អភិបាលរាជធានីភ្នំពេញ ណែនាំឱ្យក្រុមការងារយករថយន្តបាញ់ទឹកលាងសំអាតមហាវិថីសហព័ន្ធរុស្ស៊ី ចាប់ពីមុខអតីតព្រលានយន្តហោះអន្តរជាតិភ្នំពេញ រហូតដល់ផ្សារជម្ពូរវ័ន
29-09-2026 16:21
(ភ្នំពេញ)៖ អនុវត្តតាមការណែនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមការងារនៃមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីរាជធានីភ្នំពេញ សហការជាមួយ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បានចុះធ្វើសកម្មភាពលាងសំអាត មហាវិថីសហព័ន្ធរុស្ស៊ី នៅចំណុចមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក្នុងមូលដ្ឋានពោធិ៍សែនជ័យ ក្រោយពីមានដីកកលើផ្លូវក្រោយពីមានភ្លៀងធ្លាក់មួយមេធំ។
លោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា កាលពីម្សិលមិញ មានភ្លៀងធ្លាក់មួយមេធំ បណ្តាលឱ្យកំណាត់មហាវិថីសហព័ន្ឋរុស្ស៊ី ពិសេសនៅចំណុចមុខ អតីតព្រលានយន្តហោះអន្តរជាតិភ្នំពេញ ស្ថិតក្នុងសង្កាត់កាកាបទី២ និងសង្កាត់ចោមចៅទី៣ បានទទួលរងនូវកាលលិចលង់ដោយជំនន់ទឹកភ្លៀង។
លោកស្រីថា ក្រោយពីទឹកបានស្រកអស់ ម្យ៉ាងដោយមានធូលីដីកកលើទ្រូងផ្លូវលោក ឃួង ស្រេង បានណែនាំជាបន្ទាន់ឱ្យក្រុមការងារ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីរាជធានីភ្នំពេញ សហការជាមួយរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ប្រើប្រាស់រថយន្ត១០គ្រឿង ធ្វើការលាងសំអាតភ្លាមៗ ដោយចាប់អនុវត្តពីមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ រហូតដល់សាលារៀនជម្ពូរវ័ន ដើម្បីកុំឱ្យដីហុយ ប៉ះពាល់សុខមាលភាពប្រជាពលរដ្ឋ ហើយក៏ជាការលើកសោភណ្ឌភាពរាជធានីភ្នំពេញផងដែរ ខណៈដែលពេលនេះ ប្រជាពលរដ្ឋ ពុទ្ធបរិស័ទ ដែលកាន់ព្រះពុទ្ធសាសនា បាននិងកំពុងធ្វើដំណើរទៅដាក់វេនបិណ្ឌ តាមប្រពៃណីសាសនា នៅតាមវត្តអារាមនានា។
មន្ត្រីជំនាញរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងផងដែរថា កំណាត់មហាវិថីសហព័ន្ឋរុស្ស៊ី ពិសេសនៅចំណុចមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ មានប្រព័ន្ធលូបង្ហូរទឹក២ខ្សែ ដែលត្រូវហូររំដោះចេញ ដោយខ្សែទី១ នៅប៉ែងខាងជើងមហាវិថីសហព័ន្ឋរុស្ស៊ី ទឹកត្រូវហូរចាក់បន្តទៅប្រឡាយទួលសំពៅ។ចំណែកខ្សែទី២ ប៉ែងខាងត្បូងមហាវិថីសហព័ន្ឋរុស្ស៊ី ទឹកត្រូវហូរទៅប្រឡាយបារាំង ប៉ុន្តែឱ្យតែមានភ្លៀងធ្លាក់ខ្លាំងម្តងៗកំណាត់មហាវិថីមួយនេះ តែងទទួលរងការលិចលង់ ហើយក៏ត្រូវបានអាជ្ញាធររាជធានីភ្នំពេញ ចុះដោះស្រាយភ្លាមៗ ធ្វើឱ្យការលិចលង់មិនប្រើពេលយូនោះទេ៕















