ប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ ជំរុញនិស្សិតគិលានុបដ្ឋាក និងឆ្មប ចុះកម្មសិក្សានៅមន្ទីរពេទ្យបង្អែកខេត្ត១៦មករា ឲ្យយកចិត្តទុកដាក់លើសីលធម៌វិជ្ជាជីវៈ និងសុវត្ថិភាពអ្នកជំងឺ
29-09-2026 21:56
(ព្រះវិហារ)៖ លោកវេជ្ជបណ្ឌិត គួង ឡូ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ បានជួបសំណេះសំណាលជាមួយនិស្សិតគិលានុបដ្ឋាក និងឆ្មបចំនួន៤៤នាក់ ដែលកំពុងចុះកម្មសិក្សានៅមន្ទីពេទ្យបង្អែក១៦មករា ខេត្តព្រះវិហារ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ ដោយលោកសង្កត់ធ្ងន់លើសារៈសំខាន់នៃសីលធម៌វិជ្ជាជីវៈ ការទទួលខុសត្រូវ និងសុវត្ថិភាពអ្នកជំងឺ។
លោកវេជ្ជបណ្ឌិត គួង ឡូ បានថ្លែងថា ការចុះកម្មសិក្សាមិនត្រឹមតែជាឱកាសសម្រាប់និស្សិតអនុវត្តចំណេះដឹងប៉ុណ្ណោះទេ ប៉ុន្តែក៏ជាដំណាក់កាលដ៏សំខាន់ក្នុងការកសាងសីលធម៌ វិន័យ និងការទទួលខុសត្រូវក្នុងវិជ្ជាជីវៈសុខាភិបាលផងដែរ។
លោកបានណែនាំឲ្យនិស្សិតយកចិត្តទុកដាក់លើចំណេះដឹង ជំនាញ និងអាកប្បកិរិយាវិជ្ជាជីវៈ ជាពិសេសការបម្រើអ្នកជំងឺដោយក្តីគោរព និងការទទួលខុសត្រូវខ្ពស់។
បន្ថែមពីនេះ ប្រធានមន្ទីរបានជំរុញឲ្យនិស្សិតចេះធ្វើបដិសណ្ឋារកិច្ច និងប្រាស្រ័យទាក់ទងល្អជាមួយអ្នកជំងឺ ដោយមានភាពរាក់ទាក់ សុភាពរាបសារ និងយកចិត្តទុកដាក់ចំពោះស្ថានភាពរបស់អ្នកជំងឺ។
លោកវេជ្ជបណ្ឌិត បានចាត់ទុកថា ការប្រាស្រ័យទាក់ទងល្អរវាងបុគ្គលិកសុខាភិបាល និងអ្នកជំងឺ គឺជាផ្នែកមួយដ៏សំខាន់ក្នុងការផ្តល់សេវាថែទាំសុខភាពប្រកបដោយគុណភាព។
ចំណុចសំខាន់មួយទៀតដែលលោកបានលើកឡើង គឺសុវត្ថិភាពអ្នកជំងឺ និងការបង្ការការចម្លងរោគ (IPC)។ លោកវេជ្ជបណ្ឌិត បានណែនាំឲ្យនិស្សិតយកចិត្តទុកដាក់ខ្ពស់ចំពោះវិធានការបង្ការ និងត្រួតពិនិត្យការចម្លងរោគនៅក្នុងមន្ទីរពេទ្យ ដើម្បីជៀសវាងការចម្លងរោគពីអ្នកជំងឺម្នាក់ទៅអ្នកជំងឺម្នាក់ទៀត។ លោកក៏បានណែនាំឲ្យនិស្សិតយកចិត្តទុកដាក់លើការប្រើប្រាស់ឱសថ និងការណែនាំអ្នកជំងឺឲ្យប្រើប្រាស់ឱសថបានត្រឹមត្រូវ។
តាមរយៈអនុសាសន៍ទាំងនេះ លោកវេជ្ជបណ្ឌិត គួង ឡូ បានជំរុញឲ្យនិស្សិតប្រើប្រាស់ឱកាសកម្មសិក្សានេះ ដើម្បីបង្កើនចំណេះដឹង បទពិសោធន៍ និងជំនាញជាក់ស្តែង ព្រមទាំងចាប់ផ្តើមកសាងស្មារតីវិជ្ជាជីវៈ ដើម្បីត្រៀមខ្លួនក្លាយជាអ្នកជំនាញសុខាភិបាលដែលមានសីលធម៌ វិន័យ និងការទទួលខុសត្រូវខ្ពស់ចំពោះអ្នកជំងឺនាពេលអនាគត៕





