FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្រ្តី ប៉េង ពោធិ៍នា៖ ការអនុវត្តច្បាប់ផ្លូវថ្នល់ មិនមែនត្រឹមតែការត្រួតពិនិត្យ និងចាត់វិធានការនោះទេ ត្រូវមានការណែនាំដើម្បីបង្កើនការយល់ដឹងដល់អ្នកប្រើប្រាស់ផ្លូវ

29-09-2026 21:15

(ភ្នំពេញ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀលថ្ងៃអង្គារ ទី២៩ ខែកញ្ញា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីក្នុងពីធីបើកសិក្ខាសាលាស្តីពីការផ្សព្វផ្សាយច្បាប់ ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការងារត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងជាប្រធានគម្រោងសាងសង់ផ្លូវ តំណាងក្រសួងស្ថាប័ន អភិបាលរាជធានីខេត្ត កងកម្លាំងប្រដាប់អាវុធ សមាគមដឹកជញ្ជូនទំនិញ សមាគមឡូជីស្ទីកកម្ពុជា ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន កងវិស្វកម្ម លោកប្រធាន-អនុប្រធានស្ថានីយជញ្ជីង ក្រុមចល័តក្រសួង និងមន្រ្តីរាជការក្រោមឱវាទក្រសួងជាច្រើនរូបទៀត។

នាឱកាសនោះលោករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ការធ្វើវិសោធនកម្មច្បាប់នេះ គឺជាជំហានវិជ្ជមានថ្មីមួយដ៏មានសារៈសំខាន់ក្នុងការលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រង អភិវឌ្ឍន៍ និងការពារហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់។ តាមរយៈការបង្កើនប្រសិទ្ធភាពនៃការទប់ស្កាត់យានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងការកែសម្រួលការពិន័យអន្តរការណ៍ឱ្យកាន់តែតឹងរ៉ឹង ច្បាប់នេះនឹងជួយកាត់បន្ថយចំណាយប្រតិបត្តិការដឹកជញ្ជូន និងឡូជីស្ទិករបស់វិស័យឯកជន ព្រមទាំងដើរតួនាទីយ៉ាងសំខាន់ជាខែលការពារទ្រព្យសម្បត្តិជាតិ និងអាយុជីវិតរបស់ប្រជាពលរដ្ឋនៅលើដងផ្លូវ។

លោក ប៉េង ពោធិ៍នា ក៏បានសង្កត់ធ្ងន់ថា ការអនុវត្តច្បាប់មិនមែនត្រឹមតែការត្រួតពិនិត្យ និងចាត់វិធានការប៉ុណ្ណោះទេ ប៉ុន្តែត្រូវភ្ជាប់ជាមួយការផ្សព្វផ្សាយ ការណែនាំ និងការបង្កើនការយល់ដឹងដល់អ្នកប្រើប្រាស់ផ្លូវ និងអ្នកប្រកបអាជីវកម្មដឹកជញ្ជូនផងដែរ។

លោក ប៉េង ពោធិ៍នា ក៏បានអំពាវនាវដល់មន្ត្រីអនុវត្តច្បាប់គ្រប់ជាន់ថ្នាក់ឱ្យប្រកាន់ខ្ជាប់នូវគោលការណ៍ច្បាប់ជាមូលដ្ឋាន សុចរិតភាព តម្លាភាព វិជ្ជាជីវៈ និងការទទួលខុសត្រូវ ព្រមទាំងអនុវត្តច្បាប់ដោយស្មើភាព និងមិនលម្អៀង។ លោកក៏បានជំរុញឱ្យម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់យានយន្ត អ្នកបើកបរ និងប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តច្បាប់នេះឱ្យបានត្រឹមត្រូវ និងខ្ជាប់ខ្ជួន ដើម្បីរួមចំណែកដល់ការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាព។

លោករដ្ឋមន្រ្តី ក៏បានជំរុញឱ្យអាជ្ញាធរមានសមត្ថកិច្ច និងស្ថាប័នពាក់ព័ន្ធ បន្តបង្កើនកិច្ចសហការ និងសម្របសម្រួលគ្នាឱ្យបានជិតស្និទ្ធ ដើម្បីកែលម្អចំណុចខ្វះខាត និងបញ្ហាប្រឈមដែលបានជួបប្រទះនាពេលកន្លងមក ព្រមទាំងបន្តការដឹកនាំ គ្រប់គ្រង និងចុះអនុវត្តសកម្មភាពទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ឱ្យបានខ្លាំងក្លាថែមទៀត ដើម្បីធានាបាននូវគុណភាពនៃហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ប្រកបដោយគុណភាព និងអាចប្រើប្រាស់បានយូរអង្វែង ហើយអំពាវនាវដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់យានយន្ត អ្នកបើកបរ និងប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តច្បាប់នេះឱ្យបានត្រឹមត្រូវ និងខ្ជាប់ខ្ជួន។

សូមបញ្ជាក់ដែរថា ច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីផ្លូវថ្នល់ ត្រូវបានប្រកាសឱ្យប្រើដោយព្រះរាជក្រម ចុះថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦។ ច្បាប់នេះត្រូវបានអនុម័ត​ដោយរដ្ឋសភាកាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ និងព្រឹទ្ធសភាពិនិត្យចប់សព្វគ្រប់កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦។ គោលបំណងសំខាន់នៃច្បាប់នេះ​គឺដើម្បីកែសម្រួលមាត្រាមួយចំនួននៃច្បាប់ស្ដីពីផ្លូវថ្នល់ឆ្នាំ២០១៤ ជាពិសេសទាក់ទងនឹងការត្រួតពិនិត្យ និងការកំណត់ទម្ងន់យានយន្តដឹកជញ្ជូន៕