FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្រ្តី ជា វ៉ាន់ដេត​៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កំពុងរៀបចំគោលនយោបាយជាតិ ស្ដីពីលំហអាកាស និងកម្មវិធីលំហអាកាសរយៈពេល៥ឆ្នាំ

29-09-2026 17:18

(ភ្នំពេញ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះ ក្នុងសិក្ខាសាលាស្តីពី ការបង្កើតបណ្តាញ និងការផ្គូរផ្គងធុរកិច្ចដើម្បី «រួមគ្នាបង្កើត» សេដ្ឋកិច្ចលំហអាកាស កម្ពុជា-ជប៉ុន (Cambodia-Japan «Co-Creation» Networking Symposium and Business Matching)។

សិក្ខាសាលានេះ ដោយមានការអញ្ជើញចូលរួមពីលោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ព្រមទាំងវិស័យឯកជនមកពីប្រទេសជប៉ុននិងកម្ពុជា ដៃគូសហការជាតិ និងអន្តរជាតិ ព្រមទាំងមន្រ្តី និងថ្នាក់ដឹកនាំក្រសួងស្ថាប័នប្រមាណ១៥០នាក់ នៅសណ្ឋាគារ Hyatt Regency ភ្នំពេញ។

សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងដើម្បីតភ្ជាប់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន និងដៃគូសហការរវាងប្រទេសជប៉ុន និងកម្ពុជា ជាពិសេសពាក់ព័ន្ធទៅនឹងវិស័យ លំហអាកាស និងការស្រាវជ្រាវ សំដៅចូលរួមនៅក្នុងការជំរុញកំណើនបៃតង (Green Growth) ការពារបរិស្ថាន ធ្វើបរិវត្តកម្មឌីជីថល និងបង្កើតឱកាសថ្មីៗ សម្រាប់អាជីវកម្ម ក្នុងវិស័យលំហអាកាសជាតិនិងអន្តរជាតិ។

ថ្លែងក្នុងសិក្ខាសាលានេះ រដ្ឋមន្រ្តី ជា វ៉ាន់ដេត បានលើកឡើងថា ក.ប.ទ. បាននិងកំពុងរៀបចំគោលនយោបាយជាតិ ស្ដីពីលំហអាកាស និងកម្មវិធីលំហអាកាសរយៈពេល ៥ឆ្នាំ ដើម្បីពង្រឹងវិស័យលំហអាកាស បង្កើតប្រព័ន្ធអេកូឡូស៉ីលំហអាកាសជាតិ និងជំរុញសេដ្ឋកិច្ចលំហអាកាសនៅកម្ពុជា ព្រមទាំងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ការពារបរិស្ថាន លើកកម្ពស់សេវាសាធារណៈ ពន្លឿនការធ្វើបរិវត្តកម្មឌីជីថល ពង្រឹងសមត្ថភាពធនធានមនុស្ស និងបើកឱកាសអាជីវកម្មថ្មីៗ។

បន្ថែមពីនេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក៏បានផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតទៅកាន់និស្សិតកម្ពុជា ចំនួន៤៨នាក់ ទៅសិក្សានៅក្រៅប្រទេស លើជំនាញលំហអាកាសផងដែរ៕