FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ប៉ែន ប៊ុនឈួយ ត្រូវប្រកាសចូលកាន់មុខតំណែងជាអភិបាលស្រុកមណ្ឌលសីមា ខេត្តកោះកុង

29-09-2026 10:41

(កោះកុង)៖ លោក ប៉ែន ប៊ុនឈួយ ត្រូវបានប្រកាសចូលកាន់មុខតំណែងជាអភិបាលស្រុកមណ្ឌលសីមា ខណៈលោក ជួន ភារ៉េត ត្រូវបានប្រកាសកាន់មុខតំណែងជាអភិបាលរងស្រុកមណ្ឌលសីមា ខេត្តកោះកុង។

ពិធីប្រកាសនេះបានប្រព្រឹត្តទៅក្រោមវត្តមានលោក ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្ត និងលោកស្រី ឈី វ៉ា អភិបាលខេត្តកោះកុង ព្រមទាំងតំណាងមន្ទីរអង្គភាពជាច្រើនរូប នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦។

ក្នុងឱកាសដ៏សំខាន់នេះ លោកស្រី ឈី វ៉ា បានណែនាំដល់អភិបាលស្រុកថ្មីថា ចាំបាច់ត្រូវគិតគូរដោះស្រាយរាល់បញ្ហាប្រឈមនានា ដែលជាសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ និងបម្រើសេវាសាធារណៈជូនពួកគាត់ឲ្យបានលឿនរហ័ស តម្លាភាព និងប្រកបដោយទំនុកចិត្ត។ ការណែនាំនេះគឺដើម្បីឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោកស្រីអភិបាលខេត្តក៏បានសង្កត់ធ្ងន់ថា ក្នុងនាមជាអាជ្ញាធរ ត្រូវតាមដានក្តោបក្តាប់រាល់សកម្មភាព និងព័ត៌មានក្រុមប្រឆាំងជ្រុលនិយម ដែលតែងប៉ុនប៉ងបំផ្លាញសន្តិភាព និងបង្កចលនាអសន្តិសុខ។ ជាមួយគ្នានេះ អាជ្ញាធរមូលដ្ឋានត្រូវចុះត្រួតពិនិត្យនៅគ្រប់មូលដ្ឋាន សួរសុខទុក្ខប្រជាពលរដ្ឋ និងធ្វើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ដើម្បីទាក់ទាញវិស័យទេសចរណ៍។

ជាការឆ្លើយតប លោក ប៉ែន ប៊ុនឈួយ បានប្តេជ្ញាចិត្តថា លោកនឹងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ចំណេះដឹង និងបទពិសោធន៍ការងារ ដើម្បីបម្រើប្រជាពលរដ្ឋប្រកបដោយទំនួលខុសត្រូវខ្ពស់។

លោកក៏បានសន្យារក្សាឯកភាពផ្ទៃក្នុងឲ្យបានល្អ លើកកម្ពស់ស្មារតីមន្ត្រីក្រោមឱវាទ ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស រៀបចំសណ្ដាប់ធ្នាប់ ការពារសុវត្ថិភាព និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្នុងស្រុកឱ្យកាន់តែប្រសើរឡើង។ ការប្តេជ្ញាចិត្តនេះ គឺដើម្បីឆ្លើយតបទៅនឹងទំនុកចិត្តពីរាជរដ្ឋាភិបាលកម្ពុជា និងរួមចំណែកដល់ការអភិវឌ្ឍន៍ជាតិ៕