នាយកដ្ឋានអភិវឌ្ឍន៍ដំណាំស្រូវ ចុះអន្តរាគមន៍ជួយសម្របសម្រួលលក់ស្រូវជូនកសិកររងគ្រោះដោយទឹកជំនន់ នៅខេត្តបន្ទាយមានជ័យ
28-09-2026 22:05
(បន្ទាយមានជ័យ)៖ ដើម្បីចូលរួមចំណែកកាត់បន្ថយផលប៉ះពាល់ និងស្ដារជីវភាពប្រជាកសិករ ក្រុមការងារនៃនាយកដ្ឋានអភិវឌ្ឍន៍ដំណាំស្រូវ បានចុះបេសកកម្មអន្តរាគមន៍ និងសម្របសម្រួលយ៉ាងយកចិត្តទុកដាក់ ក្នុងការស្វែងរកទីផ្សារលក់ស្រូវជូនប្រជាកសិករដែលកំពុងរងគ្រោះដោយសារទឹកជំនន់ ស្ថិតក្នុងខេត្តបន្ទាយមានជ័យ។
ក្នុងសកម្មភាពអន្តរាគមន៍នេះ តំណាងរោងម៉ាស៊ីនកិនស្រូវក្នុងខេត្តបន្ទាយមានជ័យ បានបង្ហាញនូវស្មារតីសហការ និងការទទួលខុសត្រូវខ្ពស់ ដោយបានស្ម័គ្រចិត្តចូលរួមទទួលទិញស្រូវពីប្រជាកសិកររងគ្រោះក្នុងតម្លៃសមរម្យ។
បន្ថែមពីនេះ ម្ចាស់រោងម៉ាស៊ីនកិនស្រូវក៏បានជួយសម្រួលដល់ផ្នែកមធ្យោបាយដឹកជញ្ជូនស្រូវចេញពីតំបន់រងផលប៉ះពាល់ ដើម្បយធានាថាស្រូវរបស់កសិករត្រូវបានប្រមូលទិញបានទាន់ពេលវេលា។
ពាក់ព័ន្ធនឹងកាយវិការប្រកបដោយមនុស្សធម៌នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះទឹកចិត្តសប្បុរសធម៌ និងកិច្ចសហការយ៉ាងជិតស្និទ្ធពីសំណាក់ម្ចាស់រោងម៉ាស៊ីនកិនស្រូវទាំងអស់។
ក្រសួងបានគូសបញ្ជាក់ថា ការរួមដៃគ្នាក្នុងគ្រាអាសន្ននេះ គឺជាការចែករំលែកទុក្ខលំបាកដ៏មានតម្លៃ និងជាប្រភពកម្លាំងចិត្តយ៉ាងសំខាន់ ក្នុងការជួយជ្រោមជ្រែងប្រជាកសិករឱ្យឆ្លងផុតដំណាក់កាលដ៏លំបាកនេះ៕
