ស្នងការនគរបាលខេត្តកំពង់ធំ ត្រួតពិនិត្យកម្លាំងត្រៀមអន្តរាគមន៍ជួយប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង និងពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
29-09-2026 15:56
(កំពង់ធំ)៖ ដោយអនុវត្តតាមការចង្អុលដឹកនាំដ៏ខ្ពង់ខ្ពស់របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ បានត្រួតពិនិត្យកងកម្លាំងដែលមានវត្តមានជាក់ស្តែង នៅក្នុងបរិវេណស្នងការដ្ឋាននគរបាលខេត្ត ដើម្បីត្រៀមលក្ខណៈជាស្រេច សម្រាប់ចុះអន្តរាគមន៍ និងជួយប្រជាពលរដ្ឋដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង។
លោកឧត្តមសេនីយ៍ស្នងការ ក៏បានណែនាំឱ្យកងកម្លាំងត្រូវបន្តយកចិត្តទុកដាក់ពង្រឹងការការពារ និងរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ ព្រមទាំងពង្រឹងការគ្រប់គ្រង ដឹកនាំ និងបញ្ជាតាមតួនាទី ភារកិច្ចប្រចាំថ្ងៃ ឱ្យបានម៉ឺងម៉ាត់ ស្របតាមសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ។
ពាក់ព័ន្ធការងារចរាចរណ៍ផ្លូវគោក លោកបានជំរុញឱ្យកងកម្លាំងនគរបាល ធ្វើជាគំរូល្អដល់ប្រជាពលរដ្ឋ ក្នុងការគោរព និងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ព្រមទាំងសហការជាមួយមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន បង្កើនការអប់រំផ្សព្វផ្សាយច្បាប់ចរាចរណ៍ តាមគ្រប់មធ្យោបាយ គ្រប់រូបភាព ដល់ប្រជាពលរដ្ឋ ដើម្បីលើកកម្ពស់ការយល់ដឹង និងការចូលរួមអនុវត្តច្បាប់ សំដៅរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងការពារអាយុជីវិតមនុស្ស សត្វ និងទ្រព្យសម្បត្តិ។
ដោយឡែក ការងារផែនការព្រហ្មទណ្ឌ ត្រូវអនុវត្តតាមផែនការជាក់លាក់ និងប្រើប្រាស់វិធានការជំនាញ ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើស ដូចជា៖ លួច ឆក់ ប្លន់ និងឆបោក ព្រមទាំងពង្រឹងការគ្រប់គ្រងមុខសញ្ញា ក្មេងទំនើង ដើម្បីធានា និងថែរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈក្នុងមូលដ្ឋាន។
ទន្ទឹមនឹងនេះ លោកបានណែនាំឱ្យពង្រឹងការងារប្រចាំបញ្ជា ដោយរៀបចំផ្លាស់ប្តូរវេនប្រចាំការ ២៤ម៉ោងលើ២៤ម៉ោង នៅតាមអង្គភាព និងត្រៀមកម្លាំងឱ្យបានរួចជាស្រេច សម្រាប់អន្តរាគមន៍ និងជួយប្រជាពលរដ្ឋនៅពេលមានភាពចាំបាច់ ជាពិសេសក្នុងស្ថានភាពមានជំនន់ទឹកភ្លៀង។
ជាចុងក្រោយ លោកឧត្តមសេនីយ៍ទោ ហេង សុផល បានជំរុញដល់ថ្នាក់ដឹកនាំ និងកងកម្លាំងទាំងអស់ ឱ្យបន្តពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង ស្មារតីទទួលខុសត្រូវ និងការលះបង់ ដើម្បីរួមគ្នាបំពេញតួនាទី ភារកិច្ចឱ្យបានល្អប្រសើរ និងឈានទៅសម្រេចបានស្នាដៃ និងលទ្ធផលថ្មីៗបន្ថែមទៀត ជូនថ្នាក់ដឹកនាំ សង្គមជាតិ និងប្រជាពលរដ្ឋ៕










