អភិបាលខេត្តកំពត ផ្ដាំផ្ញើឱ្យពលរដ្ឋ ដែលមានបណ្ណកម្មសិទ្ធិ សូមយកទៅប្រើប្រាស់ឱ្យចំគោលដៅ ពិសេសកុំឱ្យមានទំនាស់ក្រោយពេលទទួលបានបណ្ណកម្មសិទ្ធិ
29-09-2026 16:25
(កំពត)៖ លោកបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត បានផ្តាំផ្ញើដល់ពលរដ្ឋ ដែលទទួលបានបណ្ណកម្មសិទ្ធិដីធ្លីរួចហើយ សូមយកទៅប្រើប្រាស់ឱ្យចំគោលដៅ ដើម្បីទាញយកប្រយោជន៍ពីវិស័យដីធ្លី ពិសេសកុំឱ្យមានទំនាស់ក្រោយពេលទទួលបានបណ្ណ ព្រោះមុននឹងទទួលបានបណ្ណ គឺយើងបានឯកភាពគ្នា និងទទួលស្គាល់តាមផ្លូវច្បាប់រួចរាល់ហើយ។ ម្យ៉ាងទៀត ចំពោះការដោះស្រាយវិវាទដីធ្លីដែលមានបណ្ណកម្មសិទ្ធិនេះ គឺត្រូវទៅដោះស្រាយតាមប្រព័ន្ធតុលាការ មិនអាចយកមកដោះស្រាយក្រៅប្រព័ន្ធតុលាការបានឡើយ។
មានប្រសាសន៍ផ្ដាំផ្ញើបែបនេះ ខណៈលោកអភិបាលខេត្ត ម៉ៅ ធនិន អញ្ជើញចូលរួមជាអធិបតី ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដល់ពលរដ្ឋមកពីភូមិអង្គុញ ភូមិតាឡង់ ឃុំត្នោតចុងស្រង់ និងភូមិត្បាល់កិន ឃុំបន្ទាយមាសខាងលិច នៃស្រុកបន្ទាយមាស។ វិធីនេះ បានប្រព្រឹត្តធ្វើឡើង ក្នុងបរិវេណវត្តក្រាំងទឹក ស្ថិតក្នុងឃុំត្នោតចុងស្រង់ ស្រុកបន្ទាយមាស ខេត្តកំពត នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦។
ទន្ទឹមនេះ លោកអភិបាលខេត្ត ក៏បានសំដែងការអបអរសាទរ ចំពោះប្រជាពលរដ្ឋនៅទូទាំងខេត្តកំពត ដោយឡែកស្រុកបន្ទាយមាស ទាំង៣ភូមិ ក្នុង២ឃុំ ខាងលើ ដោយទទួលបានបណ្ណកម្មសិទ្ធិដីធ្លី ដែលជាអំណោយកាត់ថ្លៃពុំបាន របស់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន អតីតនាយកដ្ឋមន្ត្រីនៃកម្ពុជា បច្ចុប្បន្នជាប្រធានព្រឹទ្ធសភាកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្ដេចទាំងទ្វេ បានជំរុញ និងដាក់ចេញនូវគោលនយោបាយចាស់សកម្មភាពថ្មី លើវិស័យដីធ្លី ដើម្បីឱ្យប្រជាពលរដ្ឋ អាចទាញយកផលប្រយោជន៍ពីវិស័យនេះ។
អភិបាលខេត្ត ក៏បានថ្លែងកោតសរសើរ ចំពោះមន្ត្រីជំនាញនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋ ដែលរួមសហការគ្នាបានល្អប្រសើរ ហើយធ្វើឱ្យការចុះវាស់វែង និងចេញបណ្ណកម្មសិទ្ធិ ទទួលបានលទ្ធផលល្អប្រសើរ តាមការដាក់ចេញ របស់ប្រមុខរាជរដ្ឋាភិបាល។
លោក ព្រាប សុផាត ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានឱ្យដឹងថា ក្រោមកិច្ចចង្អុលការ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក៏ដូចជាការជំរុញគាំទ្រពីសំណាក់ លោក សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោក ម៉ៅ ធនិន អភិបាលខេត្តកំពត ក្រុមការងារជំនាញនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានធ្វើការចុះវាស់វែងដីធ្លី លើក្បាលដីប៉ាន់ស្មាន សរុបប្រមាណ ៧៨៤ ០៦៤ក្បាលដី រួចរាល់ជាស្ថាពរ ខណៈបណ្ណកម្មសិទ្ធិ ចំនួន ៦២៣ ៧២៤ បណ្ណ បានចែកជូនដល់ដៃប្រជាពលរដ្ឋ។
លោកប្រធានមន្ទីរ បន្តថា ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីជំនាញនៃមន្ទីរ ដ.ន.ស.ស ខេត្តកំពត ក្រោមការចង្អុលបង្ហាញ និងជំរុញ ពីសំណាក់ថ្នាក់ដឹកនាំក្រសួង និងថ្នាក់ដឹកនាំខេត្ត និងទទួលបានការសហការ ពីអាជ្ញាធរ និងប្រជាពលរដ្ឋ បានធ្វើឱ្យការងារចុះបញ្ជីដីធ្លី និងចេញបណ្ណកម្មសិទ្ធិក្នុងខេត្តទទួលបានលទ្ធផលល្អប្រសើរ ស្របតាមផែនការដែលបានគ្រោងទុក ដើម្បីឈានទៅសម្រេចបាន នូវគោលនយោបាយដីធ្លី របស់រាជរដ្ឋាភិបាល ប្រកបដោយ ប្រសិទ្ធភាព ចីរភាព និងបរិយាបន្ន។ ដោយឡែក ក្នុងនាមជាមន្រ្តីជំនាញនៃមន្ទីរ ដ.ន.ស.ស ខេត្តកំពត នឹងខិតខំប្រឹងប្រែង ជម្នះ ពុះពាររាល់ឧបសគ្គ ក្នុងការអនុវត្តនីតិវិធីចុះបញ្ជីដីធ្លី ចេញបណ្ណកម្មសិទ្ធិ ជូនប្រជាពលរដ្ឋនៅទូទាំងខេត្តកំពត ឱ្យបានរួចរាល់ នៅចុងឆ្នាំ២០២៦ ស្របតាមផែនការរបស់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ដែលបានកំណត់៕
លោកប្រធានមន្ទីរ បន្តទៀតថា សម្រាប់ថ្ងៃនេះ មានការប្រកាសចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិដីធ្លី) សរុបចំនួន ៣ភូមិខាងលើ ដែលមានក្បាលដី សរុបចំនួន ៤.២២៧ក្បាលដី ស្មើនឹង ១.៥៦៦គ្រួសារ៕
លោកប្រធានមន្ទី បានបញ្ជាក់ឱ្យដឹងថា ក្បាលដីប៉ាន់ស្មាន ក្នុងខេត្តកំពត សរុបប្រមាណ ៧៨៤.០៦៤ក្បាលដី ត្រូវបានមន្ទីរជំនាញវាស់វែងបញ្ចប់ ហើយបានចេញបណ្ណកម្មសិទ្ធចែកជូនដល់ដៃប្រជាពលរដ្ឋទូទាំងខេត្ត បានប្រមាណ ៦២៣.៧២៤ បណ្ណ ខណៈបណ្ណដែលនៅសេសសល់ នឹងបន្តចែកជូនពលរដ្ឋឱ្យរួចរាល់ នៅចុងឆ្នាំ២០២៦ នេះ៕

















