លោក សែ សុឃន អគ្គនាយករងគយកម្ពុជា បដិសេធយ៉ាងដាច់អហង្ការ ចំពោះការចោទប្រកាន់ពីបទរំលោភបំពានផ្លូវភេទលើក្មេងប្រុស នៅតំបន់ឆ្នេរសមុទ្រសាធារណៈនៃទីក្រុងមែលប៊ន និងកំពុងតស៊ូក្តីការពារភាពស្អាតស្អំ
29-09-2026 16:18
(ភ្នំពេញ)៖ លោក សែ សុឃន អគ្គនាយករងនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦នេះ តាមរយៈបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់ខ្លួន ចេញមកបដិសេធយ៉ាងដាច់អហង្ការ ចំពោះការចោទប្រកាន់ពីបទរំលោភបំពានផ្លូវភេទលើកុមារា (ក្មេងប្រុស) ដែលកើតឡើងកាលពីប៉ុន្មានឆ្នាំមុន នៅកំពង់ផែតំបន់ឆ្នេរសមុទ្រ Mordialloc នៃទីក្រុងមែលប៊ន (Melbourne) ដែលជាទីកន្លែងសាធារណៈដ៏ពេញនិយមមួយ។
លោកអគ្គនាយករងអះអាងថា ខ្លួនកំពុងរង់ចាំតស៊ូក្តីប្រឆាំងនឹងបទចោទប្រកាន់ទាំងនេះ ដើម្បីការពារភាពស្អាតស្អំ និងកិត្តិយស។
លោក សែ សុឃន បានបង្ហោះខ្លឹមសារថា៖ «ខ្ញុំបាទសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ មានសារព័ត៌មានមួយចំនួន បានចេញផ្សាយថា រូបខ្ញុំត្រូវបានតុលាការរដ្ឋវិកតូរីយ៉ា (Victoria) នៃប្រទេសអូស្ត្រាលី ចោទប្រកាន់ពីបទរំលោភបំពានផ្លូវភេទលើកុមារា កើតចេញពីហេតុការណ៌ កើតឡើងកាលពីប៉ុន្មានឆ្នាំមុននៅកំពង់ផែតំបន់ឆ្នេរសមុទ្រ Mordialloc នៃទីក្រុងមែលប៊ន (Melbourne) ដែលជាទីកន្លែងសាធារណៈដ៏ពេញនិយមមួយ។
ខ្ញុំសូមបដិសេធយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់ទាំងនេះ។ ការចោទប្រកាន់ទាំងនេះ គឺមិនពិតឡើយ។ បច្ចុប្បន្នខ្ញុំកំពុងរង់ចាំតស៊ូក្តីប្រឆាំងនឹងបទចោទប្រកាន់ទាំងនេះ ដើម្បីការពារភាពស្អាតស្អំ និងកិត្តិយសរបស់ខ្ញុំ។ ដោយសាររឿងកំពុងស្ថិតនៅក្នុងដំណើរការនីតិវិធីរបស់តុលាការ ខ្ញុំសូមមិនផ្តល់អត្ថាធិប្បាយបន្ថែមទៀតនៅពេលនេះទេ។
អាស្រ័យហេតុនេះ សូមសាធារណជនទាំងអស់មេត្តាជ្រាបជាព័ត៌មាន»។
តាមសារព័ត៌មានបរទេស បច្ចុប្បន្នលោក សែ សុឃន កំពុងស្នាក់នៅប្រទេសអូស្ត្រាលី ដើម្បីតតាំងរឿងក្តីនេះ ដែលសវនាការរបស់លោកត្រូវបានកំណត់នៅខែវិច្ឆិកាខាងមុខ៕



