មជ្ឈមណ្ឌលជាតិផ្តល់ឈាម បន្តអំពាវនាវឱ្យសប្បុរសជនចូលរួមបរិច្ចាគឈាមដើម្បីបំរុងទុកជួយសង្រ្គោះជីវិតមនុស្សដែលត្រូវការឈាម
29-09-2026 14:29
(ភ្នំពេញ)៖ លោកស្រីវេជ្ជបណ្ឌិត មើក សាមាន អនុប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានបន្តអំពាវនាវដល់ ស្ថាប័នរដ្ឋ ឯកជន និងអង្គការសង្គមស៊ីវិល សប្បុរសជនតាមបណ្តាក្រុមហ៊ុនឯកជន រួមគ្នាបង្ហាញពីគុណតម្លៃស្នូលនៃទំនួលខុស ត្រូវសង្គម និងសុខុមាលភាពសហគមន៍ តាមរយៈការចូលរួមបង្កើតកម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បីចូលរួមចំណែកសង្គ្រោះជីវិត និងជួយដល់អ្នកជំងឺដែលកំពុងត្រូវការឈាមជាចាំបាច់ នៅតាមបណ្តាមន្ទីរពេទ្យនានា។
លោកស្រីវេជ្ជបណ្ឌិត មើក សាមាន បានអំពាវនាវដូចនេះនាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦នេះនាឱកាសដែល MEGA We Care សហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម (ម.ជ.ផ.ឈ) រៀបចំកម្មវិធីបរិច្ចាគឈាមដោយដោយស្ម័គ្រចិត្ត ដើម្បីចូលរួមចំណែកសង្គ្រោះជីវិត និងជួយដល់អ្នកជំងឺដែលកំពុងត្រូវការឈាមជាចាំបាច់ ដែលពិធីនេះមានការចូលរួមពីអ្នកស្ម័គ្រចិត្តបរិច្ចាគឈាមជិត ១០០នាក់ផងដែរ។
លោកស្រីវេជ្ជបណ្ឌិត មើក សាមាន បានបញ្ជាក់ទៀតថា ការចូលរួមបរិច្ចាគឈាម គឺជាសកម្មភាពមួយដែលល្អបំផុត ព្រោះបច្ចុប្បន្នមានអ្នកដែលមានតម្រូវការឈាមកាន់តែច្រើន ជាពិសេសអ្នកដែលមានគ្រោះថ្នាក់បន្ទាន់ភ្លាមៗហើយត្រូវការឈាមបន្ទាន់ៗ ដូច្នេះយើងត្រូវបម្រុងឈាមសំរាប់ពួកគាត់, ការបរិច្ចាគឈាមការបរិច្ចាគឈាមផ្តល់អត្ថប្រយោជន៍ជាច្រើនទាំងសម្រាប់អ្នកបរិច្ចាគផ្ទាល់ និងសង្គមជាតិទាំងមូល, សម្រាប់មនុស្សប្រុសដែលមានសុខភាពល្អ អាចបរិច្ចាគឈាមបាន ៤ដង ក្នុងមួយឆ្នាំ ហើយសម្រាប់មនុស្សស្រីមានសុខភាពល្អ អាចបរិច្ចាគឈាមបាន ៣ដងក្នុងមួយឆ្នាំផងដែរ។
លោកស្រីវេជ្ជបណ្ឌិត មើក សាមាន បានបន្ថែមថា ការផ្តល់ឈាមជួយឱ្យរាងកាយយើងមានសុខភាពល្អ និងជួយឱ្យរាង្គកាយយើងរឹងមាំ ជួយសម្រាលចរន្តឈាមក្នុងខ្លួនឱ្យបានស្រាល និងជួយឱ្យយើងមានអាយុវែង និងជួយសល់សុខភាពខួរក្បាល ថ្លើម សួត បានល្អប្រពៃ និងជួយកាត់បន្ថយទម្ងន់ បញ្ចុះជាតិខ្លាញ់ក្នុងខ្លួន និងការពារពីជំងឺមហារីកផងដែរ។ លើសពីនេះការបរិច្ចាគឈាមទៀងទាត់អាចជួយធ្វើឱ្យប្រសើរឡើងនូវសុខភាពបេះដូង និងកាត់បន្ថយហានិភ័យនៃជំងឺដាច់សរសៃឈាមក្នុងខួរក្បាល។
នាឱកាសនោះដែរតំណាងក្រុមហ៊ុនខាងលើ ក៏បានបញ្ជាក់ដែរថា គំនិតផ្តួចផ្តើមនៃការបរិច្ចាគឈាមនេះ បានស្តែងឲ្យឃើញយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការឆ្លើយតបគុណបំណាច់ចំពោះសង្គមកម្ពុជា។ តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នានេះ បុគ្គលិកទាំងអស់បានរួមចំណែកយ៉ាងសំខាន់ដល់បុព្វហេតុដ៏មានអត្ថន័យដើម្បីកម្ពស់គុណភាពជីវិតរបស់អ្នកដទៃក្នុងសង្គម។ ដោយមើលឃើញការខ្វះខាតឈាមនៅតែជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរសម្រាប់គ្រូពេទ្យ ក្នុងការសង្គ្រោះបន្ទាន់ ការវះ កាត់ និងការព្យាបាលអ្នកជំងឺរ៉ាំរ៉ៃ សូមអំពាវនាវយ៉ាងទទូចដល់សាធារណជនទូទៅឲ្យចូលរួមបរិច្ចាគឈាមនៅតាមមជ្ឈមណ្ឌលផ្តល់ឈាមដែលទទួលបានការអនុញ្ញាតត្រឹមត្រូវ។
ឈាមមិនអាចផលិតនៅក្នុងមន្ទីរពិសោធន៍បានឡើយ វាអាស្រ័យទាំងស្រុងលើទឹកចិត្តសប្បុរសធម៌របស់អ្នកបរិច្ចាគដោយស្ម័គ្រចិត្ត ការបរិច្ចាគឈាមតែមួយលើក អាចជួយសង្គ្រោះជីវិត មនុស្សបានរហូតដល់ទៅ ៣ នាក់ ហើយយើងសូមស្នើឲ្យអ្នកគ្រប់គ្នាដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ចូលរួមធ្វើជាអ្នកជួយសង្គ្រោះជីវិតមនុស្ស៕












