FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយសមាគមភស្តុភារកម្មកម្ពុជា ដើម្បីពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់កសិកម្ម

29-09-2026 21:26

(ភ្នំពេញ)៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ បានរៀបចំពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយសមាគមភស្តុភារកម្មកម្ពុជា ស្តីពីកិច្ចសហប្រតិបត្តិការដ៏សំខាន់មួយ។ ពិធីនេះត្រូវបានធ្វើឡើងក្រោមអធិបតីភាពរបស់បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB។

ថ្លែងក្នុងឱកាសនោះ បណ្ឌិត កៅ ថាច បានគូសបញ្ជាក់ពីគោលដៅយុទ្ធសាស្ត្ររួមគ្នាក្នុងការ «ពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ និងភស្តុភារកម្មកសិកម្មឱ្យមានប្រសិទ្ធភាព ប្រកបដោយបរិយាបន្ន និងចីរភាព»។ គោលបំណងចម្បងនៃកិច្ចសហប្រតិបត្តិការនេះគឺដើម្បីធានាឱ្យបាននូវការកើនឡើងនូវប្រាក់ចំណូលគ្រួសារកសិករ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមជនបទ។

លោកបណ្ឌិតបានសង្កត់ធ្ងន់ថា វិស័យភស្តុភារកម្មដើរតួនាទីជាស្ពានតភ្ជាប់ដ៏មានសារៈសំខាន់រវាងកសិករ និងទីផ្សារ ដែលនឹងជួយកាត់បន្ថយថ្លៃដើម និងការខាតបង់ក្រោយការប្រមូលផល ព្រមទាំងបង្កើនភាពប្រកួតប្រជែងនៃផលិតផលកសិកម្មកម្ពុជា ទាំងនៅលើទីផ្សារក្នុងស្រុក និងអន្តរជាតិ។

បន្ថែមពីនេះ ធនាគារ ARDB នឹងពង្រីកលទ្ធភាពក្នុងការផ្តល់ហិរញ្ញប្បទានទៅលើប្រព័ន្ធភស្តុភារកម្មបៃតង (Green Logistics) ជាពិសេសលើការវិនិយោគលើមធ្យោបាយដឹកជញ្ជូនបៃតង ដើម្បីជួយឱ្យប្រតិបត្តិករភស្តុភារកម្មអាចកាត់បន្ថយការខាតបង់ក្រោយការប្រមូលផល និងលើកកម្ពស់ប្រសិទ្ធភាពខ្សែច្រវាក់តម្លៃកសិកម្ម។ តាមរយៈអនុស្សរណៈនៃការយោគយល់គ្នានេះ ភាគីទាំងពីរបានកំណត់គោលបំណងសហប្រតិបត្តិការសំខាន់ៗចំនួន ៣ រួមមាន៖

ទីមួយ ការសហការផ្សព្វផ្សាយព័ត៌មានអំពីផលិតផលឥណទាន និងសេវាហិរញ្ញវត្ថុរបស់ធនាគារ ARDB ជូនដល់សមាជិកសមាគមដែលមានតម្រូវការទុនវិនិយោគក្នុងវិស័យភស្តុភារកម្ម និងខ្សែច្រវាក់ផ្គត់ផ្គង់កសិកម្ម។

ទីពីរ ការចែករំលែកព័ត៌មាន ទិន្នន័យ និងបទពិសោធន៍ពាក់ព័ន្ធ ដើម្បីជាមូលដ្ឋានក្នុងការរៀបចំផលិតផល និងសេវាហិរញ្ញវត្ថុឱ្យកាន់តែឆ្លើយតបចំតម្រូវការជាក់ស្តែង។

ទីបី ការសហការរៀបចំគម្រោង កម្មវិធី និងព្រឹត្តិការណ៍រួមគ្នា ដូចជាសិក្ខាសាលា វគ្គបណ្តុះបណ្តាល ជំនួបធុរកិច្ច និងវេទិកាផ្សព្វផ្សាយផ្សេងៗ។

កិច្ចសហប្រតិបត្តិការនេះត្រូវបានគេរំពឹងថានឹងរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព៕