FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ពន្លត់ភ្លើងវិវាទនៅមូលដ្ឋាន៖ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ជំរុញយន្តការសម្រុះសម្រួលវិវាទ ដែលមានអានុភាពអនុវត្តស្មើនឹងសាលក្រមស្ថាពរ

29-09-2026 11:33

(កំពង់ធំ)៖ ថ្នាក់ដឹកនាំរដ្ឋបាល និងមន្ត្រីមន្ទីរពាក់ព័ន្ធនៃខេត្តកំពង់ធំ សរុបប្រមាណជាង ៧០នាក់ បាន ទទួលការបណ្តុះបណ្តាលពង្រឹងសមត្ថភាពស្តីពី «ជំនាញសម្រុះសម្រួលដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ» ដែលរៀបចំឡើងនៅព្រឹកថ្ងៃអង្គារ ទី២៩ ខែកញ្ញា ឆ្នាំ២០២៦ នេះ ក្នុងទឹកដីខេត្តកំពង់ធំ។

ពិធីបើកវគ្គបណ្តុះបណ្តាលនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសមាជិកអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) តំណាងដ៏ខ្ពង់ខ្ពស់របស់ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជាប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។

ថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាល លោក ឯម ច័ន្ទមករា បានគូសបញ្ជាក់ថា វគ្គសិក្សានេះនឹងប្រព្រឹត្តទៅរយៈពេល ៣ ថ្ងៃពេញ ដោយផ្តល់ជូនសិក្ខាកាមនូវចំណេះដឹងស៊ីជម្រៅ ផ្សារភ្ជាប់នឹងការអនុវត្តជាក់ស្តែង ដែលផ្តោតជាសំខាន់លើដំណាក់កាលស្នូលទាំង ៣ នៃការសម្រុះសម្រួល រួមមាន៖ ដំណាក់កាលមុនដំណើរការសម្រុះសម្រួល, ដំណាក់កាលអំឡុងពេលសម្រុះសម្រួល និងដំណាក់កាលក្រោយការសម្រុះសម្រួលដោះស្រាយវិវាទ។

លោករដ្ឋលេខាធិការ បានលើកឡើងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រគល់ភារកិច្ចយ៉ាងសំខាន់ជូនក្រសួងយុត្តិធម៌ ក្នុងការរៀបចំផែនការសកម្មភាពជាក់ស្តែង សំដៅសម្រេចឱ្យបាននូវកិច្ចការអាទិភាព ៣ ចំណុច រួមមាន ទី១. ការបង្កើតយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការបន្ថែមលើយន្តការដែលមានស្រាប់ ដើម្បីជួយដោះស្រាយវិវាទជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស ពិសេសនៅថ្នាក់មូលដ្ឋាន ទី២. ការជំរុញ និងពន្លឿនការដោះស្រាយសំណុំរឿងក្តីនៅតាមតុលាការ និងទី៣. ការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ សំដៅលើកកម្ពស់តម្លាភាព សុចរិតភាព និងភាពត្រឹមត្រូវក្នុងការអនុវត្តច្បាប់។

លោក ឯម ច័ន្ទមករា បានសង្កត់ធ្ងន់ថា ទិសដៅការងារកំពុងត្រូវបានប្រមូលផ្តុំលើសសរស្តម្ភសំខាន់ៗចំនួន ២ រួមមាន៖ ទី១. ការកែទម្រង់ប្រព័ន្ធតុលាការ សំដៅលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាយុត្តិធម៌ប្រកបដោយភាពឆាប់រហ័ស សុក្រឹត និងត្រឹមត្រូវជូនប្រជាពលរដ្ឋ និងទី២. ការកែទម្រង់ប្រព័ន្ធដោះស្រាយវិវាទ តាមរយៈការបង្កើត អ.ដ.ក. ដើម្បីបង្ខិតសេវាដោះស្រាយវិវាទឱ្យទៅកៀកនឹងប្រជាពលរដ្ឋនៅមូលដ្ឋាន ដែលយន្តការនេះនឹងជួយផ្សះផ្សាបញ្ចប់វិវាទបានឆាប់រហ័ស ធានាបាននូវវប្បធម៌សន្តិភាពនិយម សុខដុមនីយកម្មសង្គម និងកាត់បន្ថយការកកស្ទះសំណុំរឿងនៅតុលាការ។

បន្ថែមពីនេះ លោករដ្ឋលេខាធិការ បានរំលេចនូវអត្ថប្រយោជន៍ធំៗ ៤ នៃការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ រួមមាន ការកាត់បន្ថយចំនួនសំណុំរឿងនៅតុលាការ, ការបង្ខិតសេវាដោះស្រាយវិវាទឱ្យទៅកៀកប្រជាពលរដ្ឋ, ការធានាបាននូវភាពសុខដុមរមនា និងស្ថិរភាពសង្គម តាមរយៈការលើកកម្ពស់វប្បធម៌សន្តិភាពនិយម (ការពន្លត់ភ្លើងវិវាទក្នុងសង្គម) និងការធានាប្រសិទ្ធភាពនៃការអនុវត្តដំណោះស្រាយដែលភាគីបានស្រុះស្រួលគ្នា។

លោក ឯម ច័ន្ទមករា បញ្ជាក់យ៉ាងច្បាស់ថា អ្វីដែលជា «ភាពពិសេស» របស់ អ.ដ.ក. គឺកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទដែលធ្វើឡើងដោយ អ.ដ.ក. មានអានុភាពអនុវត្តដូចសាលក្រមស្ថាពររបស់តុលាការ។ មានន័យថា វិវាទដែលបានដោះស្រាយរួច គឺត្រូវបានបញ្ចប់ជាស្ថាពរ ដោយមិនចាំបាច់មានការប្តឹងផ្តល់បន្តទៅតុលាការទៀតឡើយ។

គួររំលឹកផងដែរថា កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ កន្លងទៅ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងរដ្ឋបាលខេត្តកំពង់ធំ បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទរួចមកហើយ។ វគ្គបណ្តុះបណ្តាលនាពេលនេះ គឺជាការបោះជំហានយ៉ាងសំខាន់មួយទៀត ក្នុងការអនុវត្តស្មារតីនៃ MOU នេះ ដើម្បីពង្រឹងសមត្ថភាពមន្ត្រីអនុវត្តផ្ទាល់ សំដៅធានាប្រសិទ្ធភាពកាន់តែខ្ពស់ក្នុងការផ្តល់សេវាសម្រុះសម្រួលវិវាទជូនប្រជាពលរដ្ឋនៅថ្នាក់មូលដ្ឋាន៕