អភិបាលស្រុកទឹកឈូ នាំយកថវិកា បើកជូនសព៣គ្រួសារ នៅឃុំជុំគ្រៀល និងឃុំព្រៃថ្នង
29-09-2026 21:09
(កំពត)៖ លោក អ៊ឹម ច័ន្ទសោធន អភិបាល នៃគណៈអភិបាលស្រុកទឹកឈូ និងជាប្រធានគណៈកម្មាធិការ(អ.ន.ក)ស្រុក នារសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារស្រុក និងសាខា (អ.ន.ក) ឃុំព្រៃថ្នង និងឃុំជុំគ្រៀល នៃស្រុកទឹកឈូ ខេត្តកំពត នាំយកថវិកាបេឡាមរណៈសង្គ្រោះ ចំនួន ១២,០០០,០០០(ដប់ពីរលានរៀលគត់) បើកជូនគ្រួសារនៃសពចំនួន ៣គ្រួសារ ដោយក្នុងមួយគ្រួសារ ទទួលបាន ៤,០០០,០០០រៀល (បួនលានរៀលគត់)។
ក្នុងឱកាសចុះសួរសុខទុក្ខ និងនាំយកថវិកា ជូនដល់ក្រុមគ្រួសារដែលបានទទួលមរណៈភាពខាងលើ លោក អុឹម ច័ន្ទសោធន អភិបាលស្រុកទឹកឈូ បានពាំនាំនូវការនឹករលឹក និងការផ្តាំផ្ញើសួរសុខទុក្ខ និងយកចិត្តទុកដាក់ខ្ពស់ពីលោកបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត ដែលលោកតែងតែគិតគូរអំពីសុខទុក្ខវីរយុទ្ធជនជួរមុខ ក្រុមគ្រួសារនិវត្តន៍ជន និងក្រុមគ្រួសារជនពិការជានិច្ច ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរនោះឡើយ។
បើតាមលោកអភិបាលស្រុកទឹកឈូ គ្រួសារទាំងបីនៃសព ដែលទទួលបាន រួមមាន៖
*១៖ លោក ង៉ែត ញ៉ម ជានិវត្តជន បានទទួលមរណភាព កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ នៅភូមិច្បារអំពៅ ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត។
*២៖ លោក ណុប សុផាត ជាជនពិការ បានទទួលមរណភាព កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ នៅភូមិព្រៃថ្នង ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត។
*៣៖ លោកស្រី គឹម វ៉ាន់ ជាគ្រួសារជនពិការ បានទទួលមរណភាព កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ នៅភូមិជុំគ្រៀល ឃុំជុំគ្រាល ស្រុកទឹកឈូ ខេត្តកំពត។
លោកបន្តថា ការផ្តល់ជូនថវិកាបេឡាមរណៈសង្គ្រោះខាងលើ គឺដើម្បីជួយសម្រាល និងកាត់បន្ថយដល់ការលំបាកជូនដល់ក្រុមគ្រួសារទាំងបីនេះផងដែរ៕












