FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សហជីពកម្ពុជា ស្នើសហជីពនៅបណ្ដាប្រទេសមួយចំនួន ដែលមានប្រាក់ឈ្នួលទាបជាងកម្ពុជា គួរយកចិត្តទុកដាក់លើកម្មកររបស់ខ្លួនឯងផង

29-09-2026 09:02

(ភ្នំពេញ)៖ លោក សំ សឿន ប្រធានសហជីពពលកម្មជាតិកម្ពុជា (NLC) បានលើកឡើងថា សហជីពនៅបណ្ដាប្រទេសមួយចំនួន ដូចជា បង់ក្លាដែស និងស្រីលង្កា ព្រមទាំងប្រទេសដែលមានប្រាក់ឈ្នួលអប្បបរមាទាបជាងកម្ពុជា បានគាំទ្រ និងជំរុញឱ្យកម្ពុជាបង្កើនប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតដល់ ២៥០ដុល្លារក្នុងមួយខែ។

ការលើកឡើងនេះរបស់ លោក សំ សឿន បានធ្វើឡើងបន្ទាប់ពីភាគីកម្មករនិយោជិតនៅកម្ពុជាបានលើកតួលេខប្រាក់ឈ្នួលចំនួនពីរ គឺ ២២៥ ដុល្លារ និង ២៥០ ដុល្លារ សម្រាប់ការពិភាក្សាអំពីការកំណត់ប្រាក់ឈ្នួលអប្បបរមា។

លោក សំ សឿន បានបញ្ជាក់ថា៖ «ខ្ញុំកត់សម្គាល់ឃើញថា សហជីពនៅប្រទេសមួយចំនួនដែលមានប្រាក់ឈ្នួលអប្បបរមាទាបជាងកម្ពុជា បានគាំទ្រឱ្យកម្ពុជាបន្តដំឡើងប្រាក់ឈ្នួល។ លោកបានចោទជាសំណួរថា ហេតុអ្វីបានជាសហជីពទាំងនោះ មិនជំរុញឱ្យរដ្ឋាភិបាលរបស់ខ្លួនបង្កើនប្រាក់ឈ្នួលអប្បបរមា ដើម្បីជួយសម្រួលជីវភាពកម្មករនិយោជិតក្នុងប្រទេសរបស់ខ្លួនផងដែរ»។

លោកបានបន្តថា បច្ចុប្បន្ន កម្ពុជាមានប្រាក់ឈ្នួលអប្បបរមាចំនួន ២១០ដុល្លារ បូកនឹងប្រាក់ឧបត្ថម្ភ និងអត្ថប្រយោជន៍ផ្សេងៗប្រមាណ ១៩,៥ ដុល្លារ ដែលធ្វើឱ្យប្រាក់ចំណូលអប្បបរមារបស់កម្មករមានកម្រិតខ្ពស់ជាងចំនួនប្រាក់ឈ្នួលអប្បបរមានៅប្រទេសមួយចំនួនក្នុងតំបន់។លោកក៏បានបង្ហាញការព្រួយបារម្ភថា ការជំរុញឱ្យកម្ពុជាដំឡើងប្រាក់ឈ្នួលដល់កម្រិតខ្ពស់ អាចបង្កើនបន្ទុកលើនិយោជក និងវិស័យឧស្សាហកម្ម ប្រសិនបើការកំណត់ប្រាក់ឈ្នួលមិនសមស្របទៅនឹងសមត្ថភាពរបស់និយោជក និងស្ថានភាពសេដ្ឋកិច្ច។

ជាមួយគ្នានេះ លោក សំ សឿន បានលើកជាសំណួរអំពីផលប៉ះពាល់ដែលអាចកើតមានចំពោះការសម្រេចចិត្តរបស់អ្នកវិនិយោគ ប្រសិនបើថ្លៃដើមពលកម្មនៅកម្ពុជា កើនឡើងខ្ពស់។ ទោះជាយ៉ាងណា លោកបានបញ្ជាក់ថា នេះជាការយល់ឃើញ និងក្តីបារម្ភរបស់លោក មិនមែនជាការបញ្ជាក់ថា សហជីពនៅប្រទេសទាំងនោះ មានចេតនាចង់បង្វែរការវិនិយោគពីកម្ពុជាទៅប្រទេសរបស់ពួកគេនោះទេ។

លោក សំ សឿន បានសម្តែងការរីករាយចំពោះការយកចិត្តទុកដាក់របស់សហជីពអន្តរជាតិចំពោះជីវភាពកម្មករនិយោជិតកម្ពុជា ប៉ុន្តែ លោកក៏បានអំពាវនាវឱ្យសហជីពនៅប្រទេស ដែលមានប្រាក់ឈ្នួលទាបជាងកម្ពុជា បន្តជំរុញឱ្យរដ្ឋាភិបាលរបស់ខ្លួនពិនិត្យ និងដំឡើងប្រាក់ឈ្នួលអប្បបរមាឱ្យបានទៀងទាត់ ដើម្បីលើកកម្ពស់ជីវភាពកម្មករនិយោជិតក្នុងប្រទេសរបស់ខ្លួនផងដែរ។

លោកបានចាត់ទុកថា ការធានាប្រាក់ឈ្នួលសមរម្យ គួរតែជាការយកចិត្តទុកដាក់របស់គ្រប់ប្រទេស ដោយគិតគូរទាំងពីរភាគី គឺជីវភាពកម្មករ និងសមត្ថភាពរបស់និយោជក ដើម្បីធានាឱ្យការងារ និងការវិនិយោគអាចបន្តមានស្ថិរភាព៕

សូមទស្សនាវីដេអូទាំងស្រុងដូចតទៅ៖