វិស័យវិស្វកម្ម និងបច្ចេកវិទ្យាម្ហូបអាហារ ត្រូវបានតភ្ជាប់គ្នាដើម្បីសុវត្ថិភាពសង្គម
28-09-2026 19:43
(ភ្នំពេញ)៖ នៅក្នុងពិធីប្រកាសបើកការតាំងពិព័រណ៍អន្តរជាតិ CamBUILD ឆ្នាំ២០២៦ ដែលបានរៀបចំឡើងកាលពីរសៀលថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០២៦នេះ លោកបណ្ឌិត សុខុម ភគវន្តមុនី រដ្ឋលេខា ធិការក្រសួងសា ធារណការ និងដឹកជញ្ជូន បានប្រកាសដល់ក្រុមវិស្វករទាំងអស់នៅកម្ពុជា ត្រូវយកចិត្តទុកដាក់លើការងារនៅក្នុងអាណត្តិថ្មី និងទស្សនៈវិស័យនាពេលអនាគត ដោយជំរុញឱ្យមានការអនុវត្តនូវវិស័យសំខាន់ៗចំនួន៣ដែលត្រូវដាក់រួម បញ្ចូលគ្នា។
បើតាមលោករដ្ឋលេខាធិការបានបញ្ជាក់ថា សម្រាប់ការងារក្នុងវិស័យវិស្វកម្មត្រូវបានកំណត់ ឱ្យយកចិត្តទុកដាក់ និងផ្ដល់សារៈសំខាន់យ៉ាងខ្លាំងទៅលើចំណុចស្នូលថ្មីៗបន្ថែមទៀត ក្រៅពីការសាងសង់អគារ សម្ភារៈ និងវិស័យយានយន្តអគ្គិសនី។
លោកបណ្ឌិតមានប្រសាសន៍ថា៖ «ខ្ញុំសូមលើកឡើងនូវវិស័យបន្ថែមថ្មីមួយទៀត ដែលប្រហែលជាមិនធ្លាប់ត្រូវបានភ្ជាប់ជាមួយវិស្វកម្មនោះទេ គឺបច្ចេកវិទ្យាម្ហូបអាហារ។ បច្ចេកវិទ្យាអាហារគឺជាវិស័យដ៏សំខាន់មួយដែលតម្រូវឱ្យមានការអនុវត្តជាមួយនឹងវិស្វកម្ម និងបច្ចេកវិទ្យាដែរ តាមរយៈការផលិត ការកែច្នៃ ការថែរក្សា ការវេចខ្ចប់ ការផ្ទុក ការដឹកជញ្ជូន និងការគ្រប់គ្រងគុណភាពម្ហូបអាហារជាដើម»។
លោកបន្ថែមថា វាមានសារៈសំខាន់ណាស់ ដែលត្រូវឱ្យមានការផ្សព្វផ្សាយពីវិស័យម្ហូបអាហារ ព្រោះវាទាក់ទងដោយផ្ទាល់ទៅនឹងសុខភាពសាធារណៈ សុវត្ថិភាពចំណីអាហារ ការការពារអ្នកប្រើប្រាស់ សន្តិសុខស្បៀង និងការកាត់បន្ថយកាកសំណល់ម្ហូបអាហារ។
លោកថា៖«គោលការណ៍ដ៏មានសារៈសំខាន់បំផុតក្នុងអាណត្តិថ្មីនេះ គឺការជំរុញ និងទាញយកចំណាប់អារម្មណ៍របស់វិស្វករខ្មែរគ្រប់រូប ឱ្យងាកមកចាប់អារម្មណ៍ និងយកចិត្តទុកដាក់ខ្ពស់ទៅលើ វិស័យម្ហូបអាហារដែរ។ ដោយនេះជាហេតុផលចម្បង ព្រោះតែម្ហូបអាហារគឺជាអ្វីដែលត្រូវដាក់ចូលក្នុងរាងកាយមនុស្សដោយផ្ទាល់ ដែលវាទាក់ទងយ៉ាងជិតស្និទ្ធបំផុតទៅនឹងសុខភាព និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋយើងទាំងអស់គ្នា»។
ទន្ទឹមគ្នានេះ ការរៀបចំប្រារព្ធពិធីតាំងពិព័រណ៍យ៉ាងជោគជ័យក្នុងថ្ងៃនេះ គឺត្រូវបានសម្គាល់ឱ្យឃើញពីគុ ណតម្លៃនៃវិស័យវិស្វកម្ម ដែលមិនត្រឹមតែបម្រើឱ្យការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ អគារ យានយន្ត និងថាមពលប៉ុណ្ណោះទេ ប៉ុន្តែវិស្វករទាំងអស់ក៏ត្រូវមកយកចិត្តទុកដាក់ឱ្យបានខ្លាំងក្លាចំពោះ «វិស័យបច្ចេកវិទ្យាម្ហូបអាហារ និងវិទ្យាសាស្ត្រម្ហូបអាហារ» ផងដែរ។ ហើយតាមរយៈការតាំងពិព័រណ៍នេះដែរ គេរំពឹងថាអ្នកជំនាញ និងវិស្វករកម្ពុជាអាចនឹងទាញយកគំនិតថ្មីៗ ដើម្បីពង្រីកវិសាលភាពការងាររបស់ខ្លួនឱ្យកាន់ តែទូលំទូលាយ។
