FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ACU បញ្ជូនសំណុំរឿង ៤ករណី ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (នៃឃុំព្រែកខ្សាច់) ទៅសាលាដំបូងរាជធានីភ្នំពេញ

29-09-2026 21:19

(ភ្នំពេញ)៖ អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) បានប្រកាសពីលទ្ធផលនៃការងាររបស់ខ្លួនក្នុងខែកញ្ញា ឆ្នាំ២០២៦ ដោយបានដំណើរការពិនិត្យ វិភាគ និងធ្វើការសម្រេចលើពាក្យបណ្ដឹងចំនួន ៤៤ ពាក្យបណ្ដឹង។ ក្នុងចំណោមនោះ អ.ប.ព. បានបញ្ជូនសំណុំរឿងព្រហ្មទណ្ឌចំនួន ៤ ករណី ដែលពាក់ព័ន្ធនឹងឃុំព្រែកខ្សាច់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី។

តាមរយៈរបាយការណ៍របស់កិតិ្តនីតិកោសលបណ្ឌិត ទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធាន អ.ប.ព. បង្ហាញក្នុងកិច្ចប្រជុំលើកទី១៤ អាណត្តិទី៤ នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព.) នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមអធិបតីភាពសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធាន ក.ជ.ប.ព. ដោយបានបញ្ជាក់អំពីសំណុំរឿងទាំង ៤ករណី នៃឃុំព្រែកខ្សាច់។

ទី១៖ សំណុំរឿងព្រហ្មទណ្ឌលេខ៥៤៧៦ ចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ មានជនត្រូវចោទ ចំនួន ៤នាក់

*ឈ្មោះ រៀម រុំ ត្រូវចោទពីបទស៊ីសំណូក, សម្អាតប្រាក់ និងសមគំនិតក្នុងអំពើរៀបចំ ដឹកនាំមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
*ឈ្មោះ ជា សុទ្ធ (កំពុងជាប់ឃុំនៅមណ្ឌលអប់រំកែប្រែទី១) និងឈ្មោះ ជា វាសនា ត្រូវចោទ ពីបទសមគំនិតក្នុងអំពើរៀបចំ ឬដឹកនាំមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
*ឈ្មោះ ចាំង ចៀនឈាំង (Zhang Jian Qiang) ហៅ ឆៃ យ៉ូវយៀន (Cai You Yuan) ហៅ ត្រងោល ត្រូវចោទពីបទសូកប៉ាន់, សម្អាតប្រាក់, ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងរៀបចំ ឬដឹកនាំមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

ទី២៖ សំណុំរឿងព្រហ្មទណ្ឌលេខ៥៥១៩ ចុះថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ មានជនសង្ស័យចំនួន ១នាក់ ឈ្មោះ ជិន សុភាន់ មន្ត្រីនគរបាល នៃអធិការដ្ឋាននគរបាលស្រុកកំពង់ត្រាច ខេត្តកំពត (អតីតអធិការរង នៃអធិការដ្ឋាន នគរបាលស្រុកគិរីសាគរ ខេត្តកោះកុង) ត្រូវចោទពីបទសមគំនិតក្នុងអំពើរៀបចំ ឬដឹកនាំមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

ទី៣៖​ សំណុំរឿងព្រហ្មទណ្ឌលេខ៥៥៧៩ ចុះថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ មានជនត្រូវចោទ ឈ្មោះ ភេ ផាត់ផេង មន្ត្រីនគរបាលការិយាល័យច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិ នៃនាយកដ្ឋានច្រកទ្វារទី១ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បទរំលោភអំណាច (មានប្រសិទ្ធភាព), សម្អាតប្រាក់និងសមគំនិត ក្នុងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

ទី៤៖ សំណុំរឿងព្រហ្មទណ្ឌលេខ៥៥៨១ ចុះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ មានជនត្រូវចោទ ឈ្មោះ ឡាយ សុខគង់ ម្ចាស់អាជីវកម្មតូបប្តូរប្រាក់យីហោ "សុខគង់១៤៨ប្តូរប្រាក់- SOKONG148" ពីបទសមគំនិតក្នុងអំពើសូកប៉ាន់, ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងរៀបចំ ឬដឹកនាំមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា និងបទសម្អាតប្រាក់ និងបទល្មើសការធ្វើសកម្មភាពប្តូរប្រាក់ ដោយគ្មានការអនុញ្ញាតពីធនាគារ៕