FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្ត្រី ហេង សួរ៖ TVET ជាកម្មសិទ្ធិរួមរបស់កម្ពុជា ជំរុញការអភិវឌ្ឍជំនាញបច្ចេកទេស ឌីជីថល និង AI ដើម្បីប្រកួតប្រជែង

29-09-2026 15:33

(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសង្កត់ធ្ងន់ថា ការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) មិនមែនជាកម្មសិទ្ធិផ្តាច់មុខរបស់ក្រសួងនោះទេ ប៉ុន្តែជាកម្មសិទ្ធិរួមរបស់ប្រទេសកម្ពុជាទាំងមូល។

ការសង្កត់ធ្ងន់បែបនេះរបស់ លោករដ្ឋមន្ត្រី ហេង សួរ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦នេះដែលលោកអញ្ជើញជាអធិបតីក្នុងពិធីបើក
ការប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជា លើកទី១០ ឆ្នាំ២០២៦ ក្រោមប្រធានបទ៖ «ការប្រកួតប្រជែងជំនាញជាការបញ្ចេញទេពកោសល្យ និងបង្កើតឱកាសជោគជ័យ» ដែលមានរយៈពេល ៥ ថ្ងៃ គឺចាប់ពីថ្ងៃទី ២៩ ខែកញ្ញា ដល់ថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០២៦ខាងមុននេះ។

ក្នុងឱកាសនោះដែរ លោករដ្ឋមន្ត្រី បានបញ្ជាក់ថា៖ « TVET មិនមែនជាកម្មសិទ្ធិរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនោះទេ វាគឺជាកម្មសិទ្ធិរួមរបស់ប្រទេសកម្ពុជា ហើយក្រសួងការងារមិនដែលបិទផ្លូវនោះទេ ផ្ទុយទៅវិញមានតែស្វាគមន៍ក្រសួង ស្ថាប័ន វិស័យឯកជន ក្នុងការចូលរួមគាំទ្រទៅដល់ TVET ផ្ដល់នូវកម្មវិធីបណ្ដុះបណ្ដាលដែលពាក់ព័ន្ធជាមួយនឹង TVET ឬមួយនឹងជំនាញ»។

លោករដ្ឋមន្ត្រី បានបន្ដថា នៅលើពិភពលោកគេនិយាយពីជំនាញស្ទើរតែគ្រប់ប្រទេស ហើយជំនាញដែលគេនិយាយនៅគ្រប់កន្លែងទាំងអស់ គឺជំនាញបច្ចេកទេស ជំនាញ Digital ហើយនិងជំនាញ AI។ ដូច្នេះកម្ពុជាមិនអាចនៅប្រងើយកន្តើយ ហើយមិនអាចអាត្មានិយមពេកដោយមិនយកប្រយោជន៍ជាតិតម្កល់ជារួម។ ហើយនាំនេះផ្ដោតទៅលើជំនាញបច្ចេកទេសខាងផ្នែកកម្មន្តសាល ជំនាញបច្ចេកទេស ដែលពាក់ព័ន្ធជាមួយនឹងបច្ចេកវិទ្យា ឬក៏ AI រួមទាំងជំនាញដែលពាក់ព័ន្ធជាមួយនឹងការអភិវឌ្ឍដោយចីរភាព គឺជំនាញបៃតងនោះទៀត។

លោករដ្ឋមន្ត្រី បានបន្ដទៀតថា ដើម្បីឱ្យផលិតផល និងសេវាកម្មរបស់កម្ពុជាអាចប្រកួតប្រជែងនៅទីផ្សារអន្តរជាតិ កម្ពុជាត្រូវមានសមត្ថភាពផលិតក្នុងតម្លៃសមរម្យ។ កត្តាសំខាន់មួយក្នុងការកាត់បន្ថយថ្លៃដើមផលិតកម្ម គឺការមានកម្លាំងពលកម្មដែលមានជំនាញ ផលិតភាពខ្ពស់ និងមានសមត្ថភាពប្រើប្រាស់គ្រឿងម៉ាស៊ីន បច្ចេកវិទ្យាស្វ័យប្រវត្តិកម្ម និងប្រព័ន្ធដែលប្រើប្រាស់ AI។ ប្រសិនបើផលិតភាពនៅមានកម្រិតទាប នោះថ្លៃដើមផលិតកម្មរបស់កម្ពុជាក៏អាចកើនឡើង ហើយប៉ះពាល់ដល់សមត្ថភាពប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិ។

