ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយអនុរដ្ឋមន្ដ្រីក្រសួងការបរទេសវៀតណាម, នាយករដ្ឋមន្ដ្រីថ្មីរបស់វៀតណាម នឹងមកទស្សនកិច្ចនៅកម្ពុជា
28-09-2026 19:01
(ភ្នំពេញ)៖ លោកសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦នេះ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក ង្វៀន ម៉ាញ គឿង អនុរដ្ឋមន្ដ្រីក្រសួងការបរទេសវៀតណាម។
ជាកិច្ចចាប់ផ្ដើមលោក ង្វៀន ម៉ាញ គឿង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី ដែលបានអនុញ្ញាតឲ្យរូបលោក និងសហការី បានចូលជួបសម្តែងការគួរសម ព្រមទាំងបានសម្តែងនូវក្តីសោមនស្សរីករាយជាខ្លាំង ដែលបានជួបពិភាក្សាការងារជាមួយឧបនាយករដ្ឋមន្ត្រី សារជាថ្មីម្តងទៀត ក្នុងអំឡុងពេលលោកមកបំពេញបេសកកម្ម សម្របសម្រួលដំណើរទស្សនកិច្ចរបស់លោក ឡេ មិញ ហ៊ឹង (Le Minh Hung) នាយករដ្ឋមន្ត្រីវៀតណាម ដែលនឹងអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជាពីថ្ងៃទី៩-១០ ខែតុលា ឆ្នាំ២០២៦ ខាងមុខនេះ។
លោកបានអះអាងថា នេះជាដំណើរទស្សនកិច្ចលើកដំបូងនៅក្រៅប្រទេសរបស់លោកនាយករដ្ឋមន្ដ្រី ឡេ មិញ ហ៊ឹង ដែលនេះបង្ហាញពីការចាត់ទុក និងការផ្តល់សារៈសំខាន់ចំពោះទំនាក់ទំនងរវាងវៀតណាម និងកម្ពុជា។ ដំណើរទស្សនកិច្ចលើកនេះរបស់នាយករដ្ឋមន្ត្រីវៀតណាម គឺដើម្បីជំរុញ និងអនុវត្តកិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការកម្រិតកំពូលរវាងបក្សទាំងពីរ និងរដ្ឋទាំងពីរផងដែរ។
បើតាមលោក លោក ង្វៀន ម៉ាញ គឿង, នៅក្នុងដំណើរទស្សនកិច្ចនេះ ក៏នឹងមានការពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំកំពូល គឺសម្តេចតេជោ ហ៊ុន សែន អំពីការដាក់ចេញនូវទិសដៅដើម្បីបន្តពង្រឹង និងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរផងដែរ។ លោកថា កន្លងមកភាគីទាំងពីរបានពិភាក្សាផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមកលើខ្លឹមសារ នៃដំណើរទស្សនកិច្ចនេះរួចហើយ។ ភាគីវៀតណាម ស្នើលោកសន្ដិបណ្ឌិត ជួយគាំទ្រ និងណែនាំបន្តទៀតដើម្បីឲ្យការរៀបចំដំណើរទស្សនកិច្ចនេះបានរលូន។
ជាការឆ្លើយតប លោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា នេះជាលើកទី២ ដែលលោកអនុរដ្ឋមន្ត្រីបានអញ្ជើញមកជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយគ្នា ហើយលើកនេះគឺដើម្បីរៀបចំដំណើរទស្សនកិច្ចរបស់ នាយករដ្ឋមន្ត្រីវៀតណាម មកបំពេញទស្សនកិច្ចផ្លូវការ ក្រោយពេលដែលលោក ឡេ មិញ ហ៊ឹង ត្រូវបានសភាបោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្ត្រីថ្មី។
លោកសន្ដិបណ្ឌិត ឧបនាយករដ្ឋមន្ដ្រី បានថ្លែងអំណរគុណដល់បក្ស និងរដ្ឋាភិបាលវៀតណាម ដែលបានជ្រើសរើសយកប្រទេសកម្ពុជា ដើម្បីជូននាយករដ្ឋមន្ត្រី មកបំពេញទស្សនកិច្ចផ្លូវការ។ វត្តមានរបស់នាយករដ្ឋមន្ត្រីវៀតណាម មកកាន់ទីនេះគឺបានបង្ហាញយ៉ាងច្បាស់អំពីការពង្រឹងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការយូរអង្វែងរវាងកម្ពុជា និងវៀតណាម។
លោកអះអាងថា ខ្លួនលោកផ្ទាល់នឹងត្រៀមជានិច្ច ដើម្បីអន្តរាគមន៍ និងសម្របសម្រួលគ្រប់ពេលវេលា នៅពេលដែលមានការចាំបាច់ ដើម្បីធ្វើយ៉ាងណាឲ្យដំណើរទស្សនកិច្ចរបស់ នាយករដ្ឋមន្ត្រីវៀតណាម មកកាន់កម្ពុជាលើកនេះ ប្រកបដោយជោគជ័យ និងទទួលបានលទ្ធផលផ្លែផ្កាសម្រាប់ប្រទេសទាំងពីរ។
ក្នុងជំនួបសម្ដែងការគួរសមនោះ លោកអនុរដ្ឋមន្ដ្រី ក៏បានជម្រាបជូនលោកសន្ដិបណ្ឌិត ឧបនាយករដ្ឋមន្ដ្រីថា, លោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម និងជាប្រធានរដ្ឋវៀតណាម ក៏នឹងអញ្ជើញមកប្រទេសកម្ពុជាផងដែរ ដើម្បីចូលរួមដោយផ្ទាល់ក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាពេលខាងមុខ។ ក្នុងនោះ លោក តូ ឡឹម ក៏មានបំណងចង់ជួប និងចូលក្រាបបង្គំគាល់ព្រះមហាក្សត្រ ក៏ដូចជាជួបពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ផងដែរ។
ជាមួយគ្នានេះ លោកសន្ដិបណ្ឌិត នេត សាវឿន និងលោកអនុរដ្ឋមន្ដ្រីក្រសួងការបរទេសវៀតណាម ក៏បានលើកឡើងរំលឹកអំពីទំនាក់ទំនងយ៉ាងស្អិតរមួតរវាងកម្ពុជា-វៀតណាម ខណៈប្រទេសទាំងពីរ មានកិច្ចសហការល្អទាំងវិស័យការពារជាតិ សន្តិសុខជាតិ និងវិស័យសេដ្ឋកិច្ចសង្គម។ លោកសន្ដិបណ្ឌិត នេត សាវឿន ចាត់ទុកថា សេដ្ឋកិច្ចកម្ពុជា-វៀតណាម គឺបំពេញ និងផ្តល់ផលឲ្យគ្នាទៅវិញទៅមក។
ចុងក្រោយភាគីទាំងពីរ ក៏បានលើកឡើងអំពីគម្រោងនៃការរៀបចំពិធីអបអរសាទរខួបរំលឹកអនុស្សាវរីយ៍លើកទី៦០ នៃទំនាក់ទំនងរវាងកម្ពុជា-វៀតណាម នាពេលខាងមុខផងដែរ៕














