កម្ពុជាត្រៀមធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit Cambodia 2026 ជាលើកដំបូង
28-09-2026 20:08
(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា (NBC) សហការជាមួយស្ថាប័នបណ្ដាញបច្ចេកវិទ្យា និងហិរញ្ញវត្ថុសកល (GFTN) នឹងរៀបចំវេទិកាលំដាប់អន្តរជាតិ Black Swan Summit Cambodia 2026 នៅកម្ពុជាជាលើកដំបូង នាថ្ងៃទី១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។
ព្រឹត្តិការណ៍ដ៏សំខាន់នេះ នឹងប្រព្រឹត្តទៅស្របពេលជាមួយនឹងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។
វេទិកា Black Swan Summit Cambodia 2026 នេះក៏មានការសហការគាំទ្រពីសមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យានៃកម្ពុជា (CAFT) ផងដែរ។ ព្រឹត្តិការណ៍នេះនឹងផ្តល់វេទិកាសម្រាប់កិច្ចពិភាក្សាកម្រិតខ្ពស់ ការធ្វើបទបង្ហាញ និងកិច្ចពិភាក្សាតុមូល សំដៅស្វែងយល់ពីការប្រើប្រាស់បច្ចេកវិទ្យាក្នុងការពង្រឹងទំនាក់ទំនងផ្នែកហិរញ្ញវត្ថុ និងសេដ្ឋកិច្ចរវាងបណ្តាប្រទេសក្នុងតំបន់អាស៊ាន និងបណ្តាប្រទេសប្រើប្រាស់ភាសាបារាំង។
ការរៀបចំវេទិកានេះបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការជំរុញវិស័យហិរញ្ញវត្ថុ និងបច្ចេកវិទ្យា ក៏ដូចជាការពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ។ តាមរយៈវេទិកានេះ កម្ពុជារំពឹងថានឹងទទួលបាននូវបទពិសោធន៍ថ្មីៗ និងចំណេះដឹងស៊ីជម្រៅពីអ្នកជំនាញអន្តរជាតិ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព និងបរិយាបន្ន។
ព្រឹត្តិការណ៍នេះនឹងក្លាយជាឱកាសដ៏ល្អមួយសម្រាប់កម្ពុជាក្នុងការបង្ហាញពីសក្តានុពលរបស់ខ្លួនក្នុងនាមជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ និងបច្ចេកវិទ្យាក្នុងតំបន់៕

