សមរភូមិក្រោយ ជួយសមរភូមិមុខ! ក្រុមការងារគណបក្សប្រជាជនទទួលបន្ទុកទីក្រុងកូវីណា រដ្ឋកាលីហ្វ័រញ៉ា នាំថ្នាំពេទ្យមួយចំនួនឧបត្ថម្ភជូនកម្លាំងយោធាកងពលតូចថ្មើរជើងលេខ៣១ ឈរជេីងនៅទិសថ្មដា
29-09-2026 21:42
(កំពត)៖ នារសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ លោកឧត្ដមសេនីយ៍ត្រី គឹម កុសល មេបញ្ជាការកងពលតូចថ្មើរជើងលេខ៣១ បានអញ្ជើញទទួលថ្នាំពេទ្យមួយចំនួន ពីលោកស្រី ឡេង អមរ៉ា ប្រធានក្រុមការងារទទួលបន្ទុកទីក្រុងកូវីណា រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក និងស្វាមី ព្រមទាំងសហការី ដែលរស់នៅ សហរដ្ឋអាមេរិក។
សកម្មភាពនេះ គឺជាការចូលរួម និងបង្ហាញអំពីការយកចិត្តទុកដាក់ជាប់ជាប្រចាំពីសំណាក់ក្រុមការងារគណបក្សប្រជាជនកម្ពុជា នៅក្រៅប្រទេសដែលជាសមរភូមិក្រោយជួយដល់សមរភូមិមុខ ដែលកម្លាំងយោធានៃកងពលតូចថ្មើរជើងលេខ៣១ នៅខេត្តកំពត និងឈរជើងទទួលបន្ទុកនៅទិសថ្មដា ខេត្តពោធិ៍សាត់។
អំណោយថ្នាំពេទ្យនេះត្រូវបានប្រគល់ជូនដល់កងកម្លាំងយោធាកងពលតូចថ្មើរជើងលេខ៣១ តាមរយៈលោក ជីវ ចាន់តារា ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពត និងជាអនុប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា ប្រចាំរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិកតំណាងលោក កែវ វ៉ាន្នី ប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជាប្រចាំរដ្ឋកាលីហ្វ័ញ៉ា សហរដ្ឋអាមេរិក។
នៅក្នុងឱកាសប្រគល់ថ្នាពេទ្យ លោក ជីវ ចាន់តារា និងលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត ក៏បានជួយឧបត្ថម្ភថវិកាផ្ទាល់ខ្លួនក្នុងម្នាក់ចំនួន ២លានរៀល សរុប ៤លានរៀល សម្រាប់ទិញទឹកសុទ្ធជូនដល់កងទ័ពកងពលថ្មើរជើងលេខ៣១ ដែលកំពុងឈរជើងនៅសមរភូមិមុខទិសថ្មដា ខេត្តពោធិ៍សាត់។
លោក ជីវ ចាន់តារា ក៏សូមពាំនាំនូវការផ្តាំផ្ញើពីការយកចិត្តទុកដាក់ ការនឹករលឹករបស់ថ្នាក់ដឹកនាំដែលជាក្រុមការងារទទួលបន្ទុកទីក្រុងកូវីណា រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ជូនដល់កងកម្លាំងទាំងអស់ដែលកំពុងឈរជើងប្រចាំការ ការពារបូរណភាពទឹកដីនៅទិសថ្មដា សូមជូនពរឱ្យជួបតែសំណាងល្អ និងទទួលបានជោគជ័យក្នុងភារកិច្ចការពារជាតិ និងទឹកដី ពីខ្លាំងសត្រូវឈ្លានពាន៕














