FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋបាល‎ខេត្តស្វាយរៀង ប្រារព្ធពិធីទិវាសម្អាតអនាម័យពិភពលោកលើកទី៩ ដើម្បីលើកកម្ពស់បរិស្ថាន និងសោភ័ណភាពក្រុងស្វាយរៀង

29-09-2026 15:21

(ស្វាយរៀង)៖ ‎លោក សេង សិលា អភិបាលរងខេត្តតំណាង លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀងនៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ បានដឹកនាំមន្ត្រីពាក់ព័ន្ធរៀបចំប្រារព្ធ «ទិវាសម្អាតអនាម័យពិភពលោកលើកទី៩» (9th World Cleanup Day) យ៉ាងមហោឡារិក ដើម្បីបំផុសស្មារតីសាធារណជនឲ្យចូលរួមថែរក្សាអនាម័យ និងបរិស្ថាន នៅទីតាំងសួនច្បារច្រមុះជ្រូកគោដេក២​ ស្ថិតក្នុងសង្កាត់ស្វាយតឿ ក្រុងស្វាយរៀង។

ពិធីនេះក៏មានការនិមន្ត និងអញ្ជើញចូលរួមពីសំណាក់ព្រះសង្ឃ, លោក ចាន់ ឈន់ ប្រធានមន្ទីរបរិស្ថានខេត្ត ព្រមទាំងលោក លោកស្រីជាប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត មន្ត្រីរាជការ សិស្សានុសិស្ស យុវជនកាយរិទ្ធ និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
‎
លោក សេង សិលាអភិបាលរងខេត្តបានថ្លែងថា ការប្រារព្ធទិវានេះធ្វើឡើងក្នុងគោលបំណងដាស់តឿន និងបំផុសចលនាដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ឲ្យបង្កើនការយកចិត្តទុកដាក់លើការគ្រប់គ្រងសំរាម សំណល់រឹង និងការធ្វើអនាម័យនៅតាមលំនៅឋាន ទីសាធារណៈ និងសហគមន៍ ដើម្បីរួមចំណែកកាត់បន្ថយការបំពុលបរិស្ថាន និងលើកកម្ពស់សោភ័ណភាពខេត្តស្វាយរៀងឲ្យកាន់តែមានភាពបៃតង ស្រស់ស្អាត និងមានខ្យល់អាកាសបរិសុទ្ធ។

‎ក្នុងឱកាសដ៏មានសារៈសំខាន់នេះ លោកសេង សីលាសូមអំពាវនាវដល់អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ និងភូមិ សូមបន្តដឹកនាំ និងជំរុញសកម្មភាពសម្អាតជាប្រចាំ ត្រឹមតែធ្វើក្នុងព្រឹត្តិការណ៍នេះទេ។ សាលារៀន វត្តអារាម និងយុវជន សូមចូលរួមផ្សព្វផ្សាយអំពីការកាត់បន្ថយសំរាម ការប្រើប្រាស់ប្លាស្ទិកនិងការរក្សាអនាម័យនៅសាលារៀន វត្តអារាម និងសហគមន៍។ជាមួយគ្នានេះ បងប្អូនប្រជាពលរដ្ឋ សូមចូលរួមទុកដាក់សំរាមឱ្យបានត្រឹមត្រូវ បែងចែកសំរាមតាមប្រភេទ និងចូលរួមសម្អាតបរិវេណផ្ទះ សហគមន៍ ផ្លូវសាធារណៈ និងទីសាធារណៈ។

លោកបានបន្ថែមថា ចំពោះវិស័យឯកជន រោងចក្រ សហគ្រាស និងអាជីវកម្ម សូមចូលរួមកាត់បន្ថយសំណល់ និងប្លាស្ទិក ព្រមទាំងគ្រប់គ្រងសំណល់ ដែលកើតចេញពីសកម្មភាពអាជីវកម្មឱ្យបានត្រឹមត្រូវ។មន្ទីរបរិស្ថាន និងមន្ទីរ-អង្គភាពពាក់ព័ន្ធ សូមបន្តសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីពង្រឹងការអប់រំផ្សព្វផ្សាយ និងការអនុវត្តវិធានការគ្រប់គ្រងសំណល់ឱ្យមានប្រសិទ្ធភាព។

នៅក្នុងឱកាសនោះ គណៈអធិបតី រួមជាមួយព្រះសង្ឃ មន្ត្រីរាជការ និងប្រជាពលរដ្ឋទាំងអស់ ក៏បានសហការគ្នាចុះប្រមូលសំរាម និងសម្អាតបរិស្ថាននៅជុំវិញតំបន់សួនច្បារច្រមុះជ្រូកគោដេក ២ យ៉ាងផុសផុល ប្រកបដោយស្មារតីទទួលខុសត្រូវ និងស្និទ្ធស្នាលបំផុត៕