ប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ ណែនាំអង្គការបណ្តាញទូរស័ព្ទជំនួយកុមារកម្ពុជា សហការជាមួយដៃគូពាក់ព័ន្ធបង្កើនប្រសិទ្ធភាពគម្រោងសុខភាពបន្តពូជយុវជន និងទប់ស្កាត់អាពាហ៍ពិពាហ៍កុមារ
28-09-2026 21:21
(ព្រះវិហារ)៖ លោកវេជ្ជបណ្ឌិត គួង ឡូ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ បាន មានប្រសាសន៍ណែនាំដល់អង្គការបណ្តាញទូរស័ព្ទជំនួយកុមារកម្ពុជា ឱ្យពង្រឹងកិច្ចសហការជាមួយស្ថាប័នជំនាញ និងដៃគូពាក់ព័ន្ធ ដើម្បីធានាប្រសិទ្ធភាពនៃការអនុវត្តគម្រោងលើកកម្ពស់សុខភាពបន្តពូជយុវជន និងការបង្ការទប់ស្កាត់អាពាហ៍ពិពាហ៍កុមារ ។
ការថ្លែងណែនាំរបស់លោកវេជ្ជបណ្ឌិត ធ្វើឡើងក្នុងឱកាសដែល លោក អនុញ្ញាតឱ្យតំណាងអង្គការបណ្តាញទូរស័ព្ទជំនួយកុមារកម្ពុជា ចូលជួបសម្តែងការគួរសម ពិភាក្សាផ្លាស់ប្តូរយោបល់ និងស្នើសុំកិច្ចសហការក្នុងការអនុវត្តគម្រោង នៅសាលប្រជុំមន្ទីរសុខាភិបាលខេត្ត នាថកងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦។
ក្នុងជំនួបនេះ លោកវេជ្ជបណ្ឌិត គួង ឡូ បានថ្លែងណែនាំឱ្យដៃគូអភិវឌ្ឍន៍ រៀបចំកិច្ចព្រមព្រៀងជាមួយក្រសួងសុខាភិបាលជាមុនសិន មុននឹងចាប់ផ្តើមអនុវត្តគម្រោង ព្រមទាំងស្នើឱ្យមានលិខិតព្រមព្រៀង សហការជាមួយមន្ទីរសុខាភិបាលខេត្ត តាមរយៈមន្ត្រីជំនាញពាក់ព័ន្ធ ដើម្បីធានាឱ្យការអនុវត្តសកម្មភាពមានភាពស្របច្បាប់ សម្របសម្រួលបានល្អ និងឆ្លើយតបតាមតម្រូវការជាក់ស្តែងក្នុងមូលដ្ឋាន។
លោកប្រធានមន្ទីរសុខាភិបាលខេត្ត ក៏បានថ្លែងស្នើឱ្យដៃគូពិចារណាសហការជាមួយអង្គការអាដ្រា ដោយសារសកម្មភាពមួយចំនួន នៃគម្រោងមានលក្ខណៈប្រហាក់ប្រហែលគ្នា។ ការសហការរវាងដៃគូពាក់ព័ន្ធ នឹងអាចជួយជៀសវាងការស្ទួនសកម្មភាព និងបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ធនធាន ព្រមទាំងជំរុញឱ្យទទួលបានលទ្ធផលកាន់តែប្រសើរ។
ជាមួយគ្នានេះ លោកវេជ្ជបណ្ឌិត គួង ឡូ បានថ្លែងស្នើឱ្យគម្រោងផ្តោតការយកចិត្តទុកដាក់លើសិស្សវិទ្យាល័យផងដែរ ដោយការអនុវត្តសកម្មភាពគួរគ្របដណ្តប់ទាំងសិស្សអនុវិទ្យាល័យ និងសិស្សវិទ្យាល័យ ដើម្បីឱ្យយុវវ័យទទួលបានចំណេះដឹង និងព័ត៌មានត្រឹមត្រូវពាក់ព័ន្ធនឹងសុខភាពបន្តពូជ និងសុខភាពយុវវ័យ។
លោកវេជ្ជបណ្ឌិត បានថ្លែងលើកឡើងថា ការផ្តល់សេវាសុខភាពបន្តពូជ និងសុខភាពយុវវ័យ គឺជាបញ្ហាដែលមានភាពរសើប ហើយយុវវ័យមួយចំនួនអាចមានភាពស្ទាក់ស្ទើរ ឬមានការលំបាកក្នុងការមកទទួលសេវាដោយផ្ទាល់នៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ។
ដូច្នេះ លោក បានផ្តល់ជាគំនិតឱ្យដៃគូពិចារណារៀបចំ «បន្ទប់បណ្ណាល័យ» ឬកន្លែងផ្តល់ព័ត៌មានដែលស្ថិតនៅជាប់នឹងបន្ទប់ផ្តល់សេវាសុខភាពយុវវ័យ ដោយត្រូវធានាការរក្សាការសម្ងាត់ និងបង្កើតបរិយាកាសដែលយុវវ័យមានភាពងាយស្រួល ក្នុងការស្វែងរកព័ត៌មាននិងទទួលសេវា។
លើសពីនេះ លោកវេជ្ជបណ្ឌិត គួង ឡូ បានថ្លែងស្នើឱ្យដៃគូអនុវត្តគម្រោងផ្តោតលើការស្វែងរក «ឫសគល់នៃបញ្ហា» ឱ្យបានច្បាស់ជាពិសេសបញ្ហាអាពាហ៍ពិពាហ៍នៅវ័យក្មេង ការបោះបង់ការសិក្សា និងបញ្ហាពាក់ព័ន្ធផ្សេងៗ ដើម្បីឱ្យស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍អាចរួមគ្នាស្វែងរកដំណោះស្រាយប្រកបដោយប្រសិទ្ធភាព និងមាននិរន្តរភាព។
លោក បានថ្លែងគូសបញ្ជាក់ថា៖ «ការលើកកម្ពស់សុខភាពបន្តពូជ និងសុខភាពយុវវ័យ ព្រមទាំងការបង្ការទប់ស្កាត់អាពាហ៍ពិពាហ៍កុមារ មិនអាចសម្រេចបានដោយស្ថាប័ន ឬអង្គការណាមួយតែឯងនោះទេ ប៉ុន្តែត្រូវការកិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធ រួមមានវិស័យសុខាភិបាល អប់រំ អាជ្ញាធរមូលដ្ឋាន អង្គការដៃគូ និងសហគមន៍ ដើម្បីផ្តល់ចំណេះដឹង ការពារសិទ្ធិ និងបង្កើតឱកាសឱ្យយុវវ័យអាចទទួលបានសេវាសុខភាពប្រកបដោយសុវត្ថិភាព និងការរក្សាការសម្ងាត់»៕



