FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

FASMEC រៀបចំសិក្ខាសាលាស្តីពីការត្រៀមខ្លួនទទួលបានហិរញ្ញប្បទាន ដើម្បីអភិវឌ្ឍអាជីវកម្ម MSMEs តាមបែបឌីជីថល នៅខេត្តសៀមរាប

29-09-2026 09:50

(សៀមរាប)៖ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) ដឹកនាំដោយឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល បានរៀបចំសិក្ខាសាលាស្តីពី «ការត្រៀមខ្លួនទទួលបានហិរញ្ញប្បទានដើម្បីអភិវឌ្ឍន៍អាជីវកម្មសម្រាប់វិស័យ MSMEs តាមបែបឌីជីថល» ក្រោមអធិបតីភាព ឯកឧត្តម ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប។

សិក្ខាសាលានេះមានគោលបំណងពង្រឹងសមត្ថភាពសហគ្រាសធុនតូច និងមធ្យម ឱ្យយល់ដឹងកាន់តែច្បាស់ពីនីតិវិធីទទួលបានប្រាក់កម្ចី និងហិរញ្ញប្បទានពីធនាគារដៃគូ ព្រមទាំងការប្រើប្រាស់ប្រព័ន្ធឌីជីថល ដើម្បីពង្រីក និងអភិវឌ្ឍអាជីវកម្ម។

ជាមួយគ្នានេះ កម្មវិធីក៏ផ្តល់ចំណេះដឹងជាក់ស្តែងដល់ម្ចាស់អាជីវកម្ម ក្នុងការត្រៀមខ្លួនសម្រាប់ទីផ្សារក្នុងស្រុក និងការនាំចេញ ព្រមទាំងការយល់ដឹងអំពីបទប្បញ្ញត្តិច្បាប់នានា និងប្រមូលបញ្ហាប្រឈមជាក់ស្តែងពីអាជីវកម្ម ដើម្បីស្វែងរកដំណោះស្រាយ និងការគាំទ្រពីស្ថាប័នរដ្ឋ និងឯកជន។

ថ្លែងក្នុងពិធី ឧកញ៉ា តែ តាំងប៉ បានគូសបញ្ជាក់ថា សហគ្រាសធុនតូច និងមធ្យមត្រូវការជាចាំបាច់នូវចំណេះដឹងថ្មីៗ និងធនធានហិរញ្ញវត្ថុ ដើម្បីជំរុញការរីកចម្រើនអាជីវកម្ម និងចូលរួមចំណែកដល់សេដ្ឋកិច្ចជាតិ។

លោកបានថ្លែងអំណរគុណដល់រដ្ឋបាលខេត្តសៀមរាប ក្រសួង-ស្ថាប័នពាក់ព័ន្ធ ព្រមទាំងដៃគូសហការនិងឧបត្ថម្ភ រួមមាន ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB), ក្រុមហ៊ុន ANT FEED, SCE CONSTRUCTION, អ៊ឹង មុយគៀង អលង្ការពេជ្រ, ក្រុមហ៊ុន ខ្មែរមីលឃីហ្វូដ, KH Haitech-Haier Global Business, Vattanac Brewery, ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា និងធនាគារ អេស៊ីលីដា ដែលបានចូលរួមគាំទ្រឱ្យកម្មវិធីប្រព្រឹត្តទៅដោយជោគជ័យ។

សិក្ខាសាលានេះមានការអញ្ជើញចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ គ្រឹះស្ថានហិរញ្ញវត្ថុ និងម្ចាស់សហគ្រាស សរុបប្រមាណ ២១០រូប៕⁩