ក្រៅពីជំនាញបច្ចេកទេស និងឌីជីថល លោក ហេង សួរ ក៏បានលើកឡើងពីសារៈសំខាន់នៃ ជំនាញបៃតង (Green Skills) និងជំនាញពាក់ព័ន្ធនឹងការប្រើប្រាស់ថាមពលកកើតឡើងវិញ ដើម្បីឆ្លើយតបនឹងនិន្នាការអភិវឌ្ឍប្រកបដោយចីរភាពរបស់ពិភពលោក។

ជាមួយគ្នានេះ លោកបានបញ្ជាក់ថា ជំនាញមូលដ្ឋានមួយចំនួននៅតែមានសារៈសំខាន់ និងមិនអាចបោះបង់ចោលបាន ដូចជា ជំនាញសំណង់ ជំនាញរចនាបថប្រពៃណី និងជំនាញដែលតម្រូវឱ្យមានការថែទាំ និងអន្តរកម្មរវាងមនុស្សនិងមនុស្ស។ ទោះជាយ៉ាងណា បច្ចេកវិទ្យា និង AI អាចនឹងចូលរួមជំនួសការងារមួយចំនួនជាបន្តបន្ទាប់ទៅថ្ងៃអនាគត។

លោក ហេង សួរ បានឱ្យដឹងថា សម្រាប់កម្រិតអភិវឌ្ឍរបស់កម្ពុជា ជំនាញចំនួន ១២ ដែលត្រូវបានជ្រើសរើសសម្រាប់ការប្រកួតប្រជែងជំនាញ នៅតែជាជំនាញមូលដ្ឋានសំខាន់ ដែលអាចឱ្យកម្ពុជាចូលរួមប្រកួតប្រជែងជំនាញទាំងក្នុងតំបន់ និងលើឆាកអន្តរជាតិ ព្រមទាំងស្របទៅនឹងរចនាសម្ព័ន្ធសេដ្ឋកិច្ច និងឧស្សាហកម្មរបស់កម្ពុជា។

លោកបានបញ្ជាក់ថា ក្នុងការប្រកួតប្រជែងជំនាញឆ្នាំនេះ កម្ពុជាបានបន្ថែមជំនាញថ្មីចំនួន ៣ បន្ថែមពីលើជំនាញដែលមានក្នុងការប្រកួតលើកមុន រួមមាន Digital Construction, 3D Digital Game Art និង Mechatronics។ ជំនាញទាំងនេះពាក់ព័ន្ធនឹងវិស័យកម្មន្តសាល បច្ចេកវិទ្យាឌីជីថល និង AI។ ចំណែកជំនាញចំនួន ៩ ដែលធ្លាប់មានក្នុងការប្រកួតប្រជែងកន្លងមក រួមមាន ជំនាញតបណ្ដាញអគ្គិសនី ជំនាញរៀបឥដ្ឋ ជំនាញផ្សារលោហៈ ជំនាញសរសេរកម្មវិធីកុំព្យូទ័រ ជំនាញរចនាគេហទំព័រ ជំនាញរចនាក្រាហ្វិក ជំនាញរៀបការ៉ូ ជំនាញម៉ាស៊ីនស្វ័យប្រវត្តិកម្ម និងជំនាញ Information Network Cabling។

ឆ្លៀតក្នុងឱកាសនោះដែរ លោក ហេង សួរ បានបញ្ជាក់ថា កម្ពុជានឹងត្រូវបន្តបន្ថែម និងអភិវឌ្ឍជំនាញថ្មីៗ ដើម្បីឆ្លើយតបនឹងការវិវត្តនៃបច្ចេកវិទ្យា តម្រូវការឧស្សាហកម្ម និងការផ្លាស់ប្ដូរនៃទីផ្សារការងារនាពេលអនាគត៕