ប្រគល់ប្លង់ដីជាង ៩០០ក្បាលដី ជូនប្រជាពលរដ្ឋនៅសង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង
29-09-2026 17:32
(ស្ទឹងត្រែង)៖ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តស្ទឹងត្រែង បានរៀបចំពិធីចែកវិញ្ញាបនបត្រសម្គាល់អចលនវត្ថុ ឬប្លង់ដី ចំនួន ៩១២ក្បាលដី ជូនប្រជាពលរដ្ឋនៅភូមិហាងខូសួន សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង។
ពិធីនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ផៃ ប៊ុនឈឿន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្ទឹងត្រែង។
ក្នុងឱកាសនោះ លោក សូខន ឬទ្ធីគុណ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានគូសបញ្ជាក់ថា ការផ្តល់ប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុជូនប្រជាពលរដ្ឋ គឺជាការងារអាទិភាពមួយរបស់ រាជរដ្ឋាភិបាល ដើម្បីធានាសុវត្ថិភាព និងភាពស្របច្បាប់នៃការកាន់កាប់ដីធ្លី។
លោកបានបន្តថា ប្លង់ដីទាំងនេះមិនត្រឹមតែជាឯកសារបញ្ជាក់សិទ្ធិស្របច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមូលដ្ឋានគ្រឹះសម្រាប់ការប្រើប្រាស់ដីធ្លីប្រកបដោយសុវត្ថិភាព និងកាត់បន្ថយវិវាទដីធ្លីនៅមូលដ្ឋាន។
ជាមួយគ្នានេះ លោក ផៃ ប៊ុនឈឿន បានមានប្រសាសន៍ថា ការចែកប្លង់ដីជូនប្រជាពលរដ្ឋ គឺជាសក្ខីភាពមួយបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះសុខទុក្ខ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋ ជាពិសេសការធានាសិទ្ធិស្របច្បាប់លើអចលនវត្ថុ។
លោកបានបន្ថែមថា ការទទួលបានប័ណ្ណសម្គាល់អចលនវត្ថុជាផ្លូវការ នឹងផ្តល់ភាពកក់ក្តៅ និងទំនុកចិត្តដល់ប្រជាពលរដ្ឋក្នុងការកាន់កាប់ ប្រើប្រាស់ និងអភិវឌ្ឍដីធ្លីរបស់ខ្លួន ព្រមទាំងរួមចំណែកដល់ការពង្រឹងសណ្តាប់ធ្នាប់ ក្នុងការគ្រប់គ្រង និងប្រើប្រាស់ធនធានដីធ្លីនៅមូលដ្ឋាន។ លោកក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ ឱ្យបន្តយកចិត្តទុកដាក់ក្នុងការផ្តល់សេវាសុរិយោដីជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស ត្រឹមត្រូវ និងតម្លាភាព។
ពិធីចែកវិញ្ញាបនបត្រសម្គាល់អចលនវត្ថុនាពេលនេះ បានផ្តល់ឱកាសឱ្យប្រជាពលរដ្ឋជាច្រើនគ្រួសារ ទទួលបានឯកសារផ្លូវច្បាប់បញ្ជាក់ពីសិទ្ធិលើអចលនវត្ថុរបស់ខ្លួន ដែលជាកត្តាសំខាន់សម្រាប់ការរស់នៅ ប្រកបរបរចិញ្ចឹមជីវិត និងការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន៕










