FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្ទីរពេទ្យកុមារអង្គរ ធ្វើយុទ្ធនាការ «ភ្នែកល្អ ជីវិតល្អ» ដើម្បីរៃអង្គាសថវិកា ២០០ ០០០ដុល្លារ ជួយដល់កុមារដែលមានបញ្ហាភ្នែក ដោយឥតគិតថ្លៃ

29-09-2026 10:10

(ភ្នំពេញ)៖ មន្ទីរពេទ្យកុមារអង្គរ (AHC) បានប្រកាសចាប់ផ្តើមយុទ្ធនាការប្រចាំឆ្នាំរបស់ខ្លួនក្រោមប្រធានបទ (ភ្នែកល្អ ជីវិតល្អ-GOOD EYES, GOOD LIFE) លើកកម្ពស់ការយល់ដឹងអំពីសុខភាពភ្នែកកុមារ និងរៃអង្គាសថវិកាចំនួន ២០០ ០០០ ដុល្លារអាមេរិក ដើម្បីគាំទ្រដល់ការពិនិត្យ និងព្យាបាលជំងឺភ្នែកដោយឥតគិតថ្លៃជូនដល់កុមារកម្ពុជា។

យុទ្ធនាការឆ្នាំនេះ ទទួលបានការចូលរួមពីក្រុមហ៊ុន ប៉េង ហួត គ្រុប (Peng Huoth Group) ជាដៃគូឧបត្ថម្ភ រួមជាមួយការចូលរួម យ៉ាងសកម្មពីសប្បុរសជនដែលមានឥទ្ធិពល ក្នុងបណ្តាញសង្គមនៅកម្ពុជា (Influencers) រួមមាន ឌីជេ ណាណា កញ្ញា ស៊ីន យូប៊ីន និងអ្នកនាង យុគ ចិន្តា រួមទាំងអ្នកមានឥទ្ធិពលជាច្រើនទៀត ដើម្បីជួយផ្សព្វផ្សាយ និងអំពាវនាវដល់សាធារណជន។

សូមជម្រាបថា ប្រទេសកម្ពុជាមានកុមារប្រមាណ ២ ៥០០ នាក់កំពុងប្រឈមនឹងពិការភាពភ្នែក ប៉ុន្តែ ៧១% (PubMed Central, 2024)1 នៃករណីទាំងនេះអាចការពារ និងព្យាបាលជាសះស្បើយបាន ប្រសិនបើទទួលបានការព្យាបាលទាន់ពេលវេលា។ បច្ចុប្បន្ន ប្រទេសកម្ពុជាមានគ្រូពេទ្យឯកទេសភ្នែកកុមារត្រឹមតែ៦នាក់ប៉ុណ្ណោះក្នុងប្រជាជន១លាននាក់។

មន្ទីរពេទ្យកុមារអង្គរ ផ្តល់ការពិនិត្យព្យាបាលកុមារប្រមាណ១៥ ០០០នាក់, វះកាត់៣ ០០០ករណី និងផ្តល់វ៉ែនតា៣៥០០ ករណីក្នុងមួយឆ្នាំ ប៉ុន្តែដោយសារធនធាននៅមានកម្រិត កុមារប្រមាណ៤០%ជាមធ្យមបង្ខំចិត្ត បដិសេធ ឬរងចាំស្វែងរកសេវាព្យាបាលភ្នែក។ ថវិការៃអង្គាសនឹងជួយពង្រីកធនធានមន្ទីរពេទ្យ ក្នុងការពិនិត្យព្យាបាលកុមារឱ្យបានដល់ ២៥ ០០០ ករណីពិគ្រោះជំងឺ វះកាត់ ៥ ០០០ ករណី និងផ្តល់វ៉ែនតា ៦ ០០០ គូក្នុងមួយឆ្នាំ នៅក្នុងឆ្នាំ២០៣០។

