រដ្ឋមន្ត្រីក្រសួងការងារ ជំរុញឱ្យយុវជនខ្មែរពង្រឹងជំនាញ ដើម្បីឈានទៅប្រកួតប្រជែងលើឆាកអន្តរជាតិ (Video inside)
29-09-2026 17:04
(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជំរុញឱ្យយុវជន សិស្ស និងនិស្សិតកម្ពុជា ផ្លាស់ប្តូរផ្នត់គំនិតពីការប្រកួតប្រជែងត្រឹមកម្រិតជាតិ ទៅរកការប្រកួតប្រជែងលើឆាកអន្តរជាតិ តាមរយៈការពង្រឹងចំណេះដឹង និងជំនាញវិជ្ជាជីវៈ។
ការជំរុញបែបនេះរបស់ លោករដ្ឋមន្ត្រី ហេង សួរ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦នេះ ដែលលោកអញ្ជើញជាអធិបតីក្នុងពិធីបើក
ការប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជា លើកទី១០ ឆ្នាំ២០២៦ ក្រោមប្រធានបទ៖ «ការប្រកួតប្រជែងជំនាញជាការបញ្ចេញទេពកោសល្យ និងបង្កើតឱកាសជោគជ័យ» ដែលមានរយៈពេល៥ ថ្ងៃ គឺចាប់ពីថ្ងៃទី២៩ ខែកញ្ញា ដល់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ខាងមុននេះ។
លោករដ្ឋមន្ត្រី បានលើកឡើងថា យុវជនកម្ពុជាមិនគួរសម្លឹងមើលត្រឹមព្រំដែនប្រទេសឡើយ ប៉ុន្តែត្រូវមានមហិច្ឆតា និងភាពក្លាហានក្នុងការដាក់ខ្លួនប្រកួតប្រជែងជា មួយយុវជននៃប្រទេសនានាលើឆាកអន្តរជាតិ ការលើកស្ទួយជាតិមិនមែនមានតែការការពារប្រទេសដោយកម្លាំងយោធាប៉ុណ្ណោះទេ ប៉ុន្តែយុវជនក៏អាចចូលរួមលើកកម្ពស់កិត្តិយសជាតិ តាមរយៈសមត្ថភាព ជំនាញ ផលិតផល សេវាកម្ម និងស្នាដៃរបស់ខ្មែរដែលអាចទទួលស្គាល់នៅលើទីផ្សារ និងឆាកអន្តរជាតិ។
លោក ហេង សួរ បានសង្កត់ធ្ងន់ថា ការឈឺចាប់ចំពោះបញ្ហាដែលកើតមានចំពោះជាតិ គួរត្រូវបានបម្លែងទៅជាកម្លាំងចិត្ត ការខិតខំប្រឹងប្រែង និងការលះបង់ ដើម្បីបង្កើនសមត្ថភាពរបស់ខ្លួន។ លោកថា កម្ពុជាត្រូវបង្កើតធនធានមនុស្សដែលមានជំនាញ និងសមត្ថភាពខ្ពស់ ដើម្បីអាចផលិតទំនិញ ផ្តល់សេវាកម្ម និងបង្កើតស្នាដៃដែលអន្តរជាតិអាចស្គាល់ និងប្រើប្រាស់បាន។
លោករដ្ឋមន្ត្រី បានចាត់ទុកថា ជំនាញជាឆ្អឹងខ្នង និងជាកត្តាសំខាន់សម្រាប់ការអភិវឌ្ឍសមត្ថភាពរបស់កម្ពុជា ដោយអំពាវនាវឱ្យមានការបំផុសស្មារតីស្រឡាញ់ជំនាញ និងលើកទឹកចិត្តឱ្យសិស្ស និស្សិត និងយុវជនជំនាន់ក្រោយ ចាប់យកជំនាញវិជ្ជាជីវៈឱ្យកាន់តែច្រើន។
បន្ថែមពីនេះ លោកបានបញ្ជាក់ថា ការចូលរួមប្រកួតប្រជែងជំនាញមិនគួរបញ្ចប់ត្រឹមការតំណាងឱ្យសាលា ឬការទទួលបានស្នាដៃក្នុងការប្រកួតកម្រិតជាតិនោះទេ។ អ្នកចូលរួមត្រូវបន្តជំរុញ និងបំផុសសិស្សជំនាន់ក្រោយឱ្យស្រឡាញ់ជំនាញ ស្រាវជ្រាវ និងអភិវឌ្ឍសមត្ថភាព ដើម្បីអាចឈានទៅប្រកួតប្រជែងនៅកម្រិតអាស៊ាន និងពិភពលោក។ លោកក៏បានលើកឡើងពីសារៈសំខាន់នៃការចង់ឱ្យអ្នកជំនាន់ក្រោយមានសមត្ថភាពលើសពីជំនាន់មុន។ ការរីកចម្រើនពិតប្រាកដកើតឡើង នៅពេលដែលជំនាន់ក្រោយអាចមានសមត្ថភាពខ្ពស់ជាងជំនាន់មុន និងអាចបត់បែនបានលឿនទៅតាមការវិវត្តនៃបច្ចេកវិទ្យា និងតម្រូវការជំនាញនៅលើពិភពលោក។
លោកបានសង្កត់ធ្ងន់ថា ប្រសិនបើយុវជនកម្ពុជាអាចនាំយកសមត្ថភាព និងជំនាញរបស់ខ្លួនទៅប្រកួតប្រជែង និងទទួលបានលទ្ធផលល្អនៅលើឆាកអន្តរជាតិ នោះនឹងជួយបង្កើនមោទនភាពជាតិ និងអាចជំរុញឱ្យយុវជនជំនាន់ក្រោយកាន់តែមានចំណាប់អារម្មណ៍ក្នុងការរៀន និងអភិវឌ្ឍជំនាញវិជ្ជាជីវៈ។ លោកបានលើកទឹកចិត្ត ឱ្យយុវជនកម្ពុជា ហ៊ានស្រមៃ ហ៊ានប្រកួតប្រជែង និងហ៊ានអភិវឌ្ឍសមត្ថភាព ដើម្បីឱ្យទង់ជាតិកម្ពុជាអាចត្រូវបាននាំទៅបង្ហាញនៅលើវេទិកាជំនាញអន្តរជាតិ តាមរយៈស្នាដៃ និងសមត្ថភាពរបស់កូនខ្មែរ៕
សូមស្ដាប់ការលើកឡើងរបស់ លោក ហេង សួរ ដូចតទៅ៖












