អគ្គនាយក CMAC: សន្និសីទអន្តរជាតិនៅឡាវ ចេញថ្លែងការណ៍ថ្កោលទោសការប្រើប្រាស់គ្រាប់បែកចង្កោម ខណៈថៃប្រើគ្រាប់បែកចង្កោមប្រមាណ ៦-៧ លានគ្រាប់មកលើបូរណភាពទឹកដីកម្ពុជា រំលោភច្បាប់មនុស្សធម៌អន្តរជាតិ
28-09-2026 20:55
(ភ្នំពេញ)៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) បានបញ្ជាក់យ៉ាងច្បាស់ថា សន្និសីទត្រួតពិនិត្យឡើងវិញលើកទី៣ នៃការអនុវត្តអនុសញ្ញាអន្តរជាតិ ស្តីពីការហាមឃាត់ប្រើប្រាស់គ្រាប់បែកចង្កោម ដែលបានប្រព្រឹត្តទៅនៅក្រុងវៀងចន្ទន៍ ប្រទេសឡាវ កាលពីពេលថ្មីៗនេះ បានចេញថ្លែងការណ៍ថ្កោលទោសចំពោះតួអង្គណាក៏ដោយ ការប្រើប្រាស់គ្រាប់បែកចង្កោមប្រភេទណា និងទម្រង់ប្រើប្រាស់បែបណាក៏ដោយ គឺត្រូវតែបញ្ឈប់ និងត្រូវតែគោរពតាមកាតព្វកិច្ចច្បាប់មនុស្សធម៌អន្តរជាតិ និងច្បាប់សិទ្ធិមនុស្ស។
លោកអគ្គនាយកបានសង្កត់ធ្ងន់ថា ការប្រើប្រាស់គ្រាប់បែកចង្កោមប្រភេទ M42, M46 និង M85 ប្រមាណ ៦-៧ លានគ្រាប់បែកចង្កោមរបស់ទាហានថៃមកលើបូរណភាពទឹកដីកម្ពុជា វាយប្រហារកងទ័ព/នគរបាលកម្ពុជា ជាពិសេសប៉ះពាល់គោលដៅស៊ីវិលដោយផ្ទាល់។
យោងតាមការស្រាវជ្រាវបានបង្ហាញថា មានភូមិចំនួន ៣៤៩ភូមិ (ស្រាវជ្រាវរួចរាល់ ៣៣៥ភូមិ) ផ្ទៃដីរងផលប៉ះពាល់ជិត ៣០ម៉ឺនហិកតា មានជាង ៩ម៉ឺនគ្រួសារ ស្មើនឹងប្រជាពលរដ្ឋប្រមាណជាង ៣៥ម៉ឺននាក់។
ផលប៉ះពាល់ធ្ងន់ធ្ងរទាំងនេះក៏បានរងផលប៉ះពាល់ដល់សាលារៀន មន្ទីរពេទ្យ មណ្ឌលសុខភាព វត្តអារាម ដីស្រែចម្ការ ផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធរូបវន្តស៊ីវិលទូទៅផងដែរ។
លោក ហេង រតនា បានបញ្ជាក់យ៉ាងច្បាស់ថា ទង្វើទាំងនេះគឺជាការប្រឆាំង និងរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិ និងច្បាប់សិទ្ធិមនុស្សយ៉ាងពិតប្រាកដ៕















