ប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ ជំរុញការពង្រឹងសេវាសុខាភិបាល ២៤ម៉ោង/២៤ម៉ោង តាមអនុសាសន៍រដ្ឋមន្ត្រីក្រសួងសុខាភិបាល
29-09-2026 21:59
(ព្រះវិហារ)៖ លោកវេជ្ជបណ្ឌិត គួង ឡូ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ បានផ្សព្វផ្សាយ និងបន្តជំរុញអនុសាសន៍របស់លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដោយសង្កត់ធ្ងន់លើការពង្រឹងការផ្តល់សេវាសុខាភិបាល ២៤ម៉ោង/២៤ម៉ោង ឱ្យមានប្រសិទ្ធភាព គុណភាព និងសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋ។
ការលើកឡើងរបស់លោកវេជ្ជបណ្ឌិត គួង ឡូ ក្នុងឱកាសដែលលោកអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី «ការពង្រឹងការផ្តល់សេវាសុខាភិបាល ២៤ម៉ោង/២៤ម៉ោង» នៅមន្ទីរពេទ្យបង្អែកខេត្ត១៦មករា ខេត្តព្រះវិហារ ដោយមានការចូលរួមពីលោកវេជ្ជបណ្ឌិត ឆាយ គឹមស្រេង ប្រធានការិយាល័យបុគ្គលិក-រដ្ឋបាលនៃមន្ទីរសុខាភិបាលខេត្ត លោកវេជ្ជបណ្ឌិត ជូ បូនីណា ប្រធានមន្ទីរពេទ្យបង្អែកខេត្ត១៦មករា ព្រមទាំងថ្នាក់ដឹកនាំមន្ទីរពេទ្យ ប្រធានផ្នែក និងប្រធានសាលពាក់ព័ន្ធ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦។
ក្នុងកិច្ចប្រជុំនេះលោកវេជ្ជបណ្ឌិត គួង ឡូ បានលើកយកអនុសាសន៍របស់លោកសាស្ត្រាចារ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល ដែលបានណែនាំក្នុងកិច្ចប្រជុំប្រចាំខែកញ្ញា កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ មកផ្សព្វផ្សាយ និងដាក់ជាទិសដៅសម្រាប់ការអនុវត្តនៅមន្ទីរពេទ្យបង្អែកខេត្ត១៦មករា។
លោកវេជ្ជបណ្ឌិត គួង ឡូ បានញ្ជាក់ថា ការពង្រឹងសេវាសុខាភិបាល ២៤ម៉ោង/២៤ម៉ោង មិនមែនផ្តោតត្រឹមតែការមានវត្តមានរបស់មន្ត្រីនៅតាមវេនប៉ុណ្ណោះទេ ប៉ុន្តែត្រូវធានាឱ្យសេវាដែលប្រជាពលរដ្ឋទទួលបាន មានប្រសិទ្ធភាព គុណភាព និងសុវត្ថិភាព។
ជាមួយគ្នានេះ លោកក៏បានជំរុញឱ្យមន្ត្រីសុខាភិបាលគ្រប់រូបយកអនុសាសន៍របស់ថ្នាក់ដឹកនាំក្រសួងសុខាភិបាលទៅអនុវត្តឱ្យបានជាក់ស្តែង ដោយត្រូវមានគណនេយ្យភាពចំពោះការងារ មានក្តីស្រឡាញ់ចំពោះវិជ្ជាជីវៈ និងមានការទទួលខុសត្រូវចំពោះអ្នកជំងឺដែលមកទទួលសេវា។
ប្រធានមន្ទីរបានសង្កត់ធ្ងន់ថា៖ ប្រធានផ្នែក និងប្រធានសាល មានតួនាទីសំខាន់ក្នុងការអនុវត្តអនុសាសន៍របស់ថ្នាក់ដឹកនាំ ព្រោះជាអ្នកដឹកនាំ និងត្រួតពិនិត្យការងាររបស់មន្ត្រីនៅតាមផ្នែកនីមួយៗ។ ដូច្នេះ ត្រូវធ្វើខ្លួនជាគំរូ និងពង្រឹងការដឹកនាំ ដើម្បីធានាថាការផ្តល់សេវា ២៤ម៉ោង/២៤ម៉ោង ដំណើរការបានល្អប្រសើរ។
លោកវេជ្ជបណ្ឌិត គួង ឡូ ក៏បានលើកយកគោលការណ៍ ការត្រៀមខ្លួនជាមុន (Proactive) មកសង្កត់ធ្ងន់ ដោយណែនាំឱ្យមន្ត្រី និងថ្នាក់ដឹកនាំរៀបចំផែនការ និងត្រៀមធនធានចាំបាច់ជាមុន ដើម្បីអាចដោះស្រាយបញ្ហាបានទាន់ពេលវេលា មិនត្រូវរង់ចាំរហូតដល់បញ្ហាកើតឡើង ទើបចាប់ផ្តើមឆ្លើយតបឡើយ។
ក្រៅពីនេះ លោកបានបន្តផ្សព្វផ្សាយអនុសាសន៍ពាក់ព័ន្ធនឹងការពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ និងការធ្វើបដិសណ្ឋារកិច្ចល្អ ដោយចាត់ទុកថា អាកប្បកិរិយា និងការទំនាក់ទំនងរបស់មន្ត្រីសុខាភិបាលជាមួយអ្នកជំងឺ និងក្រុមគ្រួសារ គឺជាផ្នែកមួយនៃគុណភាពសេវា។
ទាក់ទងនឹងសុវត្ថិភាពអ្នកជំងឺ លោកវេជ្ជបណ្ឌិត គួង ឡូ បានណែនាំឱ្យពង្រឹងសមត្ថភាពមន្ត្រីសុខាភិបាល ការគ្រប់គ្រងការចម្លងរោគ និងអនាម័យនៅក្នុងមន្ទីរពេទ្យ។ ជាពិសេស ក្នុងការវះកាត់ដែលមានភាពស្មុគស្មាញ ឬមានហានិភ័យ ត្រូវរៀបចំឱ្យមានគ្រូពេទ្យវះកាត់យ៉ាងតិចចំនួន២នាក់ ដើម្បីរួមគ្នាធានាសុវត្ថិភាព និងគុណភាពនៃការវះកាត់។
លោកក៏បានបញ្ជាក់ពីសារៈសំខាន់នៃខ្សែគណនេយ្យភាព ដោយរាល់ការងារដែលអនុវត្តត្រូវមានការទទួលខុសត្រូវតាមលំដាប់ថ្នាក់។ ប្រធានផ្នែក និងប្រធានសាល ត្រូវប្រើប្រាស់សិទ្ធិអំណាច និងប្រតិភូកម្មដែលទទួលបានពីថ្នាក់ដឹកនាំ ដើម្បីដឹកនាំការងារឱ្យបានច្បាស់លាស់ និងមានប្រសិទ្ធភាព។
តាមរយៈកិច្ចប្រជុំនេះ អនុសាសន៍របស់ថ្នាក់ដឹកនាំក្រសួងសុខាភិបាល ត្រូវបានផ្សព្វផ្សាយបន្ត ដើម្បីឱ្យមន្ត្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់យកទៅអនុវត្តជាក់ស្តែង និងរួមគ្នាពង្រឹងការផ្តល់សេវាសុខាភិបាល ២៤ម៉ោង/២៤ម៉ោង ឱ្យកាន់តែមានប្រសិទ្ធភាព គុណភាព និងសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋនៅខេត្តព្រះវិហារ៕




