កម្ពុជា-នូវែលសេឡង់ ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការលើកិច្ចការនារី និងអភិវឌ្ឍន៍ធនធានមនុស្ស
29-09-2026 08:20
(ភ្នំពេញ)៖ លោកស្រីបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានអនុញ្ញាតឱ្យលោកស្រី រ៉េលីន ស៊ីអាឡេ តាហ្គាឡូអា លីអ៊ូហ្វាឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរាជទូតនូវែលសេឡង់ ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងគោលបំណងពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត នារសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងកិច្ចការនារី។
នៅក្នុងឱកាសនៃជំនួបពិភាក្សានេះ ភាគីទាំងពីរបានសម្តែងនូវការវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាព និងដៃគូអភិវឌ្ឍន៍ដ៏យូរអង្វែងរវាងកម្ពុជា និងនូវែលសេឡង់ ដែលត្រូវបានពង្រឹងយ៉ាងរឹងមាំតាមរយៈកិច្ចសហប្រតិបត្តិការទ្វេភាគី ព្រមទាំងក្របខ័ណ្ឌតំបន់អាស៊ាន និងកំពូលភ្នំអាស៊ីបូព៌ា។
កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍របស់នូវែលសេឡង់នៅកម្ពុជា បាន និងកំពុងរួមចំណែកយ៉ាងសំខាន់ ដល់ការគាំទ្រការលូតលាស់សេដ្ឋកិច្ចប្រកបដោយចីរភាព ការពង្រឹងភាពធន់ក្នុងវិស័យកសិកម្ម សុវត្ថិភាព និងសន្តិសុខ ព្រមទាំងការអភិវឌ្ឍធនធានមនុស្ស ដើម្បីកាត់បន្ថយគម្លាតនៃការអភិវឌ្ឍនៅក្នុងតំបន់អាស៊ាន។
នៅក្នុងជំនួបនេះ លោកស្រីបណ្ឌិតរដ្ឋមន្ត្រី ក៏បានលើកឡើងរំលឹកអំពីលទ្ធផលសំខាន់ៗដែលគណៈប្រតិភូកម្ពុជា រួមមានតំណាងមកពី ក្រសួងកិច្ចការនារី និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអញ្ជើញទៅបំពេញទស្សនកិច្ចសិក្សានៅប្រទេសនូវែលសេឡង់ នាពេលកន្លងមក ពាក់ព័ន្ធនឹងការអនុវត្ត «ថវិកាឆ្លើយតបនឹងយេនឌ័រ»។
លោកស្រីរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ប្រទេសនូវែលសេឡង់មានបទពិសោធន៍ល្អៗជាច្រើន ក្នុងការ អនុវត្តថវិកាឆ្លើយតបនឹងយេនឌ័រតាមវិស័យ តាមរយៈកិច្ចសហការជិតស្និទ្ធរវាងក្រសួងហិរញ្ញវត្ថុ និងក្រសួងសម្រាប់ស្ត្រី ព្រមទាំងការបង្កើតឱ្យមានប្រព័ន្ធគ្រប់គ្រងរួមរបស់រដ្ឋាភិបាល ក្នុងការគាំទ្រដល់ការវិភាគ និងការរៀបចំថវិកាឆ្លើយតបនឹងយេនឌ័រ នៅតាមវិស័យនានា បានយ៉ាងមានប្រសិទ្ធភាព។
ជាការឆ្លើយតប លោកស្រីអគ្គរាជទូតនូវែលសេឡង់ បានសម្តែងនូវជំហរយ៉ាងរឹងមាំ និងមករក្សាភាពជាដៃគូយ៉ាងខ្លាំងក្លា ក្នុងការបន្តគាំទ្រកម្ពុជា លើការងារអភិវឌ្ឍន៍ ធនធានមនុស្ស និងការងារបញ្ជ្រាបយេនឌ័រនៅក្នុងគ្រប់វិស័យ។
ពាក់ព័ន្ធនឹងការអភិវឌ្ឍសមត្ថភាព និងធនធានមនុស្ស នូវែលសេឡង់បានបន្តផ្តល់អាហារូបករណ៍រដ្ឋាភិបាល (Manaaki New Zealand Scholarships) សម្រាប់ថ្នាក់ក្រោយបរិញ្ញាបត្រ និងវគ្គបណ្តុះបណ្តាលជំនាញរយៈពេលខ្លី ព្រមទាំងកម្មវិធីបណ្តុះបណ្តាលភាសាអង់គ្លេសសម្រាប់មន្ត្រីរាជការ (NZELTO)។
ចាប់តាំងពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២៦នេះ មន្ត្រីរាជការរបស់ក្រសួងកិច្ចការនារីសរុបចំនួន ២៩រូប បានចូលរួមវគ្គបណ្តុះបណ្តាលខ្លីៗលើជំនាញដឹកនាំក្នុងវិស័យសាធារណៈ ការប្រែប្រួលអាកាសធាតុ សន្តិសុខអន្តរជាតិ និងការអភិវឌ្ឍប្រកបដោយចីរភាព ព្រមទាំងមន្ត្រី១រូប បានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគោលនយោបាយសាធារណៈនៅប្រទេសនូវែលសេឡង់ផងដែរ។
ដោយឡែកលើកិច្ចសហប្រតិបត្តិការរវាងក្រសួងកិច្ចការនារី និងអង្គការ The Asia Foundation រដ្ឋាភិបាលនូវែលសេឡង់បានផ្តល់ ថវិកាគាំទ្រយ៉ាងសកម្មតាមរយៈគម្រោង AMPLIFY (Amplifying Women’s Peace Actions in ASEAN) ដែលជាគម្រោងតំបន់រយៈពេល ៥ឆ្នាំ (២០២៤-២០២៩) ក្នុងគោលដៅកាត់បន្ថយផលប៉ះពាល់ពីជម្លោះលើស្ត្រី និងលើកកម្ពស់ការចូលរួមយ៉ាងសកម្មរបស់ស្ត្រីក្នុងដំណើរការសន្តិភាព នៅក្នុងបណ្តាប្រទេសអាស៊ាន។
កិច្ចជំនួបពិភាក្សាការងារនាពេលនេះ បានបញ្ចប់ទៅក្រោមបរិយាកាសស្និទ្ធស្នាល និងយោគយល់គ្នាខ្ពស់ ដោយភាគីទាំងពីរបានប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងនូវែលសេឡង់ ឱ្យកាន់តែរីកចម្រើនស៊ីជម្រៅបន្ថែមទៀត ដើម្បីជាផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជន នៃប្រទេសទាំងពីរ និងដើម្បីលើកកម្ពស់សមភាពយេនឌ័រក្នុងតំបន់៕











