងក្នុងក្របខណ្ឌអាស៊ាន ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងបណ្តាប្រទេសជាសមាជិក ក្នុងការផ្លាស់ប្តូរព័ត៌មាន និងការអនុវត្តច្បាប់ឆ្លងដែន ក្នុងគោលបំណងបង្ក្រាប និងតាមចាប់ខ្លួនជនល្មើសដែលបានរត់គេចខ្លួនពីប្រទេសមួយ ទៅប្រទេសមួយនៅក្នុងតំបន់។
ទន្ទឹមនេះសន្និសីទក៏នឹងធ្វើការពិភាក្សា ដើម្បីផ្លាស់ប្ដូរបទពិសោធន៍ និងឧត្តមានុវត្តន៍ក្នុងគោលដៅថែរក្សាសន្តិសុខ ស្ថិរភាព និងសណ្តាប់ធ្នាប់នៅក្នុងសហគមន៍អាស៊ានទាំងមូល៕





