FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ហាក់ ម៉ុងហួត ជំរុញឱ្យពលរដ្ឋបង្កេីនការដាំដុះដំណាំត្រសក់ ដែលកំពុងផ្តល់ប្រាក់ចំណូលខ្ពស់ជូនកសិករ

29-09-2026 17:05

(កំពង់ធំ)៖ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក រួមជាមួយសហការី នារសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦នេះ បានអញ្ជើញចុះពិនិត្យមើលការដាំដុះដំណាំត្រសក់របស់ប្រជាកសិករ ស្ថិតនៅក្នុងឃុំស្រឡៅ ដើម្បីស្វែងយល់ពីស្ថានភាពទីផ្សារ និងផ្តល់កម្លាំងចិត្តដល់ប្រជាសហគមន៍កសិកម្មនៅមូលដ្ឋាន។ ដំណាំត្រសក់នេះ គឺជាបន្លែបន្ទាប់បន្សំពីការធ្វើស្រូវ ដែលកំពុងជួយលើកកម្ពស់ជីវភាពគ្រួសារយ៉ាងពិតប្រាកដ។

ប្រជាកសិករចំនួន ១២ គ្រួសារ នៅក្នុងឃុំស្រឡៅ បានផ្លាស់ប្តូរទម្លាប់ពីការធ្វើស្រូវតែមួយមុខ មកដាំដំណាំរួមផ្សំ ដោយដាំដុះត្រសក់លើផ្ទៃដីសរុបប្រមាណ ៥ ហិកតា។ បច្ចុប្បន្ន ដំណាំត្រសក់កំពុងមានទីផ្សារល្អប្រសើរ ដោយអាចប្រមូលផលបានជាមធ្យមពី ៥ ទៅ ៦ តោន ក្នុងមួយថ្ងៃ។ ចំពោះតម្លៃទីផ្សារវិញ ត្រសក់ត្រូវបានលក់ចេញជាមធ្យមក្នុងតម្លៃពី ២,០០០ ទៅ ២,៥០០ រៀល ក្នុងមួយគីឡូក្រាម ដែលធ្វើឱ្យកសិករទាំង ១២ គ្រួសារ រកបានប្រាក់ចំណូលខ្ពស់។

នាឱកាសចុះពិនិត្យនោះ លោកអភិបាលស្រុក បានសម្តែងការកោតសរសើរ និងលើកទឹកចិត្តយ៉ាងខ្លាំងដល់បងប្អូនប្រជាកសិករទាំងអស់ ដែលបានខិតខំប្រឹងប្រែងកែប្រែទម្លាប់ដាំដុះ បង្កើតប្រភពចំណូលបន្ថែមក្រៅពីការធ្វើស្រូវ។

លោក ហាក់ ម៉ុងហួត ក៏បានជំរុញឱ្យកសិកររៀបចំផែនការដាំដុះឱ្យបានទៀងទាត់ រក្សាបច្ចេកទេសសុវត្ថិភាព និងពង្រីកការដាំដុះបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ និងចូលរួមកាត់បន្ថយការនាំចូលបន្លែពីខាងក្រៅផងដែរ។ ការខិតខំប្រឹងប្រែងនេះ មិនត្រឹមតែជួយបង្កើនចំណូលគ្រួសារប៉ុណ្ណោះទេ ថែមទាំងរួមចំណែកដល់សេដ្ឋកិច្ចមូលដ្ឋាន និងជាតិទៀតផង៕