សភាសម្ព័ន្ធសហជីពជាតិកម្ពុជា៖ ភាគីសហជីពគាំទ្រតួលេខប្រាក់ឈ្នួល ២២៥ដុល្លារ ខណៈភាគីនិយោជករក្សាតួលេខ ២១០ដុល្លារ (Video inside)
28-09-2026 16:40
(ភ្នំពេញ)៖ លោក គឹម ចាន់សំណាង ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) បានឱ្យដឹងថា ភាគីសហជីពបានពិភាក្សា និងពិនិត្យយ៉ាងលម្អិតលើលក្ខខណ្ឌ និងលក្ខណៈវិនិច្ឆ័យពាក់ព័ន្ធនឹងការកំណត់ប្រាក់ឈ្នួលអប្បបរមា មុននឹងសម្រេចជ្រើសរើសតួលេខមួយសម្រាប់ដាក់ក្នុងយន្តការចរចាត្រីភាគី។
ការលើកឡើងបែបនេះរបស់ លោក គឹម ចាន់សំណាង បានធ្វើឡើងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា អាណត្តិទី៤ ឆ្នាំទី២ ដើម្បីបន្តជជែកពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៧ នាព្រឹកទី២៨ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួង។
លោក គឹម ចាន់សំណាង បានបញ្ជាក់ថា តាមរយៈការប្រជុំផ្ទៃក្នុង និងការពិនិត្យលើលក្ខណៈវិនិច្ឆ័យនានា ភាគីសហជីព បានប្រើប្រាស់យន្តការកំណត់ប្រាក់ឈ្នួលអប្បបរមាតាមច្បាប់ ដើម្បីជាមូលដ្ឋានក្នុងការសម្រេចចិត្ត។ ជាលទ្ធផល ភាគីសហជីពបានបោះឆ្នោត និងទទួលបានតួលេខ ២២៥ដុល្លារអាម៉េរិក ជាតួលេខដែលភាគច្រើនអាចទទួលយកបាន។ ការកំណត់ប្រាក់ឈ្នួលត្រូវគិតគូរទាំងពីរផ្នែក គឺការលើកកម្ពស់ជីវភាព និងលក្ខខណ្ឌការងាររបស់កម្មករនិយោជិត ព្រមទាំងការរក្សាស្ថិរភាពការងារ និងភាពប្រកួតប្រជែងរបស់ វិស័យផលិតកម្មនៅកម្ពុជា។
លោក គឹម ចាន់សំណាង បន្តថា ការពិចារណាលើប្រាក់ឈ្នួលក៏ត្រូវគិតគូរពីស្ថានភាពជាក់ស្តែងក្នុងតំបន់ និងប្រទេសដែលមានប្រាក់ឈ្នួលប្រហាក់ប្រហែល ឬទាបជាងកម្ពុជា ដើម្បីជៀសវាងការសម្រេចចិត្តណាមួយដែលអាចប៉ះពាល់ដល់ស្ថិរភាពការងារ ឬបង្កហានិភ័យដល់ការងាររបស់កម្មករនិយោជិត។
លោកបានបញ្ជាក់ថា សម្រាប់លទ្ធផលនៃការពិភាក្សាបច្ចុប្បន្ន ភាគីកម្មករនិយោជិតនៅតែរក្សាតួលេខ ២២៥ដុល្លារ ខណៈភាគីនិយោជករក្សាតួលេខ ២១០ដុល្លារ។
យ៉ាងណាក៏ដោយ លោកបានឱ្យដឹងថា ប្រសិនបើភាគីទាំងពីរមិនអាចឯកភាពលើតួលេខតែមួយបានទេ យន្តការត្រីភាគីនឹងបន្តទៅដល់ការជ្រើសរើស ឬបោះឆ្នោតនៅថ្ងៃទី៣០ ដើម្បីសម្រេចតួលេខតាមគោលការណ៍មតិភាគច្រើន។ លោកបានសង្កត់ធ្ងន់ថា ភាគីសហជីពនឹងគោរពលទ្ធផល ដែលកើតចេញពីយន្តការត្រីភាគី និងការបោះឆ្នោត ព្រមទាំងចូលរួមជាមួយរដ្ឋាភិបាល និងភាគីនិយោជក ដើម្បីពន្យល់ដល់កម្មករនិយោជិតឱ្យយល់ពីលទ្ធផល និងបន្តខិតខំបំពេញការងារ៕
សូមទស្សនាវីដេអូទាំងស្រុងដូចតទៅ៖

