អភិបាលខេត្តប៉ៃលិន ចុះសួរសុខទុក្ខ និងជួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង
28-09-2026 22:51
(ប៉ៃលិន)៖ យប់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ លោកស្រីបណ្ឌិត បាន ស្រី មុំអភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈកម្មាធិការគ្រោះមហន្តរាយខេត្ត បាន អញ្ជើញចុះសួរសុខទុក្ខ និងជួយសង្គ្រោះបន្ទាន់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ ដោយសារជំនន់ទឹកភ្លៀង នៅឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
លោកស្រីបណ្ឌិត បាន ស្រីមុំ អភិបាលខេត្ត បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងក្ដីនឹករលឹកអាណិត អាសូរ ក្រៃលែង ពីសំណាក់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលសម្ដេចតែងតែគិតគូរអំពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ពេលវេលា បើទោះបីជា សម្ដេច មិនបានអញ្ជើញជួបសំណេះសំណាលដោយផ្ទាល់ក្ដី ក៏ប៉ុន្តែសម្ដេច បានធ្វើការណែនាំដល់រដ្ឋបាលខេត្ត ក្នុងការចុះពិនិត្យ និងជួយដោះស្រាយជូនប្រជាពលរដ្ឋ ដែលកំពុងជួបប្រទះបញ្ហានានា ដោយធ្វើការជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះ ឱ្យបានទាន់ពេលវេលា ដោយមិនមានការរើសអើង វណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ។
លោកស្រីបណ្ឌិតអភិបាលខេត្ត បានជម្រុញដល់កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមូលដ្ឋានទាំងអស់ ត្រូវរួម សហការគ្នា ត្រៀមបង្ការ និងជួយសង្គ្រោះប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ជាពិសេសត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងការតាមដានគោលដៅប្រឈមនានា ហើយបើមានបញ្ហាណាមួយ សូមប្រញាប់ជួយសង្គ្រោះប្រជាពលរដ្ឋ មកកាន់ទីទួលសុវត្ថិភាព និងរាយការណ៍ជូនដល់ថ្នាក់ដឹកនាំ ឬអាជ្ញាធរមានសមត្ថកិច្ចដែលនៅជិតបំផុត ដើម្បី ជួយអន្តរាគមន៍សង្គ្រោះ មិនត្រូវទុកឱ្យប្រជាជនណាម្នាក់រងគ្រោះ ដោយមិនបានជួយនោះឡើយ។
នៅក្នុងឱកាសនោះផងដែរ លោកស្រីបណ្ឌិត បាន ស្រីមុំ ក៍បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមដងស្ទឹង និងផ្នែកខាងក្រោម សូមមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលដែលមានភ្លៀង ធ្លាក់ច្រើនថ្ងៃជាប់គ្នា ហើយបើមានបញ្ហាអ្វីកើតឡើង ត្រូវរាយការណ៍មកកាន់អាជ្ញាធរមូលដ្ឋានឱ្យ បាន ឆាប់រហ័ស ជាពិសេសត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះសត្វអសិរពិសផ្សេង និងកូនចៅតូចៗចៀស វាង លង់ទឹកជាយថហេតុ ព្រមទាំងយកចិត្តទុកដាក់ទៅលើបញ្ហាសុខភាព ដោយត្រូវរក្សាអនាម័យ ក្នុង ការរស់នៅជាប្រចាំ ដូចជា៖លាងដៃនឹងសាប៊ូ ហូបទឹកឆ្អិន និងដេកក្នុងមុងជានិច្ច ដើម្បីជាសវាងការ កើតមានជំងឺតម្កាត់ផ្សេងៗ ហើយបើមានបញ្ហាសុខភាព សូមប្រញ៉ាប់ប្រញាល់ទៅកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដែលជិតបំផុត ដើម្បីទទួលការព្យាបាលបានទាន់ពេលវេលា។
បើតាមរបាយការណ៍បណ្តោះបឋម បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់ជាច្រើនថ្ងៃ បានបង្កជាជំនន់ទឹកភ្លៀងហូរជន់លិចលង់ធ្វើអោយប៉ះពាល់ដល់ប្រជាពលរដ្ឋ ចំនួន ៧៩៣គ្រួសារ រួមទាំងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវកៅស៊ូ បេតុង កសិផលដំណាំរងការខូចខាតមួយចំនួនធំ និងបណ្តាលឱ្យមនុស្ស ០១នាក់ បានបាត់បង់ជីវិត៕







