FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ស្ពានចម្លងក្តីសង្ឃឹម! រដ្ឋបាលខេត្តពោធិ៍សាត់ និងសមាគមរ៉ូតារីសិង្ហបុរី-ពោធិ៍សាត់ ចែកកង់ អង្ករ និងសម្ភារសិក្សា ជូនសិស្សក្រីក្រ ១០០នាក់

28-09-2026 16:40

(ពោធិ៍សាត់)៖ នារសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ លោកស្រី ប៉ុក ណាឌី អភិបាលរងខេត្ត តំណាងលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់-ទទួល និងចែកអំណោយជា កង់ អង្ករ និងសម្ភារសិក្សា ជូនដល់សិស្សានុសិស្សក្រីក្រ ចំនួន១០០នាក់ មកពីអនុវិទ្យាល័យចំនួន៤ ក្នុងខេត្ត ដែលរៀបចំឡើងដោយសមាគមរ៉ូតារីពោធិ៍សាត់ សហការជាមួយសមាគមរ៉ូតារីសេនតូសា (ប្រទេសសិង្ហបុរី) នៅសាលប្រជុំទេពឧកញ៉ា ឃ្លាំង មឿង សាលាខេត្ត។

លោកស្រី ប៉ុក ណាឌី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសមាគមរ៉ូតារីទាំងពីរ ដែលបានរួមចំណែកយ៉ាងសំខាន់ជាមួយរដ្ឋបាលខេត្ត ក្នុងការអភិវឌ្ឍធនធានមនុស្ស។ កន្លងមករ៉ូតារីសេនតូសា បានផ្តល់ជំនួយកង់សរុបដល់ទៅ ២,៨៣០គ្រឿង ជូនសិស្សខេត្តពោធិ៍សាត់ ចាប់តាំងពីឆ្នាំ២០១៣មក និងកំពុងបន្តគម្រោងសាងសង់បង្គន់អនាម័យចំនួន១១៩ខ្នង ក្នុងទឹកប្រាក់៣៦,០០០ដុល្លារអាមេរិក។

លោកស្រីបន្តថា ពិតណាស់កង់ជួយកាត់បន្ថយពេលវេលាធ្វើដំណើរ និងទប់ស្កាត់ការបោះបង់ការសិក្សា, អង្ករ (៧ គីឡូក្រាម) ជួយសម្រាលបន្ទុកគ្រួសារ, និងសម្ភារសិក្សា ជាឧបករណ៍បំពេញបន្ថែម ដល់ការប្រឡងប្រណាំងយកចំណេះដឹង។

លោកស្រីអភិបាលរងខេត្ត បានផ្តាំផ្ញើដល់ក្មួយៗសិស្សានុសិស្សទាំង ១០០នាក់ ឱ្យខិតខំរៀនសូត្រឱ្យអស់ពីលទ្ធភាព និងយកចិត្តទុកដាក់ស្តាប់លោកគ្រូអ្នកគ្រូ។ មកសាលារៀនឱ្យបានទៀងទាត់ ឈប់មានលេសថាផ្ទះឆ្ងាយ និងហាមបោះបង់ការសិក្សាជាដាច់ខាត។ ត្រូវយល់ពីតម្លៃនៃចំណេះដឹង ព្រោះជាទ្រព្យមិនអាចលួចបាន សម្រាប់កែប្រែអនាគត។ រៀនដើម្បីអភិវឌ្ឍប្រទេសជាតិ ក្លាយជាទំពាំងស្នងឫស្សីដ៏ឆ្នើមសម្រាប់សង្គម។ ត្រូវថែរក្សាកង់ឱ្យបានល្អ និងគោរពច្បាប់ចរាចរណ៍ ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន។

គួរជម្រាបជូនថា សាលាគោលដៅដែលត្រូវទទួលបានអំណោយ រួមមាន៖
ទី១-អនុវិទ្យាល័យពោធិ៍សាត់៖ ៥០នាក់
ទី២-អនុវិទ្យាល័យ សម្តេចឪ សម្តេចម៉ែ ភ្នំក្រវាញ៖ ៣០នាក់
ទី៣-អនុវិទ្យាល័យ ទៀ ចំរ៉ាត់៖ ១០នាក់
និងទី៤-អនុវិទ្យាល័យ កែវ សុវណ្ណ៖ ១០នាក់៕