លោកបណ្ឌិតបានគូសបញ្ជាក់ថា វិស្វករ និងបច្ចេកវិទ្យាម្ហូបអាហារ ក៏ត្រូវសិក្សាពីឥរិយាបទនៃសមាសធាតុ
ផ្សេងៗនៃអាហារក្នុងអំឡុងពេលកែច្នៃ និងការផ្ទុក ដើម្បីធានាថាផលិតផលម្ហូបអាហារទាំងអស់នៅតែរក្សាបាននូវសុវត្ថិភាព មានជីវជាតិ និងអាចទទួលយកបានពីអ្នកប្រើប្រាស់។ ដូច្នេះការជំរុញឱ្យវិស្វករយកចិត្តទុកដាក់លើវិស័យម្ហូបអាហារនេះ គឺជាការបង្ហាញឱ្យឃើញថា វិស្វកម្មគឺជាការលើកកម្ពស់គុណភាព សុវត្ថិភាព ប្រសិទ្ធភាព និងនិរន្តរភាពនៃជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋគ្រប់គ្នា។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោក Gerard Leeuwenburgh អគ្គនាយករងប្រចាំប្រទេសនៃក្រុមហ៊ុន Informa Markets ម៉ាឡេស៊ី និងកម្ពុជា បានមានប្រសាសន៍ថា ពិព័រណ៍ CAMBUILD ២០២៦ បាននាំមកនូវការប្រមូលផ្តុំឧស្សាហកម្មរួម ក្នុងពេលវេលាដ៏សំខាន់មួយ សម្រាប់ការអភិវឌ្ឍន៍ជាបន្តបន្ទាប់របស់កម្ពុជា ហើយវាជាវេទិកាមួយដែលនាំនវានុវត្តន៍ជាសកល មកភ្ជាប់ទំនាក់ទំនងជាមួយតម្រូវការនៅក្នុងស្រុក ដើម្បីបង្កើតឱកាសសម្រាប់សហគ្រាស និងអ្នកជំនាញវិជ្ជាជីវៈក្នុងការស្វែងរកបច្ចេកវិទ្យាថ្មី ការផ្លាស់ប្តូរចំណេះដឹង និងកសាងភាពជាដៃគូយុទ្ធសាស្ត្រ។
សូមបញ្ជាក់ថា សម្រាប់សសរស្តម្ភក្នុងវិស័យសំខាន់ៗចំនួន៣ ដែលកម្ពុជាត្រូវបន្តអភិវឌ្ឍនោះរួមមាន៖ទីមួយ CamBUILD នាំមកនូវបច្ចេកវិទ្យាសំណង់ សម្ភារៈសំណង់ គ្រឿងចក្រ ឧបករណ៍ និងដំណោះស្រាយដែលគាំទ្រដល់ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងអគារទំនើបៗ។
ទីពីរ CamAuto តំណាងឱ្យបច្ចេកវិទ្យាយានយន្ត ឧបករណ៍ គ្រឿងបន្លាស់ និងនវានុវត្តន៍ដែលទាក់ទងនឹងការដឹកជញ្ជូន ការផលិត ការថែទាំ និងភាពងាយស្រួលក្នុងការធ្វើដំណើរ។
ទីបី CamEnergy ផ្តោតលើបច្ចេកវិទ្យានិងដំណោះស្រាយដែលទាក់ទងនឹងអគ្គិសនី ប្រសិទ្ធភាពថាមពល ថាមពលកកើតឡើងវិញ ប្រព័ន្ធថាមពល និងការអភិវឌ្ឍថាមពលប្រកបដោយចីរភាព។
យ៉ាងណាក៏ដោយសម្រាប់ការតាំងពិព័រណ៍នៅឆ្នាំក្រោយៗទៀត គម្រោងនេះនឹងផ្ដោតការយកចិត្តទុកដាក់យ៉ាងសំខាន់ទៅលើការរៀបចំវេចខ្ទប់ម្ហូបអាហារ ដើម្បីធានាថាវិស្វកររបស់កម្ពុជា អាចចូលរួមចំណែកនូវការងារនេះបានយ៉ាងសកម្ម សម្រាប់ការអភិវឌ្ឍសង្គមប្រកបដោយសុវត្ថិភាព និងចីរភាព៕


































