FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ថ្នាក់ដឹកនាំធនាគារជាតិ ចូលរួមពិធីកាន់បិណ្ឌទី៣ ដោយឧទ្ទិសកុសលជូនសាច់សារលោហិត និងវីរយុទ្ធជនពលីក្នុងបុព្វហេតុជាតិ

29-09-2026 16:58

(ភ្នំពេញ)៖ លោកស្រីអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ខៀវ ស៊ីណា និងលោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានទទួលកាន់បិណ្ឌវេនទី៣ និងចាត់ចែងចង្ហាន់ប្រគេនព្រះសង្ឃគង់ នៅវត្តបទុមវតី រាជវរារាម រាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ ក្រុមគ្រួសារ និងមន្ត្រី-បុគ្គលិកធនាគារជាតិនៃកម្ពុជាផងដែរ។

ពិធីបុណ្យកាន់បិណ្ឌនេះ ត្រូវបានរៀបចំឡើងតាមប្រពៃណីព្រះពុទ្ធសាសនា ក្នុងគោលបំណងទំនុកបម្រុង និងចាត់ចែងចង្ហាន់និងបច្ច័យ ៤ ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា និងឧទ្ទិសមហាកុសលផលបុណ្យដល់ដួងវិញ្ញាណខន្ធ ឯកឧត្តម ជា ចាន់តូ អតីតទេសាភិបាល កិត្តិយសធនាគារជាតិនៃកម្ពុជា និងបុព្វការីជនទាំងឡាយមានមាតាបិតាជីដូនជីតា យុទ្ធជន យុទ្ធនារី ដែលបានពលីជីវិតដើម្បីជាតិ មាតុភូមិ ក៏ដូចជាចូលរួមចំណែករឹតចំណងសាមគ្គីភាព និងលើកតម្កើងព្រះពុទ្ធសាសនាឱ្យបានរុងរឿងអស់កាលជាអង្វែងតទៅ ។

ក្នុងពិធីនេះដែរ, ក្រៅពីការឧទ្ទិសកុសលជូនបុព្វការីជន សាច់សារលោហិត អ្វីដែលថ្នាក់នាំ មន្រ្តីរាជការ បុគ្គលិក និងប្រជា- ពលរដ្ឋមិនអាចបំភ្លេចបាន គឺគុណបំណាច់ និងការលះបង់ដ៏ធំធេងរបស់វីរយុទ្ធជនកម្ពុជាយើង។ តាមរយៈនៃបុណ្យកុសល ដែលបាន ធ្វើឡើងក្នុងថ្ងៃបិណ្ឌទី៣នេះ លោកស្រីបណ្ឌិត ក៏បានឧទ្ទិសជូនដល់ដួងវិញ្ញាណក្ខ័នយុទ្ធជន យុទ្ធនារីស្នេហាជាតិ ដែលពលីជីវិតក្នុង បុព្វហេតុជាតិមាតុភូមិគ្រប់សម័យកាល ជាពិសេសវីរយុទ្ធជនដែលបានពលីជីវិតលើកិច្ចការការពាទឹកដី នៃការប៉ះទង្គិចពីជម្លោះព្រំដែន កម្ពុជា-ថៃនាពេលថ្មីៗកន្លងមក សូមឲ្យមនុញ្ញផលជូនដល់វិញ្ញាណក្ខ័នអស់លោកទាំងនោះ បានសោយសុខនាឋានបុរមសុខកុំបីឃ្លៀង ឃ្លាតឡើយ។

លោកស្រីបណ្ឌិតក៏បានបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងអស់ ព្រមទាំងបារមីដូនតាខ្មែរ និងអតីតមេទ័ពខ្មែរគ្រប់ជំនាន់ ជួយតាមថែរក្សាការពារវីរកងទ័ព និងវីរនគបាលជាតិ ដែលកំពុងលះបង់កម្លាំងកាយចិត្ត និងអាយុជីវិត ឈរជើងការពារបូរណភាពទឹកដី និងសន្តិសុខនៅតាមបន្ទាត់ព្រំដែន ឱ្យទទួលបានជ័យជម្នះ និងសុខសុវត្ថិភាពក្នុងការបំពេញភារកិច្ចការពារជាតិមាតុភូមិ។

សូមបញ្ជាក់ថា នៅក្នុងថ្ងៃកាន់បិណ្ឌទី៧នេះ លោកជំទាវបណ្ឌិត និងក្រុមគ្រួសារ បានប្រគេនបច្ច័យដល់ព្រះសង្ឃ ៤៥៧ អង្គ ដោយ ក្នុងមួយអង្គទទួលបានបច្ច័យ ៥ ម៉ឺនរៀល ចំណែកបច្ច័យដែលប្រមូលបានពីពុទ្ធបរិស័ទប្រមាណ ៨១ លានរៀល ត្រូវបាន​វេប្រគេន​ ដល់​ព្រះសង្ឃ សម្រាប់​ទុកកសាង​សមិទ្ធផល​នានា​នៅក្នុងវត្តបទុមវតី រាជវរារាម ដើម្បីចូលរួមដល់ការរីកចចម្រើននៅក្នុងវិស័យពុទ្ធ ចក្រ នៃព្រះរាជាណាចក្រកម្ពុជា៕