លោកវេជ្ជបណ្ឌិត ងួន ច័ន្ទភក្ត្រា នាយកមន្ទីរពេទ្យកុមារអង្គរបានថ្លែងឲ្យដឹងថា «កុមារគ្រប់រូបមានសិទ្ធិ ទទួលបានឱកាសមើលឃើញ បានល្អដូចៗគ្នា ការស្តារគំហើញជូនកុមារ មិនត្រឹមតែផ្លាស់ប្តូរការសិក្សា របស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្លាស់ប្តូរជីវិតរបស់ពួកគេទាំងមូលផងដែរ។ ដោយមានការគាំទ្រយ៉ាងខ្ពង់ខ្ពស់ពី ក្រុមហ៊ុន ប៉េង ហួត គ្រុប សប្បុរសជនមានឥទ្ធិពល និងសាធារណជន យុទ្ធនាការនេះនឹងធានាថា មិនមានកុមារណាម្នាក់ត្រូវបាត់បង់គំហើញ ដោយសារតែគ្រួសារគ្មានលទ្ធភាពបង់ថ្លៃព្យាបាលនោះឡើយ»។

លោកស្រី ហុង ដានី អគ្គនាយិការក្រុមហ៊ុន ប៉េង ហួត គ្រុប បានថ្លែងឲ្យដឹងថា ក្រុមហ៊ុន ប៉េង ហួត គ្រុបបាបឋនមើលឃើញថា ការគាំទ្រដល់មន្ទីរពេទ្រអង្គរ គឺការពង្រឹងលទ្ធភាពឲ្យកុមារទទួលបានការព្យាបាលប្រកបដោយគុណភាព និងទាន់ពេលវេលា។ ជារៀងរាល់ឆ្នាំមន្ទីរពេទ្រអង្គរបានផ្ដល់ការពិនិត្រ និងព្យបាលកុមារប្រមាណ១៣ម៉ឺនករណី។

លោកស្រីបានបន្ថែមថា ទន្ទឹមនឹងនេះតម្រូវការព្យាបាលភ្នែកកុមារកំពុងមានកម្រិតខ្ពស់ ស្រប់ពេលសមត្ថភាពផ្ដល់សេវបច្ចុប្បន្ននេះ មិនទាន់ឆ្លើយតបគ្រប់តម្រូវការនោះឡើយ។ ដូច្នេះក្រោមការផ្ដួចផ្ដើមរបស់មន្ទីរពេទ្រកុមារអង្គរ ប៉េងហួតគ្រុបពិតជាមានមោទនភាព ក្នុងការចូលរួមចំណែកគាំទ្រ យុទ្ធនាការ ភ្នែកល្អ ជីវិតល្អ ក្នុងគោលបំណងផ្ដួចផ្ដើមសប្បុរសធម៌ ដើម្បីពង្រឹងសមត្ថភាពពិនិត្យ និងព្យាបាលភ្នែកកុមារ។ ​

លោកស្រីបានបញ្ជាក់ថា ក្រុមហ៊ុន ប៉េង ហួត គ្រុប បានឧបត្ថមថវិកាចំនួន៥ម៉ឺនដុល្លារផងដែរ ជូនដល់មន្ទីរពេទ្រកុមារអង្គរ ដើម្បីទ្រទ្រង់ ពង្រឹងបន្ថែមដល់ការពិនិត្យ និងព្យាបាលដល់កុមារកម្ពុជា។

ការចូលរួមបរិច្ចាគរបស់លោកអ្នក៖

* ៦,៣៦ ដុល្លារ៖ គាំទ្រការពិគ្រោះ និងពិនិត្យជំងឺភ្នែកសម្រាប់កុមារម្នាក់
* ២២,៧៩ ដុល្លារ៖ ផ្តល់វ៉ែនតាកែប្រែចក្ខុវិស័យចំនួន១គូ
* ៣៤,៨២ ដុល្លារ៖ គាំទ្រការវះកាត់ភ្នែកកម្រិតស្រាល
* ១០៨,៤២ ដុល្លារ៖ គាំទ្រការវះកាត់ភ្នែកកម្រិតធ្ងន់
* ១៤៩,១១ ដុល្លារ៖ គាំទ្រការវះកាត់ជំងឺឡើងបាយភ្នែកកុមារ
* ៤ ១៧៨ ដុល្លារ៖ គាំទ្រការព្យាបាលជំងឺមហារីកភ្នែកកុមារ (Retinoblastoma) សម្រាប់រយៈពេលមួយឆ្នាំ៕