រដ្ឋបាលខេត្តក្រចេះ និងខេត្តមណ្ឌលគិរី ឈានដល់ការចុះហត្ថលេខាលើសំណើកែសម្រួលព្រំប្រទល់ ដើម្បីកំណត់ដែនសមត្ថកិច្ចឱ្យមានភាពច្បាស់លាស់
28-09-2026 19:45
(ក្រចេះ)៖ រដ្ឋបាលខេត្តក្រចេះ និងរដ្ឋបាលខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ បានឈានដល់ការចុះហត្ថលេខាលើសំណើកែសម្រួលព្រំប្រទល់រដ្ឋបាល ដើម្បីកំណត់ដែនសមត្ថកិច្ចឱ្យមានភាពច្បាស់លាស់។
ពិធីនេះ រៀបចំឡើងក្រោមអធិបតីភាព លោក វ៉ា ថន អភិបាលខេត្តក្រចេះ លោក គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី និងលោក សាន ចំរើន អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងមានការចូលរួមពី លោកអភិបាលរងខេត្ត លោក លោកស្រី អភិបាលក្រុង-ស្រុក ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ នាយករដ្ឋបាលខេត្ត នាយកទីចាត់ការ និងមន្ត្រីចំណុះរដ្ឋបាលខេត្ត នៅសាលប្រជុំកាំពីសាលាខេត្តក្រចេះ។
បន្ទាប់ពីទទួលបានគោលការណ៍ និងការណែនាំពីក្រសួងមហាផ្ទៃ រដ្ឋបាលខេត្តទាំងពីរ បានចាត់តាំងក្រុមការងារជំនាញ ដើម្បីបន្តសហការពិភាក្សា ពិនិត្យផ្ទៀងផ្ទាត់ និងសម្របសម្រួលលើទីតាំងព្រំប្រទល់ដែលពាក់ព័ន្ធ ដោយផ្តោតជាសំខាន់លើផលប្រយោជន៍របស់ប្រជាពលរដ្ឋ និងការធានាឱ្យការគ្រប់គ្រងរដ្ឋបាលនៅ មូលដ្ឋានមានភាពច្បាស់លាស់ និងប្រសិទ្ធភាព។
ការឯកភាពគ្នានាពេលនេះ គឺជាការបង្ហាញពីឆន្ទៈរួមរបស់រដ្ឋបាលខេត្តទាំងពីរ ក្នុងការធានាឱ្យការគ្រប់គ្រងដែនដី និងរដ្ឋបាលមូលដ្ឋានមានភាពច្បាស់លាស់ ។ ជាពិសេសនឹងជួយសម្រួលដល់ការអនុវត្តការងាររបស់អាជ្ញាធរមូលដ្ឋាន ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ការរៀបចំផែនការអភិវឌ្ឍ ការងារសន្តិសុខ សណ្តាប់ធ្នាប់ និងការគ្រប់គ្រងដីធ្លីឱ្យកាន់តែមាន ប្រសិទ្ធភាព ព្រមទាំងជាមូលដ្ឋានសម្រាប់ការរៀបចំបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ នាពេលខាងមុខ និងការគ្រប់គ្រប់រដ្ឋបាលឃុំ សង្កាត់ មានភាពច្បាស់លាស់ និងត្រឹមត្រូវតាមច្បាប់ ។
ការងារកំណត់ព្រំប្រទល់រដ្ឋបាល មិនត្រឹមតែជាការងារបច្ចេកទេស ដែលត្រូវការផែនទី និងលេខនិយាមការប៉ុណ្ណោះទេ ប៉ុន្តែជាការងារដែលទាមទារឱ្យមានការយោគយល់ ការសហការ និងការទទួលខុសត្រូវរួមពីគ្រប់ភាគីពាក់ព័ន្ធ។
លទ្ធផលនេះ នឹងក្លាយជាមូលដ្ឋានដ៏សំខាន់សម្រាប់ធានាឱ្យការគ្រប់គ្រងរដ្ឋបាល សេវាសាធារណៈ ការរៀបចំផែនការអភិវឌ្ឍ ការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការងារចុះបញ្ជីដីធ្លី ប្រព្រឹត្តទៅដោយភាពច្បាស់លាស់ និងប្រសិទ្ធភាព ៕





























